(ភ្នំពេញ)៖ កាល់ម៉ែត ជាមន្ទីរពេទ្យជាតិបង្គោលដ៏សំខាន់បំផុតនៅកម្ពុជា នឹងត្រូវបានសាងសង់ឡើងចន្លោះឆ្នាំ១៩៥៨ ដល់ឆ្នាំ១៩៦០ ប៉ុន្តែត្រូវបានបោះបង់ និងបំផ្លាញស្ទើរទាំងស្រុង ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្រោមការឧបត្ថម្ភពីបណ្ដាប្រទេសជាមិត្ត និងជាពិសេសការ គាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាលកម្ពុជា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មន្ទីរពេទ្យត្រូវបានជួសជុលកែលម្អរ និងបើកដំណើរការឡើងវិញ។
ជាបន្តបន្ទាប់ការអភិវឌ្ឍន៍នៃមន្ទីពេទ្យ បានលេចរូបរាងឡើងនូវមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង មជ្ឈមណ្ឌលវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ និងអគារតេជោសន្តិភាព សម្រាប់មជ្ឈមណ្ឌលជាតិជំងឺមហារីក និងសម្ភព។

ក្រោមម្លប់សន្តិភាព សម្ធិទ្ធិផលថ្មីធំមួយទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសប្បុរសជននានា ត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ និងសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដោយប្រសិទ្ធិនាមជា អគារតេជោអភិវឌ្ឍន៍។

អគារពហុឯកទេសដ៏ទំនើបនេះ សាងសង់ឡើងក្នុងគោលបំណង បង្កើននូវទំនើបកម្ម និងនវានុវត្តន៍ បច្ចេកវិទ្យាវេជ្ជសាស្ត្រ ដោយការបំពាក់នូវឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗ
និងមានការពិនិត្យទៅតាមជំនាញឯកទេសជាក់លាក់ជាច្រើនរួមមាន៖ ផ្នែកសង្គ្រោះបន្ទាន់ ២៤ម៉ោង លើ ២៤ម៉ោង ដែលអាចទទួលសង្គ្រោះ ពិនិត្យ និងរករោគវិនិច្ឆ័យជូនអ្នកជំងឺបានរហ័សបំផុត
មុននឹងបញ្ជូនទៅតាមផ្នែកដែលពាក់ព័ន្ធដើម្បីធ្វើការព្យាបាលជំងឺនីមួយៗឱ្យបានទាន់ពេលវេលា។

ជាងនេះទៅទៀតបន្ទប់សង្គ្រោះដ៏ធំនេះ បានបំពាក់នូវគ្រឿងបរិក្ខារតាមដានសញ្ញាជីវិត ឧបករណ៍ថតឆ្លុះ ស្កេន អេកូ និងឧបករណ៍សង្គ្រោះ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប និងផ្នែកប្រពោធនកម្មសង្គ្រោះអ្នកជំងឺកម្រិតធ្ងន់ ដែលផ្តល់ជូននូវឯកជនភាព និងការថែទាំជាពិសេសពីគិលានុបដ្ឋាកឯកទេសប្រពោធនកម្មប្រកបដោយទំនើបកម្មស្តង់ដារអន្តរជាតិ។

ក្នុងនោះមានផ្នែកវះកាត់ ត្រូវបានរៀបចំជាពិសេសទៅតាមកម្រិតស្តង់ដារនៃបន្ទប់វះកាត់ រួមមានបន្ទប់មុន និងក្រោយដាក់ថ្នាំសណ្តំ និងបន្ទប់សម្រាករយៈពេលខ្លី ដ៏ធំទូលាយ ប្រកបដោយផាសុខភាព។
សម្រាប់បន្ទប់វះកាត់ចំនួន១០ ត្រូវបានរៀបចំឡើងដោយបំពាក់នូវឧបករណ៍ទំនើបៗ ដែលជំរុញឱ្យការវះកាត់ កាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បំផុត។

តាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីសុខាភិបាល ក្នុងវេទិកា «ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយសហការជាមួយក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលប្រព្រឹត្ដទៅនៅមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា តាមការរំពឹងទុក អគារតេជោអភិវឌ្ឍន៍ អាចបម្រើសេវាសុខាភិបាលជូនភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណ ២៥០,០០០នាក់ ក្នុងមួយឆ្នាំ ហើយអគារតេជោអភិវឌ្ឍន៍ ក៏ជាមជ្ឈមណ្ឌលសម្រាប់បណ្តុះបណ្តាលដល់និស្សិតសម្រាប់ធ្វើការសិក្សាផងដែរ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូទាំងស្រុងដូចតទៅ៖