(ភ្នំពេញ)៖ សៀវភៅ «ធម្មជាតិក្នុងចិត្ត» ដែលជាស្នាដៃរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបានសម្ពោធនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅបណ្ណាគារ អន្តរជាតិ សាខាទួលគោក។ វណ្ណកម្មថ្មីនេះ មានតម្លៃសម្រាប់អ្នកអានគ្រប់វ័យ ដើម្បីបង្កើនចំណេះដឹង សិក្សាស្រាវជ្រាវនិងស្វែងយល់បន្ថែមអំពីសន្តិភាព ការគោរពប្រតិបត្តិសាសនានៅកម្ពុជា និងការបង្កើតសន្តិភាពផ្លូវចិត្ត តាមជំនឿសាសនាដែលយើងគោរពផងដែរ។
វណ្ណកម្មថ្មីសន្លាងនេះ រៀបរាប់ពីដំណើរអញ្ជើញចូលគាល់សម្តេចប៉ាប ពីសំណាក់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងតំណាងពុទ្ធសាសនិកកម្ពុជា នៅឯវិមានវ៉ាទីកង់ ក្នុងរាជធានីវ៉ាទីកង់ ប្រទេសម៉ូណាកូ កាលពីដើមឆ្នាំ២០២៣ កន្លងទៅ និងឆ្លុះបញ្ចាំងពីដំណើរអញ្ជើញទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប។
បើតាមអ្នកឧកញ៉ា គួច ម៉េងលី ក្នុងដំណើរដ៏មានន័យខ្លឹមសារនោះ មានសារសំខាន់ៗជាច្រើនត្រូវបានលើកយកមកពិភាក្សាទាក់ទងនឹងសន្តិភាពដែលគួរបណ្តុះពីក្នុងចិត្ត, ការចូលរួមស្រឡាញ់និងថែរក្សាធម្មជាតិ, ការផ្សះផ្សារបួសក្នុងធម្មជាតិ, សេរីភាពក្នុងការគោរពនិងបដិបត្តិសាសនាផ្សេងៗនៅក្នុងប្រទេសកម្ពុជា, វិបត្តិមនុស្សជាតិបង្កឡើងដោយសង្គ្រាម, វិបត្តិមនុស្សជាតិបង្កឡើងដោយជម្លោះសាសនា, វិបត្តិបរិស្ថានបង្កឡើងដោយមនុស្សនិងសង្គ្រាម, ភាពលោភលន់បង្កឱ្យមានវិបត្តិរ៉ាំរ៉ៃក្នុងសង្គម, ផលវិបាកចំពោះមនុស្សនិងហេដ្ឋារចនាសម្ពន្ធសង្គមក្រោយសង្គ្រាមផុតរលត់ទៅ និងបញ្ហាវិបត្តិផ្លូវចិត្តរបស់ប្រជាជនខ្មែរនៅឯបរទេស។
នៅចំពោះមុខភ្ញៀវកិត្តិយស សាធារណជន សមណនិស្សិត និស្សិត និងអ្នកសារព័ត៌មាន យ៉ាងច្រើនកុះករ អ្នកឧកញ៉ា គួច ម៉េងលី បានដាស់តឿនមហាជន ខិតខំពង្រឹងសន្តិភាពផ្លូវចិត្ត តាមជំនឿសាសនា ដែលខ្លួនបដិបត្តិ។ ប៉ុន្តែ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា បានលើកទស្សនៈវិជ្ជាមួយថា «អ្វីដែលមិនមើលឃើញ ពុំគួរជឿជាក់ឡើយ»។
សូមជម្រាបថា អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី, លោកឪ គង់ វៀល បូជាចារ្យព្រះសហគមន៍កាតូលិក និងលោក សាន សុជា អតីតភិក្ខុសង្ឃដ៏ល្បី ធ្លាប់បានអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសមួយចំនួន នៅទ្វីបអឺរ៉ុប ចំនួន ៦ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ នេះជាដំណើរពិសេសមួយ ដែលមានឈ្មោះថា «Rome Monaaco Paris (RMP) Friendship Tour January 2023 Provisional Program» ឬហៅជាខេមរភាសាថា «ដំណើរទស្សនកិច្ចមិត្តភាពទៅកាន់ទីក្រុងរ៉ូម ម៉ូណាកូ ប៉ារីស (RMP) ខែមករា ឆ្នាំ២០២៣»។
ពួកគាត់បានចូលគាល់ សម្ដេចប៉ាប ហ្វ្រង់ស៉ីស (Holiness Pope Francis) នៅវិមានវ៉ាទីកង់, ចូលរួមកម្មវិធីពិសេសនៅទីក្រុងម៉ូណាកូ ដែលក្នុងនោះក៏មានការចូលគាល់ព្រះអង្គម្ចាស់ អាល់ប៊ឺតទី២ នៃម៉ូណាកូ (His Serene Highness Prince Albert II of Monaco) និងបានចូលរួមជាវាគ្មិនកិត្តិយស ក្នុងសន្និសីទនៅទីក្រុងប៉ារីស ប្រទេសបារាំង លើប្រធានបទស្តីអំពី «ការកែប្រែជំនឿ នេក្ខម្មបារមី និងបរិស្ថានវិទ្យា - Conversion, Spiritual Detachment and Ecology» ។ កម្មវិធីនេះ ត្រូវបានរៀបចំដោយលោកឪ គង់ វៀល។
បើតាមលោកឪ គង់ វៀល មូលហេតុដែលលោកអញ្ជើញ លោក សាន សុជា និងអ្នកឧកញ៉ា គួច ម៉េងលី ក៏ព្រោះតែមើលឃើញថា លោកទាំងពីរជាបញ្ញវន្តខ្មែរ ពូកែនិយាយរឿងសង្គម ថែមទាំងដុសខាត់គំនិតប្រជាពលរដ្ឋ ឲ្យមានចំណេះដឹង និងសន្តិភាពផ្លូវចិត្ត។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក តាមរយៈគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច បានប្រើពេលអស់ជិត២ឆ្នាំ និងចំណាយធនធានយ៉ាងច្រើនដើម្បីគាំទ្រដល់ដំណើរការផលិតស្នាដៃនេះឲ្យលេចចេញជារូបរាងឡើង។ ចំពោះរាល់ចំណូលពីការលក់ស្នាដៃនេះ នឹងត្រូវបរិច្ចាគចូលមូលនិធិ ម៉េងលី ជេ. គួច ដើម្បីគាំទ្រដល់សកម្មភាពជួយសង្គ្រោះប្រជាជន ដែលងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា៕