(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា បានអនុញ្ញាតឲ្យក្រុមយុវជសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជាលើកទី៤៣ ចូលជួបសំណេះសំណាល ដើម្បីផ្តល់ដំបូន្មានមួយចំនួន។
ក្នុងជំនួបនោះមានការចូលរួមពី លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងមានការចូលរួមពីលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា លោក ហួ គីមហ៊ួត នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ កាកបាទក្រហមកម្ពុជា និងលោកស្រី សោម សេរីវឌ្ឍន៍ នាយិការងនាយដ្ឋានធនធានមនុស្ស នៃកាកបាទក្រហមកម្ពុជា ។
លោក ស៊ាង សុលក្ខណ៍ ប្រធានប្រតិភូនាវាយុវជន អាស៊ីអាគ្នេហ៍កម្ពុជា បានរៀបរាប់ជូន មន្ត្រីកាកបាទក្រហមកម្ពុជា គម្រោង និងកម្មវិធី សកម្មភាពនានា ដែលក្រុមនាវាយុវជន នឹងត្រូវធ្វើ។ ជំនួសមុខឲ្យ ជំនួសមុខឲ្យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោក ពិត ចំណាន បានសម្ដែងនូវក្ដីសោមនស្សរីករាយក្រៃលែង ក្នុងការជួបសំណេះសំណាល ជាមួយក្មួយៗ យុវជនទាំង ៣១នាក់ នាពេលនេះ។
លោក ពិត ចំណាន បានថ្លែងថា «ឱកាសរបស់ក្មួយៗទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ គឺជាចំណែកមួយក្នុងការលើកកម្ពស់កិត្តិនាម និងមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ល្អៗ រវាងគ្នាទៅវិញទៅមក ទាំងការងារសង្គម ការងារមនុស្សធម៌ ការអភិវឌ្ឍជំនាញ និងបំណិនជីវិត ជាពិសេសគឺការចែករំលែកនូវវប្បធម៌ប្រពៃណីជាតិដ៏ផូរផងរបស់យើង»។
ជាមួយគ្នានេះ លោក ពិត ចំណាន បានពាំនាំនូវអនុសាសន៍សំខាន់ៗ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ដើម្បីជាពុទ្ធិ និងចំណេះដឹងសម្រាប់ក្មួយៗ យកទៅបំពេញបេសកម្ម ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន រយៈពេល៥២ថ្ងៃនាពេលខាងមុខនេះរួមមាន៖
១, រក្សាឲ្យបាននូវសាមគ្គីភាពជិតស្និត និងសុខដុមរមនីយកម្មរវាងគ្នានិងគ្នា ពិសេសរឹតចំណងមិត្តភាព ក្នុងចំណោមសមាជិកប្រតិភូនាវាយុវជន នៃបណ្ដាប្រទេសនានា។
២, បន្ដពង្រឹងការសាង និងបង្កើនសមត្ថភាពរបស់ខ្លួន លើពហុជំនាញ ទាំងភាសាទំនាក់ទំនង វប្បធម៌ ប្រពៃណីជាតិ ចំណេះដឹងទូទៅពីអាស៊ាន ប្រវត្តិសាស្រ្ដក្នុងតំបន់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើនជានិច្ច។
៣, បន្ដពង្រឹង និងពង្រីកកម្លាំងយុវជនទាំង ក្នុ្ងចំណោមសមាជិកនាវាយុវជនអាស៊ីអាគ្នេយ៍នៅកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនកាយរឹទ្ធិជាតិកម្ពុជា ឲ្យទៅជាបណ្ដាញដ៏រឹងមាំ និងកត្តាចលករ នៃវប្បធម៌សន្តិភាពឯកភាព មាននិរន្ដរ៍ភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់។
៤, រៀបចំ និងចងក្រងឯកសារ ស្ដីពីប្រវត្តិសកម្មភាព របស់យុវជនកម្ពុជា ដែលបានចូលរួមសកម្មភាពជាមួយ នាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ក្នុងគោលបំណងរក្សាបាននូវទិន្នន័យ យុវជនជាក់លាក់សកម្មភាពសំខាន់ៗនានា ដើម្បីប្រើប្រាស់ជាឯកសារជំនួយ ស្មារតីនាពេលអនាគត។
៥, បន្ដលើកម្ពស់ និងការពារនូវសមិទ្ធផលសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា វប្បធម៌សន្ដិភាព បូរណភាពដែនដីនៃរដ្ឋឯករាជ្យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា។
៦, ចែករំលែកវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី គ្នាទៅវិញទៅមក ដើម្បីកសាងវប្បធម៌ ពីបណ្ដាលប្រទេសនីមួយៗ ឲ្យមានភាពស៊ីសង្វាក់គ្នា ចាក់ស្រេះជាវប្បធម៌ប្រចាំតំបន់៕