(សេអ៊ូល-កូរ៉េ)៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ បានឯកភាពជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ទៅកាន់កម្ពុជា ដែលស្របទៅនិងអនុស្សរណៈយោគយល់ ដែលចុះរវាងស្ថាប័នទាំងពីរ និងស្របតាមកិច្ចព្រមព្រៀងសេរីទ្វេភាគី ក៏ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)។
ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ នឹងបំពេញទស្សនកិច្ចមកកម្ពុជា ក្នុងពេលវេលាសមស្របណាមួយនាដើមឆ្នាំ ២០២៥ ខាងមុខនេះ។
ការឯកភាពគ្នានេះ ក្នុងឱកាសដែលអមដំណើរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចូលរួមវេទិកាចំណេះដឹងពិភពលោក ហើយអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារ ជាមួយ លោក សឹង វូលី (Seong Woo Lee) អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។
អ្នកឧកញ៉ា លឹម ហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សឹង វូលី ដែលបានទទួលជួបពិភាក្សាកាងារ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា។
អ្នកឧកញ៉ា បង្ហាញនូវសេចក្ដីសោមន្សរីករាយ ចំពោះការបន្ដកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័នទាំងពីរ ដោយក្នុងនោះ ស្ថាប័នទាំងពីរ បានរៀបចំនូវវេទិការធុរកិច្ចកម្ពុជា-កូរ៉េ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ និងបានចុះអនុស្សរណៈយោគយល់គ្នា ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។
អ្នកឧកញ៉ា បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ កូរ៉េ និងកម្ពុជា មានក្របខណ្ឌកិច្ចសហប្រតិបត្តិការជាច្រើនដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កិច្ចសហប្រតិបត្តិការមេគង្គ កូរ៉េ និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)។ កូរ៉េស្ថិតក្នុងចំណោមប្រទេស ដែលមានវិនិយោគិនធំៗនៅកម្ពុជា ជាពិសេសក្នុងវិស័យ ដូចជាធនាគារ អចលនទ្រព្យ និងសំណង់។
អ្នកឧកញ៉ា សង្កត់ធ្ងន់ថា សភាពាណិជ្ជកម្មទាំងពីរ គឺជាស្ពានដ៏សំខាន់មួយរវាងសហគមន៍ធុរកិច្ច ប្រទេសទាំងពីរ ដោយអាចសហការគ្នាបន្ដក្នុងការរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម និង វិនិយោគ។ ជាចុងក្រោយ អ្នកឧកញ៉ា ក៏បានអញ្ជើញសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ដើម្បីរៀបចំបេសកម្មធុរកិច្ចមក កម្ពុជាដើម្បីចាប់យកកាលានុវត្តភាពដ៏សំបូរបែប។
លោក សឹង វូលី (Seong Woo Lee) បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលបានបំពេញបេសកម្មនៅប្រទេសកូរ៉េ និងបានបញ្ជាក់ថា នឹងបន្ដកិច្ចសហប្រតិបត្តិការល្អ ជាមួយសភាពាណិជ្ជកម្មកម្ពុជា។
ភាគីទាំងពីរ ក៏បានជជែកពិភាក្សាអំពីគម្រោងសហប្រតិបត្តិការអនាគត និង បានស្វែងយល់ពីកាលានុវត្តភាពធុរកិច្ចទៅវិញទៅមក៕