(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមក្នុងការចែករំលែក ស្តីអំពី ហិរញ្ញប្បទានបៃតង នៅក្នុងវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
លោកបណ្ឌិតបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី, សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបចំគោលនយោបាយច្រើនណាស់ ជាពិសេសទាក់ទង និងហិរញ្ញប្បទានបៃតងនេះ។ ធនាគារ ARDB បានផ្តល់ជូនឥណទានបៃតងលើផ្នែកបន្លែ ផ្នែកប្រព័ន្ធស្រោចស្រព ការដាំបន្លែលើទឹក ប្រព័ន្ធសូឡា និងជាពិសេសផ្តោតលើវិស័យកសិកម្មតែម្តង។
លោកបណ្ឌិតបានបន្តទៀតថា ការអភិវឌ្ឍខាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺបានបន្តរៀបចំធ្វើកិច្ចការនេះ ដើម្បីទាក់ទាញទុនពីក្រៅប្រទេស ទៅឲ្យធនាគារជាដៃគូក្នុងស្រុក ហើយកន្លងទៅយើងបានទទួលការអនុម័តពី GCF ដែលមានទុន ប្រមាណ ១០០លានដុល្លារអាមេរិក មកជាលំហូរទុនមកកម្ពុជា ដើម្បីធ្វើកិច្ចការងារ នៃការផ្តល់ជាឥណទានផ្នែកហិរញ្ញប្បទាន។
លោកបណ្ឌិតបានលើកឡើងថា កន្លងទៅធនាគារ ARDB បានអនុវត្តការងារជាក់ស្តែងដូចជា៖ ហិរញ្ញប្បទានបៃតងផ្តោតលើផ្នែកបន្លែ ផ្លែឈើ ក្នុងនោះ មាន៣កសិដ្ឋានសាកល្បងដូចជា៖ កសិដ្ឋានប្រសិទ្ធ សហគន៍តាសីសាមគ្គី នៅខេត្តបាត់ដំបង និងនៅឃុំជ័យធំ ខេត្តកណ្តាល ដោយបញ្ចូលការទទួលខុសត្រូវ ផ្នែកបរិស្ថានផងដែរ។
ថ្លែងបន្ថែមក្នុងបទបង្ហាញនេះដែរ លោកបណ្ឌិតប្រតិភូបានបញ្ជាក់ថា បញ្ហាប្រឈមរបស់យើង លើផ្នែកហិរញ្ញប្បទានបៃតង គឺការយល់ដឹងនៅមានកំរិតទាបនៅឡើយ មិនថា តែប្រជាពលរដ្ឋនោះទេ គឺក្នុងចំណោមអ្នកកែច្នៃ អ្នកដាំដុះ ការយល់ដឹងមិនបានទូលំទូលាយ ពីឥណតានបៃតងនេះ នៅឡើយទេ។
លោកបន្ដថា លើសពីនេះទៅទៀត ក្នុងក្របខណ្ឌផ្នែកផ្លូវច្បាប់ និងគតិយុទ្ធវិញ នៅខ្វះចន្លោះច្រើនដែរ។ រាល់ថ្ងៃនេះ យើងកំពុងតែប្រើប្រាស់បច្ចេកទេសខ្លួនឯង និងនៅក្នុងប្រព័ន្ធធនាគារខ្លួនឯង ដែលនៅមានកម្រិតនៅឡើយ។
ស្របជាមួយយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារ ARDB បានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់លទ្ធភាពទទួលបាន ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអភិវឌ្ឍន៍ កំពុងសហការយ៉ាងជិតស្និទ្ធិ ជាមួយដៃគូយុទ្ធសាស្ត្រជាតិ និងអន្តរជាតិ ដើម្បីផ្សារភ្ជាប់គោលដៅរបស់ខ្លួន ជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
កាលពីឆ្នាំ២០២២កន្លងទៅ ធនាគារ ARDB បានបង្កើតនាយកដ្ឋាន ហិរញ្ញប្បទានបៃតង ក្នុងគោលបំណងចូលរួមកាត់បន្ថយ ផលប៉ះពាល់ដល់បរិស្ថាន បង្កើនភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ និងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលអាចធ្វើឲ្យវិស័យកសិកម្មសម្របខ្លួន បានទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ទុនបង្វិល និងការគាំទ្រដល់ការវិនិយោគ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។
ធនាគារ ARDB បានគាំទ្រដល់វិស័យស្រូវអង្ករ បន្លែសុវត្ថិភាព ប្រព័ន្ធស្រោចស្រព និងផ្ទះសំណាញ់ ដែលបាននិងកំពុងសហការ ជាមួយមូលនិធិអាកាសធាតុបៃតង និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីផ្តល់ឥណទានបៃតង ក្រោមគម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា សំដៅជំរុញអន្តរកាលឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង។
សូមជម្រាបថា សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺជាសក្ខីភាពបង្ហាញពីតម្រូវការឥណទានបៃតង ក្នុងប្រទេសកម្ពុជា និងសក្តានុពលរបស់ធនាគារ ARDB ក្នុងការដើរតួជាគ្រឹះស្ថានហិរញ្ញវត្ថុ អន្តរការីដ៏សំខាន់មួយ ដែលចូលរួមបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង៕