(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជម្រាបដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារថា ដើម្បីអាចប្រើប្រាស់ហត្ថពលកម្មបរទេស សម្រាប់ឆ្នាំ២០២៥ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស (The Foreign Workers Centralized Management System — FWCMS) តាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh។
តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងបានឱ្យដឹងថា ចំពោះសហគ្រាស គ្រឹះស្ថាន ដែលបើកដំណើរការក្រោយកាលបរិច្ឆេទនេះ ហើយមានតម្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសអាចស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសភ្លាមៗ បន្ទាប់ពីសហគ្រាស គ្រឹះស្ថាននោះមានដំណើរការ។
ជាមួយគ្នានេះដែរ ក្រសួងការងារ បានបញ្ជាក់ថា ក្នុងករណីមិនបានស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសតាមកាលបរិច្ឆេទកំណត់ខាងលើម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ហត្ថពលកម្មបរទេស ត្រូវទទួលរងការផាកពិន័យភ្លាមៗ ពីអធិការការងារ។ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ហត្ថពលកម្មបរទេសដោយគ្មានលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស ត្រូវចាត់ទុកថាល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដែលត្រូវផ្ដន្ទាទោសតាមជំពូកទី១៦ នៃច្បាប់ស្តីពីការងារ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់នឹងអនុវត្តឱ្យបានត្រឹមត្រូវតាមសេចក្ដីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