(កំពង់ធំ)៖ លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សចំនួន២០៣នាក់ ក្នុងខេត្តកំពង់ធំ ដែលមកពីគណបក្សនានា ចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
លោក នួន ផារ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសកម្មជនគណបក្សនានា ដែលសម្រេចចិត្តយ៉ាងត្រឹមត្រូវចូលមករួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយ ដែលមានវ័យចំណាស់ខាងនយោបាយ និងមានបទពិសោធន៍ដឹកនាំជាយូរឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលតែងតែឈរនៅខាងប្រជាជនគិតគូរ ដល់ផលប្រយោជន៍របស់ប្រជាជនគ្រប់និន្នាការនយោបាយទាំងអស់ ហើយក៏ជាគណបក្សតែមួយគត់ ដែលមានកម្លាំងសរុបច្រើន ឈរជើងយ៉ាងរឹងមាំ មានភាពចាស់ទុំខាងផ្នែកនយោបាយ សម្បូរធនធានមនុស្ស ធនធានថវិកា ធានាបាននូវសន្តិភាព និងស្ថិរភាពជូនប្រទេសជាតិ។
លោកបញ្ជាក់ទៀតថា ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត សូមអំពាវនាវដល់សមាជិក សមាជិកាថ្មី គាំទ្រក្នុងការសាងសង់ព្រែកជីហ្វូនណនតេជោ និងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជឿជាក់លើសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលលោកជាបិតាស្ថាបនិកសន្តិភាពនៅកម្ពុជា យើងត្រូវជឿជាក់លើសម្ដេចធិបតី នាយករដ្ឋមន្ត្រី បច្ចុប្បន្ន ដែលក្នុងអាណត្តិដឹកនាំលោកខិតខំប្រឹងប្រែង ក្នុងការបម្រើប្រជាជន និងប្រទេសជាតិ, បន្តជឿជាក់ទៅលើការដឹកនាំរបស់សម្ដេចទាំងទ្វេ ហើយនិងបន្តជឿជាក់លើការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានស្រោចស្រង់ប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងកសាង អភិវឌ្ឍកម្ពុជារហូតមកដល់ បច្ចុប្បន្ន៕