(ភ្នំពេញ)៖ ដើម្បីការពារអភិរក្សធនធានធម្មជាតិនៅបឹងទន្លេសាបឱ្យមាននិរន្តរភាព និងកំណើនឡើងវិញ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាបន្តទប់ស្កាត់ និងបង្ក្រាបចំពោះការកាប់បំផ្លាញព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប ព្រមទាំងដកហូតប្រគល់ជូនរដ្ឋវិញជាបន្តបន្ទាប់។
ចំណាត់ការណ៍ប្រកបដោយភាពឈ្លាសវៃនេះ ទទួលបានការសាទរយ៉ាងក្លៀវក្លាពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ទោះបីមិនមានទីលំនៅនៅជាប់បឹងទន្លេសាប ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ចង់ឃើញបឹងទន្លេសាបនៅតែជាបឹងមួយដែលអាចផ្តល់ជម្រកសម្រាប់មច្ឆជាតិ រុក្ខជាតិ និងប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបមាននៅទីនោះ។ លោក ស៊ឹម ស៊ុយ មេឃុំព្រៃចារ បានបង្ហាញចំណាប់អារម្មណ៍ថា បឹងទន្លេសាបជាប្រភពមច្ឆជាតិដ៏ធំបំផុតរបស់ប្រជាជននិងប្រទេសកម្ពុជា ពិសេសប្រជាពលរដ្ឋដែលនៅខេត្តជុំវិញបឹងទន្លេសាបទាំង៦។
ទោះបីជាពុំធ្លាប់ទៅដល់បឹងទន្លេសាប ប៉ុន្តែលោក ឈន ឈឿន ពលរដ្ឋរស់នៅភូមិសៀមបោយ ឃុំព្រៃចារ ក៏ធ្លាប់បានឃើញការប្រកបរបរនេសាទ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅបឹងទន្លេសាប តាមរយៈបណ្ដាញសង្គម មានវីដេអូ រូបភាពជាដើម ខណៈពលរដ្ឋអាយុជាង៧០ឆ្នាំរូបនេះ ក៏ចង់ឱ្យធនធាននៅបឹងទន្លេសាបសម្បូរហូរហៀដូចជំនាន់មុនឡើងវិញ ដើម្បីបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។
ជាគ្រូពេទ្យប្រចាំមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង ខេត្តព្រះវិហារ លោក ផាន់ ណារ៉ុងវណ្ណដា ក៏បានបង្ហាញពីសារសំខាន់ខ្លះៗនៅបឹងទន្លេសាបសម្រាប់ប្រជាពលរដ្ឋ និងធម្មជាតិ ដោយលោកគ្រូពេទ្យក៏បានស្នើឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាឱ្យបានគង់វង្សយូរអង្វែងតទៅមុខ ពិសេសកុំកាប់បំផ្លាញព្រៃឈើ ឬប្រព្រឹត្តបទល្មើសផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់ធនធានធម្មជាតិនៅបឹងទន្លេសាប។
ដោយឡែក សម្រាប់ប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាអ្នករស់នៅផ្ទាល់ជាប់នឹងបឹងទន្លេសាប ពួកគាត់ពិតជាមិនចង់ឱ្យបាត់បង់ធនធានព្រៃលិចទឹក ធនធានជលផល ក៏ដូចជាសក្ដានុពលសំខាន់ៗជាច្រើននៅបឹងទន្លេសាបនោះឡើយ ព្រោះប្រសិនបើបាត់បង់អ្វីទាំងនេះអស់ទៅ ជីវភាពរស់នៅរបស់ពួកគាត់នឹងកាន់តែពិបាកយ៉ាប់យ៉ឺន ឬក៏ពិបាកនឹងប្ដូរទៅរកមុខរបរថ្មីផ្សេងទៀតមកជំនួស។ លោក សុខ ប្លង់ មេឃុំកំពង់ភ្លុក បានឱ្យដឹងថា បឹងទន្លេសាបពិតជាផ្ដល់សារសំខាន់ច្រើនសម្បើមណាស់ដល់ប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្លុកដែលនៅជាប់នឹងបឹងទន្លេសាបស្រាប់។ ពួកគាត់ពុំដែលប្រព្រឹត្តការកាប់ទន្ទ្រានព្រៃលិចទឹកដើម្បីយកដីធ្វើកសិកម្មនោះឡើយ ផ្ទុយទៅវិញគឺមានតែខិតខំដាំស្ដារព្រៃលិចឡើងវិញ ដើម្បីជាប្រយោជន៍សម្រាប់សហគមន៍ទាំងមូល។ លោកមេឃុំបានបន្តថា ប្រជាពលរដ្ឋមិនដែលព្រឹត្តបទល្មើសនេសាទ និងបទល្មើសផ្សេងៗដើម្បីតែតម្រូវការមួយពេលនោះឡើយ ផ្ទុយទៅវិញប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុកមានតែស្រឡាញ់ និងចូលរួមថែរក្សាការពារធនធានធម្មជាតិនៅក្នុងមូលដ្ឋាន ការពារព្រៃលិចទឹក។ ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក ភាគច្រើនចេញទៅនេសាទ និងខ្លះទៀតបើកកាណូត អុំទូកជូនភ្ញៀវទេសចរទស្សនាព្រៃលិចទឹក។
ដោយមើលឃើញស្មារតីចូលរួមរបស់ប្រជាពលរដ្ឋដែលស្រឡាញ់ ការពារធនធានធម្មជាតិនៅបឹងទន្លេសាបយ៉ាងដូច្នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក ក៏បានចូលរួមសហការជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញ ប្រជាការពារ និងប្រជាពលរដ្ឋមូលដ្ឋានអនុវត្តកិច្ចការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅបឹងទន្លេសាបជាប្រចាំ។ លោកវរសេនីយ៍ត្រី ភ្លន់ សុធាវិន នាយកប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក បានឱ្យដឹងថា ប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុកសុទ្ធតែជាអ្នកស្រឡាញ់ធនធានធម្មជាតិនៅបឹងទន្លេសាប មិនដែលឃើញមានការកាប់បំផ្លាញព្រៃលិចទឹកដែលជាប្រភពទ្រទ្រង់ជីវភាពរបស់ខ្លួនឡើយ គឺមានតែជួយចូលរួមថែរក្សាការពារ ដើម្បីបង្កើនសក្ដានុពល ហើយប្រើប្រាស់សក្ដានុពលទាំងនោះជាប្រយោជន៍សម្រាប់ជីវភាពវិញ ដូចជាការនេសាទទៅតាមការណែនាំរបស់អាជ្ញាធរ និងសមត្ថកិច្ច ការបម្រើសេវាកម្មជូនភ្ញៀវទេសចរ ការអាស្រ័យជាមួយអនុផលផ្សេងៗជាដើម។
ទន្ទឹមនឹងកិច្ចការពាររបស់ប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក អ្វីដែលហុចផលមកឱ្យពួកគាត់វិញនោះ គឺចំណូលដែលបានពីវិស័យទេសចរណ៍ បានន័យថា ប្រជាពលរដ្ឋចូលរួមការពារធនធានធម្មជាតិនៅបឹងទន្លេសាប ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅមកទស្សនា ហើយបម្រើសេវាកម្មជូនភ្ញៀវទេសចរ ដូចជាការបើកកាណូត អុំទូកជូនភ្ញៀវទស្សនាតំបន់ព្រៃលិចទឹក