(ព្រះវិហារ)៖ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ក្រសួងផែនការ មានគោលដៅប្រែក្លាយការប្រមូលទិន្នន័យដោយប្រើកម្រង សំណួរលើក្រដាស ទៅជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជំនួសវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្ត្រីប្រមូលទិន្នន័យ ក្នុងការចុះធ្វើអង្កេតជំរឿន ចន្លោះជំរឿន។
ការថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងផែនការ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរផែនការខេត្តព្រះវិហារ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងប្រតិភូអមដំណេីរថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តព្រះវិហារជាច្រើនរូប។
ក្នុងឱកាសនោះ លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្តព្រះវិហារ បានថ្លែងស្វាគមន៍ដោយលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពលខេត្ត និងជម្រាបជូនអំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធដឹកនាំ និងស្ថានភាពមន្ត្រីរាជការមន្ទីរផែនការ ពិសេសសមិទ្ធផលការងារដែលសម្រេចបានរយៈពេល ១៥ខែ ដែលលោកស្រីទទួលតំណែងជាប្រធានមន្ទីរផែនការ និងបញ្ហាប្រឈម ព្រមទាំងសំណូមពរដែលជាតម្រូវការចាំបាច់ក្នុងការបំពេញការងារផងដែរ។
លោក ប៊ិន ត្រឈៃ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តព្រះវិហារ ព្រមទាំងលើកទឹកចិត្តដល់ការកសាង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងឯកភាពផ្ទៃក្នុង។
លោករដ្ឋមន្ត្រីបានថ្លែងគូសបញ្ជាក់ថា ដើម្បីភាពជាក់លាក់នៃការរៀបចំគោលនយោបាយ គឺមានតែទិន្នន័យនោះទេ ដែលជាសូចនាករមួយបញ្ជាក់អំពីលទ្ធផល និងទិសដៅពិតប្រាកដ ក្នុងនោះទិន្នន័យ កើតចេញអំពីប្រភព២សំខាន់ៗ គឺទី១៖ ទិន្នន័យមកពីការជំរឿន និងទី២៖ ទិន្នន័យរដ្ឋបាល។
លោកបញ្ជាក់ទៀតថា ទិន្នន័យជំរឿនដែលមានតាមច្បាប់ស្ថិតិមាន៣សំខាន់ៗ រួមមាន ជំរឿនប្រជាជន, ជំរឿនសេដ្ឋកិច្ច និងជំរឿនកសិកម្ម ដែលមានរយៈពេល១០ឆ្នាំម្តង។ ចំពោះទិន្នន័យរដ្ឋបាល ជាប្រភពធំសម្រាប់រៀបចំគោលនយោបាយ ស្របតាមអនុសាសន៍របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា «គោលនយោបាយ ពឹងផ្អែកលើទិន្នន័យ»។
ដូច្នេះមន្ទីរផែនការខេត្ត ត្រូវបំពេញមុខងារជាសេនាធិការ ជូនក្រសួងផែនការ លើបេសកកម្មដឹកនាំអនុវត្តសម្របសម្រួល និងគ្រប់គ្រងលើសកម្មភាពការងារ វិស័យផែនការ ស្ថិតិប្រជាជន និងអភិវឌ្ឍន៍ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ដោយធានាគុណភាព និងប្រសិទ្ធភាពនៅថ្នាក់ក្រោមជាតិ។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា ដោយមើលឃើញអំពីសារៈសំខាន់នៃការធ្វើអង្កេត និងជំរឿន ព្រមទាំងការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះការធ្វើទំនើបកម្មស្ថិតិជាតិ ដែលក្នុងនោះក្រសួងផែនការ មានគោលដៅប្រែក្លាយការប្រមូលទិន្នន័យដោយប្រើកម្រង សំណួរលើក្រដាស ទៅជាការប្រើប្រាស់ឧបករណ៍ថេបប្លេតជំនួសវិញ ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់មន្ត្រីប្រមូលទិន្នន័យ ក្នុងការចុះធ្វើអង្កេតជំរឿន ចន្លោះជំរឿន៕