(កំពង់ចាម)៖ លោក ស៉ីម គង់ អភិបាលស្រុកស្រីសន្ធរ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកជើងព្រៃ ចំណែក លោក អូត ឈាងលី អភិបាលស្រុកចាស់ ត្រូវផ្លាស់ទៅទទួលតំណែងជាអភិបាលស្រុកបាធាយ។
ពិធីប្រកាសចូលកាន់តំណែងនេះ ធ្វើឡើងនារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាស្រុកជើងព្រៃ ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា ប្រការដែលផ្តល់ឱកាសឲ្យ លោក ស៊ីម គង់ មកទទួលតំណែងជាអភិបាលស្រុកជើងព្រៃនេះ ដោយសារភូមិសាស្ត្រស្រុកជើងព្រៃមានសក្តានុពល គឺជាតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រ រីឯលោកអភិបាលស្រុកថ្មីនេះ មានសមត្ថភាពក្នុងការទំនាក់ទំនងជាមួយអ្នកវិនិយោគទុន ដើម្បីបង្កើនការងារ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត ក៏បានយកឱកាសនោះ ផ្តាំផ្ញើឱ្យរដ្ឋបាលស្រុកជើងព្រៃ បន្តពង្រឹងកាអនុវត្តនូវគោលការណ៍ ៤ ចំណុច ដើម្បីអនុវត្តបន្តដូចខាងក្រោម៖
*ទី១៖ ខិតខំបន្ថថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ពោលគឺការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង ៧ចំណុច ត្រូវធានាឲ្យបានល្អនៅក្នុងភូមិសាស្ត្ររបស់ខ្លួន បន្ថែមពីលើសនេះ ត្រូវមើលផងដែរពាក់ព័ន្ធបញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាបទល្មើសគ្រឿងញៀន ត្រូវទប់ស្កាត់ឲ្យបានកុំឱ្យមានបញ្ហានៅក្នុងមូលដ្ឋានរបស់ខ្លួន។
*ទី២៖ ត្រូវជំរុញនូវការផ្ដល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ ទាំងថ្នាក់ឃុំ និងថ្នាក់ស្រុក ត្រូវឱ្យមានមន្ត្រីនៅប្រចាំការ ប្រសិនបើមានការខ្វះចន្លោះ សូមលោកអភិបាលស្រុកទើបតែឡើងកាន់តំណែងថ្មីត្រូវបំពេញបន្ថែមមន្ត្រី ដើម្បីរងចាំផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
*ទី៣៖ សូមឱ្យមើលទៅលើឥរិយាបទរបស់មន្ត្រី ដែលកំពុងបម្រើការងារផ្ដល់សេវា ព្រមទាំងមន្ត្រីកំពុងអនុវត្តការងារសន្តិសុខ សេវាអប់រំ សេវាសុខាភិបាល និងសេវាកសិកម្ម ជាដើម។
*ទី៤៖ សូមឱ្យបង្កើននូវការយកចិត្តទុកដាក់ អភិវឌ្ឍន៍មូលដ្ឋាន និងការដោះស្រាយបញ្ហានានា ដែលកើតមាន នៅទីនេះ ទាំងបញ្ហាដែលនៅសេសសល់ពីអភិបាលស្រុកមុន និងបញ្ហាដែលកើតឡើងថ្មី។
ចំពោះការអភិវឌ្ឍ ត្រូវយកបទពិសោធន៍ដែលធ្លាប់មាន មកបន្តអភិវឌ្ឍនៅក្នុងស្រុកជើងព្រៃនេះ ឱ្យស្រកតាមស្ថានភាពមូលដ្ឋាន ដោយទំនាក់ទំនងចាប់ដៃគូជាមួយ អ្នកវិនិយោគផ្សេងៗ ធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍដល់ថ្នាក់ឃុំផងដែរ៕