និងបឹងទន្លេសាប បម្រើសេវាកម្មម្ហូបអាហារជាដើម ហើយក៏ទទួលបានប្រាក់ចំណូលពីសេវាកម្មទេសចរណ៍នោះមកវិញ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ដែលនេះគឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះដ៏មានប្រសិទ្ធភាព។ លោក ពយ ប៊ុនប៉ា អនុប្រធានសហគមន៍កាណូតដឹកភ្ញៀវទេសចរមានជ័យកំពង់ភ្លុក បានឱ្យដឹងថា តំបន់កំពង់ភ្លុកគឺសម្បូរគោលដៅអេកូទេសចរណ៍ច្រើនណាស់ ដូចជា តំបន់ព្រៃគុហដែលមានផ្ទៃក្រឡាប្រមាណ៤៨ហិកតា ទិដ្ឋភាពថ្ងៃរៀបលិចនៅបឹងទន្លេសាប ជីវភាពរបស់នៅប្រជាពលរដ្ឋនៅជាប់នឹងបឹងទន្លេសាប និងសក្ដានុពលទេសចរណ៍ផ្សេងៗទៀត។ កញ្ញា ហាក់ ឆលីវ័ណ្ណ គ្រូពេទ្យបម្រើការនៅមណ្ឌលសុខភាព សៀងណាំ កំពង់ភ្លុក ក៏ចង់ឱ្យបាត់បង់ធនធានធម្មជាតិនៅបឹងទន្លេសាបនេះឡើយ ព្រោះបឹងទន្លេសាបផ្ដល់នូវប្រភពសារធាតុចិញ្ចឹម ប្រតេអ៉ីនយ៉ាងល្អចំពោះប្រជាពលរដ្ឋ។ ជាពលរដ្ឋនៅរស់នៅស្រុកស្ទោង ខេត្តកំពង់ធំ លោក សួ សុភ័ណ ម្ចាស់សិប្បកម្មកែច្នៃត្រីងៀតមួយកន្លែង ក៏បានអំពាវនាវឱ្យចូលរួមថែរក្សាធនធានធម្មជាតិនៅបឹងទន្លេសាបបន្តទៀតផងដែរ។
បឹងទន្លេសាប មិនត្រឹមតែជាអាយុជីវិតរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននោះទេ ប៉ុន្តែក៏ជាអនាគតរបស់យុវជនជំនាន់ក្រោយៗទៀតដែរ។ យុវជនជំនាន់ក្រោយយល់ថា កិច្ចការពារបឹងទន្លេសាប ជាកាត្វកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ហើយអ្វីដែលពួកគេចង់បាននោះ គឺនិរន្តរភាព និងកំណើននៃបឹងទន្លេសាប។ យុវសិស្ស ប្រាក់ ធីណា បានអំពាវនាវដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរ សូមពង្រឹងការការពារព្រៃលិចទឹក មច្ឆជាតិទាំងឡាយដែលមាននៅបឹងទន្លេសាប ដើម្បីបន្តនិរន្តរភាពសម្រាប់កូនខ្មែរជំនាន់ក្រោយ។ យុវសិស្ស ធន់ តុលា បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបឹងទន្លេសាប សូមបន្តចូលរួមថែរក្សាការពារព្រៃលិចទឹក ត្រីនិងមច្ឆជាតិ ក៏ដូចជាធនធានធម្មជាតិនានានៅតំបន់បឹងទន្លេសាប សូមកុំកាប់បំផ្លាញព្រោះតែតម្រូវការមួយពេល តែគួរតែចូលរួមថែរក្សានិងដាំស្ដារព្រៃលិចទឹកបន្ថែមទៀត ដើម្បីជាជម្រកសម្រាប់ពូជត្រីនិងមច្ឆជាតិ។ យុវសិស្ស ឡាំ ស្រីនាង ក៏បានអំពាវនទៅកាន់សិស្សានុសិស្សទាំងអស់គ្នាសូមខិតខំសិក្សាឈ្វេងយល់ពីសារប្រយោជន៍នៃបឹងទន្លេសាប និងធនធានធម្មជាតិនៅបឹងទន្លេសាប ត្រូវបំផុសស្មារតីចូលរួមការពារអភិរក្សព្រៃលិចទឹក ដែលជាជម្រករបស់ជីវចម្រុះ ត្រីនិងមច្ឆជាតិទាំងឡាយនៅបឹងទន្លេសាប។ ការរក្សាបាននូវធនធានធម្មជាតិទាំងនេះ គឺដើម្បីបន្តនិរន្តរភាពនិងកំណើនសម្រាប់តំបន់បឹងទន្លេសាប គឺដូចជាជួយផ្ដល់ឱ្យប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាបបន្តរស់នៅតាមល្អប្រសើរ។
