(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា មានប្រជាពលរដ្ឋកម្ពុជាច្រើនឡើងមកពីគ្រប់មជ្ឈដ្ឋានបានបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយបានបំពេញព័ត៌មានរបស់ខ្លួនងាយៗ ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តស្ថិតនៅតាមបណ្តោយក្រវាត់ព្រំដែន ប៉ែកឦសាន នៃប្រទេសកម្ពុជា។ មកទល់ពេលនេះ មានអ្នកចុះឈ្មោះសរុបចំនួនជាង ២ពាន់នាក់ហើយ ដោយរាប់គិតចាប់តាំងពីការបើកការចុះឈ្មោះដំបូងមក។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា៖ «សម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ក្រុមអ្នករៀបចំបានកំណត់រួចហើយនូវចំនួនអ្នកត្រូវទៅចូលរួមទាំង២០០នាក់ សម្រាប់ទស្សនកិច្ចលើក/ជើងទី២ ក្នុងក្របខណ្ឌនៃការរៀបចំដំណើរទស្សនកិច្ចពលរដ្ឋរយៈពេល១ថ្ងៃ ក្នុងតម្រាយផ្លូវចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី រួចវិលត្រលប់មករាជធានីភ្នំពេញវិញនៅថ្ងៃដដែល។ បញ្ជីឈ្មោះប្រជាពលរដ្ឋទាំង២០០នាក់ ដែលត្រូវធ្វើទស្សនកិច្ចនៅថ្ងៃទី១៤ ខែកញ្ញាខាងមុខនេះ នឹងត្រូវក្រុមអ្នករៀបចំផ្សព្វផ្សាយនាពេលឆាប់ៗ ដើម្បីផ្តល់ព័ត៌មាន និងសម្របសម្រួលការត្រៀមរៀបចំខ្លួនសម្រាប់ដំណើរទស្សនកិច្ចនេះ»។
ដោយឡែកការចុះឈ្មោះសម្រាប់កម្មវិធីទស្សនកិច្ចថ្ងៃទី២១ និងទី២៨ ខែកញ្ញា ក៏បានប្រព្រឹត្តទៅយ៉ាងរលូន និងជាហូរហែ ដោយមានប្រជាពលរដ្ឋបានចុះឈ្មោះចំនួនជាង៨០០នាក់ហើយ សម្រាប់ថ្ងៃទាំងពីរនេះ។
លោកបានបន្ថែមថា សន្ទុះនៃការចុះឈ្មោះចូលរួមដ៏ច្រើនកុះករបន្ថែមទៀតនាពេលនេះ គឺដោយសារមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសកម្មភាពនានានៃទស្សនកិច្ចលើកទី១ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ក្រោយពួកគេទទួលបាននូវបទពិសោធន៍ដ៏ល្អពីដំណើរទស្សនកិច្ចប្រភេទនេះ។ ចំណុចដែលពិសេសនោះគឺការបង្ហាញនូវសក្ខីកម្មរបស់ប្រជាពលរដ្ឋដោយប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ស្តីពីភាពពិត និងស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន ការការពារអធិតេយ្យភាពជាតិនិងបូរណភាពទឹកដីដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពីភាពរីកចម្រើនជាក់ស្តែងយ៉ាងច្រើនខាងផ្នែកសង្គម-សេដ្ឋកិច្ច ទាំងការអភិវឌ្ឍផ្នែកជីវភាពរស់នៅនិងសុខសុវត្ថិភាពក្នុងសហគមន៍មូលដ្ឋាន និងការរីកចម្រើនខាងវិស័យហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងតំបន់ក្រវាត់ព្រំដែន ក៏ដូចជាក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ផងដែរ។
លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។ ដំណើរទស្សនកិច្ចនេះក៏បានបង្កើតនូវរូបភាពវិជ្ជមានមួយបន្ថែមទៀតសម្រាប់ជាតិកម្ពុជាទាំងមូល និងដើម្បីបង្ហាញដល់សកលលោកឱ្យបានដឹងថាកម្ពុជាមានសាមគ្គីភាពរឹងមាំជាធ្លុងមួយក្នុងភាពជាម្ចាស់ប្រទេស ដោយមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រ សោះឡើយ ហើយប្រជាជនកម្ពុជានឹងបន្តរួមកម្លាំងសាមគ្គីគ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពអភិវឌ្ឍនានា ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ និងបំផ្លាញចោលរាល់ការបំភ្លៃការពិតពីសំណាក់ក្រុមជ្រុលនិយមក្រៅច្បាប់មួយក្តាប់តូច ដើម្បីរួមចំណែកថែរក្សាស្ថិរភាពក្នុងសង្គម និងចូលរួមក្នុងសកម្មភាពដើម្បីកំណើនសេដ្ឋកិច្ច។
សូមរំលឹកជូនផងដែរថា ទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការចំណាយគឺជាការឧបត្ថម្ភដោយសម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ។ ថវិកានេះជាថវិកាផ្ទាល់របស់សម្តេចធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលជាថវិកាដោយឡែក មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