(ពោធិ៍សាត់)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដាំកូនឈើចម្រុះ ចំនួន២០០ដើម និងផ្តល់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់អតីតយុទ្ធជន ជនមានពិការភាព និងងាយរងគ្រោះ ចំនួន១០០គ្រួសារ ដែលរស់នៅភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ពិធីនេះមានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងលោកស្រី អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា ព្រមទាំងប្រតិភូកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រតិបត្តិសាខា អនុសាខាជាច្រើនទៀត។
លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានលើកឡើងថា ការរៀបចំដាំកូនឈើចម្រុះជាង២០០ដើម នៅក្នុងបរិវេណមណ្ឌលសុខភាព ប៊ុនរ៉ានី សែនជ័យ និងផ្តល់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់អតីតយុទ្ធជនមានពិការភាព និងងាយរងគ្រោះ ចំនួន១០០គ្រួសារ ដែលរស់នៅភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង គឺជាការយកចិត្តទុកដាក់ គិតគូពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែធ្វើសកម្មភាពមនុស្សធម៌គ្រប់ទីកន្លែង ដោយមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ។
ថ្នាក់ដឹកនាំទាំង២ បានថ្លែងថា កន្លងមកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ក្នុងការកសាងផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនសម្រាប់ការស្នាក់នៅ និងផ្តល់សេវាសាធារណៈ ដល់បងប្អូនអតីតយុទ្ធជន ដែលរស់នៅតំបន់នេះ ឱ្យបានសមរម្យ ទើបពេលនេះ ក៏ដូចនាពេលកន្លងមក បានរួមគ្នាដាំកូនឈើចម្រុះដើម្បីបង្កើននូវគម្របបៃតង សំដៅរួមចំណែក ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ បានជាង១០០ពាន់ដើម។
ការដាំដើមឈើចម្រុះនាឱកាសនេះ ក៏ដូចលើកមុនៗ ដែលរួមគ្នាបានដាំរួចមកហើយ នៅតាមសងខាងផ្លូវជាតិ និងដងផ្លូវសំខាន់ៗក្នុងខេត្ត តាមសាលារៀន វត្តអារាម ទីសាធារណៈ ជាពិសេសតំបន់ភ្នំ១៥០០ ឬផ្លូវអន្ទង់អាំង ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ជាការរួមចំណែកថែរក្សា ការពារ អភិរក្ស និងស្តារគម្របបៃតង បរិស្ថានកាន់តែល្អ។
ថ្នាក់ដឹកនាំទាំង២ បានឱ្យដឹងដែរថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់កម្ចីខ្នាតតូច ដែលគ្មានការប្រាក់ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានចំនួន ២,៥៦៩គ្រួសារ ស្មើនឹង ៥៤,៤២០ដុល្លារ។ ដោយឡែកអតីតយុទ្ធជន ជនមានពិការភាព និងជនងាយរងគ្រោះ នៅភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ចំនួន១០០គ្រួសារ ដោយក្នុងមួយគ្រួសារ ចំនួន១លានរៀល សម្រាប់យកទៅធ្វើជាដើមទុន ក្នុងការប្រកបមុខរបរ និងធ្វើអាជីវកម្មផ្សេងៗ សំដៅកែលម្អជីវភាពគ្រួសារ។
ថ្នាក់ដឹកនាំទាំង២ បានគូសបញ្ជាក់ថា ការផ្តល់កម្ចីខ្នាតតូច ដោយមិនគិតការប្រាក់នេះ គឺធ្វើឡើងក្នុងគោលបំណងគាំទ្រដល់ជនងាយរងគ្រោះក្នុងសហគមន៍ បង្កើតឱ្យមានមុខរបរ រកប្រាក់ចំណូល លើកកម្ពស់ជីវភាព និងបង្កើតភាពធន់ ការពារហានិភ័យពីគ្រោះមហន្តរាយ។ បងប្អូនដែលទទួលបានប្រាក់កម្ចីនេះ គប្បីយកទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍ ច្បាស់លាស់ និងចំគោលដៅ ជៀសវាងប្រើប្រាស់ខុសដែលនាំឱ្យខាតបង់។
នៅក្នុងឱកាសនោះ លោក ខូយ រីដា និងលោកស្រី ពុំ ចន្ទីនី បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ យកចិត្តទុកដាក់ផ្លាស់ប្តូរឥរិយាបទវិជ្ជមាន ខិតខំប្រឹងប្រែងដាំដុះ បន្លែបង្ការ ចិញ្ចឹមសត្វ កុំទុកដីចោលទំនេរ ព្រោះថាការបរិភោគបន្លែបង្ការធម្មជាតិ នាំមកនូវសុខភាពល្អ រស់នៅប្រកបដោយអនាម័យ រួមគ្នាជួយថែរក្សាការពារកូនឈើដែលបានដាំនេះ បានលូតលាស់ល្អ ដើម្បីសុខភាព សហគមន៍យើង និងគ្រួសារយើង។
ជាមួយគ្នានោះ លោក ខូយ រីដា និងលោកស្រី ពុំ ចន្ទីនី ព្រមទាំងប្រតិភូ បានជួបសំណេះសំណាល និងចែកជូនវត្ថុកំដរដៃ ដល់ក្រុមស្ម័គ្រចិត្ត ចំនួន២៥នាក់ គ្រូពេទ្យមណ្ឌលសុខភាព ចំនួន១០នាក់ ដោយម្នាក់ៗទទួលបានឃីត១កញ្ជប់ ក្នុងនោះមានមុង ភួយ ក្រមា សារុង និងថវិកា៥ម៉ឺនរៀល និងបានចែកជូនសៀវភៅ ប៊ិច ខ្មៅដៃ ដល់ក្មូយៗសិស្សានុសិស្ស ចំនួន២០០នាក់ នាពេលនោះផងដែរ៕