(ភ្នំពេញ)៖ បច្ចុប្បន្នបញ្ហាតម្លៃស្រូវ នៅតែជាប្រធានបទមួយ ដែលស្មុគស្មាញ ជាពិសេសនៅអំឡុងខែកញ្ញានេះ ដែលជារដូវប្រមូលផលទិន្នផលស្រូវរបស់ប្រជាកសិករ។
ដើម្បីជាដំណោះស្រាយលើតម្លៃស្រូវនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែអំពាវនាវយ៉ាងទទូចដល់ប្រជាកសិករ សូមប្រើប្រាស់ពូជស្រូវរបស់ជាតិ (សែនក្រអូប០១) ជាជាងដាំដុះពូជស្រូវរបស់បរទេស (OM) ដើម្បីងាយស្រួលអន្តរាគមន៍ ពេលជួបបញ្ហាប្រឈមថ្លៃ។
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីតម្លៃស្រូវក្នុងស្រុក ជាពិសេសពូជស្រូវសែនក្រអូប០១ គឺមានតម្លៃរហូត ១៤០០រៀល ក្នុងមួយគីឡូក្រាម (ស្រូវសើម) ដែលកំពុងមានតម្លៃល្អខ្លាំងបើធៀបនឹងស្រូវ OM ។
លោកបានលើកឡើងថា ជាធម្មតាថ្លៃស្រូវ OM ដែលជាប្រភេទពូជស្រូវរបស់ប្រទេសវៀតណាម តែងតែស្ថិតនៅក្នុងចន្លោះ ៨០០រៀល-១០០០រៀល ជារៀងរាល់ខែកញ្ញានៃឆ្នាំនីមួយៗ ចំណែកឯថ្លៃខ្ពស់កាលពីឆ្នាំ២០២៣ គឺជាករណីពិសេសតែប៉ុណ្ណោះ។
លោកបន្តថា អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺយើងសង្កេតឃើញថាថ្លៃស្រូវសែនក្រអូប ដែលជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា នៅបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្ននេះកំពុងមានតម្លៃល្អខ្លាំងបើធៀបនឹងស្រូវ OM គឺ ១៤០០រៀល ក្នុងមួយគីឡូស្រូវសើម។
លោកពន្យល់ថា «ការធ្លាក់ចុះតម្លៃរបស់ស្រូវ OM យើងពិបាកសន្និដ្ឋានពីមូលហេតុនៃការឡើងចុះ ថ្លៃពូជស្រូវរបស់បរទេស តែជាទូទៅតម្លៃស្រូវ OM នេះ តែងស្ថិតនៅចន្លោះ ៨០០រៀល ទៅ ១០០០រៀល ដែលមិនមានអ្វីចម្លែកនោះទេ ហើយកាលពីឆ្នាំ២០២៣ ស្រូវ OM ឡើងថ្លៃ ដោយសារប្រទេសឥណ្ឌាបិទការនាំចេញរបស់ខ្លួន។ ចំណែកពូជស្រូវសែនក្រអូប០១របស់កម្ពុជា ជាប្រភេទស្រូវមិនប្រកាន់រដូវ និងត្រូវការសណ្ឋានដីទេ វាប្រហាក់ប្រហែលទៅនឹងស្រូវ OM ដែរ»។
មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ បានគូសបញ្ជាក់ថា «ក្នុងករណីកសិករដាំពូជស្រូវរបស់យើង យើងអាចមានជម្រើសច្រើន ដើម្បីធ្វើការអន្តរាគមន៍ក្នុងករណីធ្លាក់ថ្លៃ ដូចជាការបញ្ចេញកញ្ចប់ថវិកាឱ្យរោងម៉ាស៊ីនទិញស្តុកទុក ក្រោមកម្មវិធីគោលនយោបាយអាទិភាពទី៥ ការបង្កើនការកែច្នៃជាអង្ករ និងការពង្រីកទីផ្សារនាំចេញអង្ករជាដើម។ តែការជួយអន្តរាគមន៍ ក៏រដ្ឋាភិបាលណាមិនអាចធានាទាំងស្រុង លើកត្តាថ្លៃកសិផលបាននោះដែរ គ្រាន់តែបើប្រើពូជរបស់យើង យើងអាចមានលទ្ធភាពបានខ្លះ ប្រសើរជាងការប្រើប្រាស់ពូជដទៃ ដែលយើងមិនអាចធ្វើអ្វីបាន»។
ជាថ្មីម្ដងទៀត លោក ឃឹម ហ្វីណង់ បានទទូចសុំឱ្យប្រជាកសិករខ្មែរ គួរពិចារណាងាកមកប្រើប្រាស់ពូជក្នុងស្រុករបស់យើងវិញ ទើបប្រសើរជាង បានទាំងតម្លៃល្អ ហើយប្រសិនបើមានបញ្ហារឿងថ្លៃ យើងមានយន្តការអាចជួយអន្តរាគមន៍ភ្លាមៗបាន។ ខុសពីការប្រើប្រាស់ពូជរបស់គេ តែគេមិនទិញ ឬគេបង្អាប់ទិញក្នុងតម្លៃថោក យើងគ្មានអ្វីក្រៅពីទ្រាំទទួលយកនោះទេ៕