(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Tan Yawnan អនុប្រធានប្រតិបត្តិ ប្រធានផ្នែកហានិភ័យ និងជាប្រធាននៃអនុគណៈកម្មាធិការ ESG នៃធនាគារកាណាឌីយ៉ា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមាន ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីបន្ស៉ីគម្រោងការងារធនាគារកាណាឌីយ៉ា ឱ្យបានសមស្របជាមួយក្រសួងបរិស្ថាន។
ស្របគ្នានេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនូវភាពស្អាតលើដែនគោក ក្នុងដែនទឹក និងក្នុងដែនអាកាស។
ជាមួយគ្នានេះ តំណាងធនាគារកាណាឌីយ៉ា បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះការងារជាអាទិភាពរបស់ក្រសួងបរិស្ថាន ដែលរួមមានយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «យុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន» យុទ្ធនាការ «ពន្លកបៃតង» ព្រមទាំងយុទ្ធនាការប្រមូល បែងចែក និងទុកដាក់សំរាមប្លាស្ទិកឱ្យទៅជាធនាគារប្លាស្ទិក ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រនៅតាមសហគមន៍ជនបទ ដែលមិនទាន់មានការប្រមូល និងគ្រប់គ្រងសំរាមប្លាស្ទិកបានសមស្របតាមលក្ខណៈបច្ចេកទេសនៅឡើយ។
សូមជម្រាបជូនថា លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកំពុងយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងសំរាមប្លាស្ទិក និងកៀរគរជំរុញឱ្យមានការរួមចំណែកពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ នៅក្នុងភាពស្អាត ភាពបៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានកម្ពុជា៕