(កំពត)៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក, ជាមេពីការរងអចិន្ត្រៃយ៍នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលព្រំដែន និងជាមេបញ្ជាការ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣, ទី៤ និងទី៥ បានក្រើនរំលឹក និងស្នើដល់កងកម្លាំងនៃអង្គភាពនគរបាលការពារព្រំដែនគោក-ទឹក ចំនួន៦ខេត្ត នៃទិសភូមិភាគទី៣ ធ្វើយ៉ាងណាត្រូវសហការល្អ នឹងធ្វើជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនីមួយៗ ដើម្បីរក្សា ការពារសុខសន្តិភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «កម្លាំងត្រូវបម្រើរាស្ត្រ មិនត្រូវធ្វើម្ចាស់លើរាស្រ្ត»។
ការរំលឹក និងស្នើបែបនេះ ខណៈលោក សុខ មុនី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យសិក្សាធ្វើបច្ចុប្បន្នភាព ការគ្រប់គ្រងព្រំដែនទីតាំងសមត្ថកិច្ចទទួលខុសត្រូវ របស់នគរបាលព្រំដែន និងនគរបាលអន្តោប្រវេសន៍ នៅទិសភូមិភាគទី៣ ក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីតាំងវីរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ ២៤១ ស្ថិតក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដោយមានការចូលរួម ពីសំណាក់អភិបាលរងខេត្តទទួលបន្ទុក លោកស្នងការ ស្នងការរងតំណាង ជួរថ្នាក់ដឹកនាំនគរបាលការពារព្រំដែន និងអ្នកពាក់ព័ន្ធទាំង ៦ខេត្ត។
ទន្ទឹមនេះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ក៏បានលើកឡើងទៀតថា ពាក់ព័ន្ធការគ្រប់គ្រងនាយកដ្ឋានការពារព្រំដែន មាន ៦ខេត្ត ក្នុងនោះ ៤ខេត្ត ជាប់មាត់សមុទ្រ។ ដោយឡែក ៤ខេត្តដែលជាប់មកសមុទ្រ រួមមានខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង គឺមានអង្គភាពវរៈនគរបាលការពារព្រំដែនទឹក ក្នុងខេត្តនីមួយៗ ដូច្នេះកងកម្លាំងនគរបាលទាំងអស់ ត្រូវសហការល្អ ធ្វើជាសេនាធិការ ហើយស្ដាប់ការណែនាំ ចង្អុលបង្ហាញនីតិវិធី របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនីមួយៗ។ ចំពោះអង្គភាពវរៈនគរបាលការពារព្រំដែនទឹកតាមខេត្តនីមួយៗ ក៏ជាសមាជិកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងដែរ ដូច្នេះសូមឱ្យមានកម្រិតក្របខណ្ឌចូលរួមមតិយោបល់នៅក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានលោកអភិបាលខេត្តនីមួយៗ ជាគណៈមេបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
លោកក៏សូមសំណូមពរនិងស្នើដល់លោកអភិបាលរងខេត្តទទួលបន្ទុក ត្រូវចូលរួមពិនិត្យមើលថាតើបុគ្គលនគរបាលណាមិនអនុវត្តតាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយឡែកកម្លាំងនគរបាលការពារព្រំដែនទឹក សូមស្នើមកលោក លោកនឹងចាត់ការតាមនីតិវិធី ដោយផ្លាស់ និងផ្ទេរភារកិច្ចមន្ត្រីនគរបាលនោះចេញ។
តាមលោកឧត្តមសេនីយ៍ឯក ទូច ពល: លើកបញ្ជាក់ថា កន្លងមកកងកម្លាំងនគរបាលវរ:ការពារព្រំដែនទឹកទាំងអស់ នៅតាមបណ្ដាខេត្តជាប់សមុទ្រ នៃភូមិភាគទិសទី៣ ការអនុវត្តតួនាទីភារកិច្ចកន្លងមក ក្នុងនាមសមត្ថកិច្ច គឺមិនមានអ្វីដែលធ្វើឲ្យប៉ះពាល់ ដល់ការដឹកនាំរបស់ខេត្តទេ កងកម្លាំងតែងតែសហការ និងធ្វើជាសេនាការ ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដែលខ្លួនឈរជើង ដើម្បីធានាថាបូរណភាពទឹកដី និងអធិបតេយ្យភាព នៅតំបន់ព្រំដែនរបស់ខ្លួន ត្រូវបានការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងថែមទាំងរក្សាការពារសុខសន្តិភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរទៀតផង។
លោក សុខ មុនី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ជំរុញ និងលើកទឹកចិត្ត ដល់សមត្ថកិច្ចគ្រប់គ្រងព្រំដែន ពិសេសកម្លាំងនរគបាលការពារព្រំដែន និងនគរបាលអន្តោប្រវេសន៍នៅទិសភូមិភាគទី៣ ត្រូវធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងព្រំដែនឲ្យមានប្រសិទ្ធភាព និងបង្កើនកិច្ចសហប្រតិបត្តិការណ៍ ជាមួយសមត្ថកិច្ច ប្រទេសជិតខាង ការចែករំលែកព័ត៍មាន និងការអនុវត្តច្បាប់ផងដែរ ដើម្បីឲ្យក្លាយជាព្រំដែនអភិវឌ្ឍន៍ និងព្រំដែនមិត្តិភាព។
លោកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងទៀតថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងព្រំដែន និងបានយកចិត្តទុកដាក់ចំពោះកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងខ្លាំង ដើម្បីធានាដល់ការទទួលខុសត្រូវលើការងារទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាព។
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ជាក់ស្តែងគោលបំណងនៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីធានាដល់ការគ្រប់គ្រងស្ថានភាពព្រំដែន ប្រកបដោយប្រសិទ្ធភាព សម្រាប់សន្តិសុខជាតិ សកម្មភាពបទល្មើស និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការណ៍ជាមួយប្រទេសជិតខាង និងអន្តរជាតិ។ ហើយយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនដែលដាក់ចុះនៅពេលនេះ គឺជាភាពចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងកាត់ព្រំដែនដោយគ្មានការអនុញ្ញាត និងការត្រួតពិនិត្យដែលមានភាពចន្លោះប្រហោង នៅតាមច្រកទ្វារចេញចូល នៃប្រទេស ។
ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានណែនាំថា ទន្ទឹមនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប៉ុស្តិ៍ត្រួតពិនិត្យ និងការងារប្រើប្រាស់កម្លាំង ដោយការទទួលខុសត្រូវ ការអនុវត្តវិធានការយាមល្បាតតាមព្រំដែន នៅតំបន់ដាច់ស្រយាល ឬតំបន់ហានីភ័យខ្ពស់ ការរួមបញ្ចូលប្រតិបត្តិការ រវាងសមត្ថកិច្ចគ្រប់គ្រងព្រំដែន ដូចជាកម្លាំងនរគបាលការពារព្រំដែន គយ នគរបាលអន្តោប្រវេសន៍ និងយោធាការពារព្រំដែន ក៏ត្រូវធ្វើការរួមគ្នាទើបការងារគ្រប់គ្រងព្រំដែនមានប្រសិទ្ធភាព។ ជាមួយគ្នានោះ ក៏ត្រូវបង្កើនកិច្ចសហប្រតិបត្តិការណ៍ ជាមួយសមត្ថកិច្ចប្រទេសជិតខាង សម្រាប់ត្រួតពិនិត្យព្រំដែន ការចែករំលែកព័ត៍មាន និងការអនុវត្តច្បាប់ផងដែរ៕