(ភ្នំពេញ)៖ យុវជនអាយុ១៧ឆ្នាំម្នាក់ មានពិការភាពម្រាមដៃពីកំណើត ដោយម្រាមដៃម្ខាងជាប់គ្នា និងម្ខាងទៀតមានត្រឹមម្រាម២ ឈ្មោះ អូន បូរះ មកពីគ្រួសារទីទ័លក្រ ក្នុងភូមិបឹងរ៉ៃ ឃុំ ឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានឪពុកឈ្មោះ វ៉ាញ សំអឿន អាយុ៥៣ឆ្នាំ មុខរបរកសិករ និងម្ដាយឈ្មោះ ខ្លូវ ឈុន អ៉ី អាយុ៥៤ឆ្នាំ មុខរបរកសិករ ត្រូវបានឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សម្របសម្រួលផ្តល់ជូននូវការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យកុមារជាតិ តាមរយៈសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក។
ក្នុងការវះកាត់នេះ មានការយកចិត្តទុកដាក់ពីលោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក, លោក ញ៉ិប អង្គារបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ, លោកវេជ្ជបណ្ឌិត កែវ វណ្ណា អនុប្រធានមន្ទីរពេទ្យកុមារជាតិ និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានដឹកនាំក្រុមគ្រូពេទ្យឯកទេស ដែលមានលោកវេជ្ជបណ្ឌិតឯកទេស ជឺ ហរ ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សាខាមន្ទីរពេទ្យកុមារជាតិ និងសហការីធ្វើការវះកាត់ជូនដោយផ្ទាល់ និងទទួលបានលទ្ធផលជោគជ័យ។
ម្តាយ ឪពុក យុវជនកំសត់បានលើកម្រាមដៃដប់ថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏ដូចជាលោកស្រី ព្រមទាំងក្រុមគ្រូពេទ្យឯកទេស នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានផ្តល់នូវការពិនិត្យ ព្យាបាល និងវះកាត់ដល់កូនប្រុសគាត់ដោយមិនគិតថ្លៃ និងប្រកបដោយទឹកចិត្តសប្បុរសក្រៃលែង ដែលនេះគឺជាការផ្តល់ជូននូវអាយុជីវិតថ្មី ក្តីសង្ឃឹមថ្មី និងអនាគតថ្មី សម្រាប់កូនប្រុសរបស់គាត់៕