(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញអំពីលទ្ធផលការងារក្នុងរយៈពេលមួយឆ្នាំរបស់ក្រសួងសុខាភិបាល ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា។
ការបង្ហាញនូវលទ្ធផលការងាររយៈពេលមួយឆ្នាំដើមអាណត្ដិទី៧នេះ បានធ្វើឡើងក្នុងវេទិកា «ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយសហការជាមួយក្រសួងសុខាភិបាល ដែលប្រព្រឹត្ដទៅនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានកំណត់សកម្មភាពដ៏ខ្លាំងក្លានេះក្នុងបរិបទទូរទៅនៃកម្មវិធីនយោបាយ ខែសីហា ឆ្នាំ២០២៣ ដែលបានដាក់បញ្ចូលសុខភាព ក្នុងចំណោមកម្មវិធីនយោបាយអាទិភាពទាំង៦។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានរម្លឹកថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានដាក់បញ្ចូលសុខភាពក្នុងចំណោមអាទិភាព ក្នុងមុំទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ស្ដីពីការអភិវឌ្ឍមូលធនមនុស្ស។ សកម្មភាពទាំងនេះបានអនុវត្តតាមសេចក្ដីណែនាំ និងអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសុខភាព និងជាពិសេស មូលធនមនុស្ស និងការបណ្ដុះបណ្តាលធនធានមនុស្ស។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានលើកឡើងអំពីការរៀបចំបង្កើតក្រុមអ្នកជំនាញទទួលបន្ទុកតាមវិស័យនីមួយៗ និងបន្ទាប់មកជូនការទទួលខុសត្រូវតាមនាយកដ្ឋាន និងអង្គភាពថ្នាក់កណ្ដាល និងមន្ទីរសុខាភិបាលរាជធានី ខេត្តទាំង២៥។ ភាគីពាក់ព័ន្ធទាំងអស់ធ្វើការក្នុងស្ថានភាពចំពោះមុខ ចាប់តាំងពីបីខែដំបូងនៃអាណត្ដិ និងក្នុងរយៈពេលវែងជាមួយនឹងការរៀបចំយុទ្ធសាស្ត្រតាមវិស័យ។ ជាចុងក្រោយ គន្លឹះនៃភាពជោគជ័យ យោងតាមអនុសាសន៍នៃយុទ្ធសាស្តបញ្ចកោណ គឺស្ថិតនៅក្នុងដំណើរការអន្តរក្រសួង និងអភិក្រមពហុវិស័យ ធ្វើឱ្យឆ្លើយតបបានទៅនឹងកត្តាកំណត់វិស័យសុខភិបាល។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សកម្មភាព ដែលត្រូវបានរៀបចំបែបនេះ ត្រូវបានអនុវត្តតាមអ័ក្សចំនួន ៣៖
*ទី១៖ ការឆ្លើយតបនឹងតម្រូវការចំពោះមុខរបស់ប្រជាជន តាមរយៈការពង្រីកសេវាសុខភាព ទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់ ធ្វើឱ្យប្រជាពលរដ្ឋ ៧,៥លាននាក់ នាពេលបច្ចុប្បន្ននេះ ស្មើនឹង ៤៣% ទទួលបានប័ណ្ណក្រីក្រ និងបសស ដែលមានសមាជិក ២,៤៥៣,០០០នាក់ នៅចុងខែកក្កដា។ ថ្មីៗនេះ មានមូលដ្ឋានសុខាភិបាលបន្ថែមចំនួន ១,៥៧៣ បានចូលរួម។
*ទី២៖ ការកសាងយុទ្ធសាស្ត្រសុខាភិបាលតាមវិស័យ និងការចូលរួមក្នុងការរៀបចំយុទ្ធសាស្ត្រអន្តរក្រសួង ឧទាហរណ៍់៖ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកលនៅកម្ពុជា ឆ្នាំ២០៣៥ យុទ្ធសាស្ត្រជាតិសម្រាប់កម្មករក្រៅប្រព័ន្ធ ការវិភាគរួមគ្នាជាមួយក្រសួងមុខងារសាធារណៈលើតម្រូវការបុគ្គលិក ក្នុងរចនាសម្ព័ន្ធសុខាភិបាល ដើម្បីចាត់តាំងអ្នកវិជ្ជាជីវៈចាំបាច់។
*ទី៣៖ ការពង្រឹងមធ្យោបាយឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមដំណាលគ្នា ពោលគឺការកើតមានទន្ទឹមគ្នា រវាងជំងឺឆ្លង និងជំងឺមិនឆ្លង និងជំងឺរុំារ៉ៃ ដែលកំពុងតែកើនឡើងយ៉ាងខ្លាំង។ ការពង្រឹងមធ្យោបាយដំណើរការទៅបាន តាមរយៈបែបបទអន្ដរាគមន៍ចំនួន ៤ គឺការបណ្ដុះបណ្ដាលធនធានមនុស្ស បរិក្ខារ សំណង់ និងការពង្រឹងភាពជាដៃគូអន្ដរជាតិ។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នៅមានវឌ្ឍនភាពដែលត្រូវសម្រេចឱ្យបានលើប្រធានបទផ្សេងទៀត ដូចជាការឈានឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ដែលត្រូវតែកើនឡើងពី ៥១% ទៅ ៨០% ក្នុងឆ្នាំ២០៣៥ ការចាត់តាំងបុគ្គលិកសុខាភិបាលនៅតំបន់ជនបទដាច់ស្រយាល ការពង្រឹងគោលនយោបាយបង្ការ ការពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ល៕