(Kitakata, Fukushima, ជប៉ុន)៖ ក្រុមយុវជនកម្ពុជា២១រូប រួមនិងអ្នកព័ត៌មាន Fresh News ព្រមទាំងយុវជនទីម័រ ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ក្រោមគម្រោង JENESYS ២០១៦ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចូលសិក្សាស្វែងយល់ពីទីក្រុង Kitakata ដែលជាទីក្រុងក្នុងតំបន់ទេសចរណ៍ល្បាញល្បីមួយក្នុងខេត្ត Fukushima របស់ជប៉ុន។

ការសិក្សាស្វែងយល់នេះ បានធ្វើឡើងនៅសាលាក្រុង Kitakata តែម្តង។ អាជ្ញាធរក្រុង Kitakata បានសារស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរមកដល់ទីក្រុង Kitakata របស់ក្រុមយុវជនកម្ពុជា និងទីម័រ លើដែនដីទេសចរណ៍ដ៏ទាក់ទាញមួយរបស់ប្រទេសជប៉ុន។ ក្នុងចំណោមមន្រ្តី ដែលបានធ្វើបទបង្ហាញពីទីក្រុង Kitakata នោះ មានមន្រ្តីមួយចំនួនធ្លាប់​បានអញ្ជើញទៅបំពេញទស្សន​កិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ។

Kitakata ជាទីក្រុងមួយនៅក្នុងខេត្ត Fukushima និងស្ថិតក្នុងតំបន់ទេសចរណ៍ដ៏ល្បីរបស់ជប៉ុន Tohoku។ ទីក្រុងនេះ ហ៊ុមព័ទ្ធជុំវិញដោយភ្នំយ៉ាងស្រស់ស្អាត ហើយជួរភ្នំទាំងអស់នេះ មានទឹកធ្លាក់ចូលមកទីក្រុងផងដែរ។ ជារៀងរាល់ឆ្នាំទីក្រុងមួយនេះ ទទួលបានអ្នកទេសចរប្រមាណ ១,៨០០,០០០នាក់។ មួយវិញទៀត នៅតាមជើងភ្នំនៅក្នុងក្រុងនេះ គឺពោរពេញដោយដំណាំស្រូវ បើទោះបីវាស្ថិតនៅ តាមជើងភ្នំក្តី។

សូមបញ្ជាក់ថា ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ គឺជាថ្ងៃទី០៥ ហើយ ដែលយុវជនកម្ពុជា បានមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់ លើវិស័យកសិកម្មនៅក្នុងប្រទេសជប៉ុន។ រយៈពេល៥ថ្ងៃនេះ​យុវជនកម្ពុជា ត្រូវបាននាំទៅទស្សនកិច្ចនៅតំទេសចរណ៍ប្រវត្តិសាស្រ្តរបស់ ជប៉ុន និងកន្លែងពិសោធន៍ដំណាំកសិកម្ម ព្រមទាំងបានសិក្សាស្វែងយល់ពីវប្បធម៌ និងស្ថានភាពទូទៅក្នុងខេត្ត Fukushima កន្លែងរង ការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដី និងស៊្សូណាមិ កាលពីឆ្នាំ២០១១ផងដែរ។

ក្រុមយុវជនកម្ពុជា ២១រូប រួមទាំងអ្នកព័ត៌មាន Fresh News ផងដែរ នឹងត្រូវស្នាក់នៅក្នុងប្រទេសជប៉ុនរយៈពេល ៤ថ្ងៃទៀត។ នៅថ្ងៃស្អែកនេះ ក្រុមយុវជននឹងតម្រូវឲ្យទៅស្នាក់​នៅតាមផ្ទះរបស់​ប្រជាកសិករ​ជប៉ុន ដើម្បីបានស្វែងពីការរស់នៅ និងការបង្កបង្កើនផលរបស់ កសិករជប៉ុនផងដែរ៕