ទាំងនេះគឺសុទ្ធតែបង្ហាញពីសាមគ្គីភាពរបស់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការចូលរួមការពារធនធានធម្មជាតិនៅបឹងទន្លេសាប ដើម្បីស្ថិរភាព និរន្តរភាព និងកំណើននៅបឹងទន្លេសាប និងតំបន់ជុំវិញបឹងទន្លេសាប។ ក៏ប៉ុន្តែបញ្ហាដែលប៉ះពាល់ និងរាំងស្ទះដល់កិច្ចអន្តរាគមន៍នេះ គឺនៅតែមាន ដូចជា ការប្រែប្រួលអាកាសធាតុ ការប្រព្រឹត្តបទល្មើសរបស់ជនខិលខូច ព្រមទាំងភាពឆកល្វែងមួយចំនួនផងដែរ។
មានកត្តាជាច្រើនដែលធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិនៅបឹងទន្លេសាបនាពេលបច្ចុប្បន្ន គឺមានដូចជាបម្រែបម្រួលអាកាសធាតុ ដោយនៅរដូវប្រាំងអាកាសធាតុក្ដៅខ្លាំង ត្រពាំង បឹងបួរនានារីងគោកអស់ កន្លែងដែលនៅមានទឹកក៏កាន់តែរាក់ ហើយក៏ធ្វើឱ្យទឹកក្ដៅដល់បាត់ផងដែរ។ ការកើនឡើងកម្ដៅក៏ធ្វើឱ្យមានភ្លើងឆេះព្រៃរាប់សិបហិកតា។ ទោះបីជាបញ្ហានៅតែកើតមាន ប៉ុន្តែប្រជាពលរដ្ឋ អាជ្ញាធរដែនដី កម្លាំងសមត្ថកិច្ច និងអង្គភាពជំនាញពាក់ព័ន្ធ នៅតែបន្តដោះស្រាយដូចភ្លៀងរលឹម មិនរុញរានោះឡើយ ដើម្បីស្ដារធនធានព្រៃលិចទឹក ធនធានជលផល ក៏ដូចជាកិត្តិនាមនៃបឹងទឹកសាបដែលធំជាងគេនៅអាស៉ីអាគ្នេយ៍នេះឡើងវិញ។
គួរបញ្ជាក់ដែរថា ដើម្បីលើកកម្ពស់និងជំរុញប្រសិទ្ធភាពការអភិរក្សធនធានធម្មជាតិនៅបឹងទន្លេសាប រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតអាជ្ញាធរអាងទន្លេសាប ហើយតាមរយៈកំណែទម្រង់នេះ «អាជ្ញាធរទន្លេសាប» ក៏ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត /០៦០៩/៧០៥ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩ ដែលជាអង្គភាពថ្នាក់ជាតិមួយ ជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្របសម្រួល គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់បឹងទន្លេសាបប្រកបដោយចីរភាព និងដើរតួនាទីជាអង្គភាពសិក្សា ស្រាវជ្រាវ តាមដាន និងវាយតម្លៃអំពីសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច និងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ហើយក៏ជាអង្គភាពរៀបចំបង្កើតឡើងនូវផែនទីបង្ហាញផ្លូវ ទស្សនវិស័យ គោលនយោបាយ យុទ្ធសាស្ត្រជូនរាជរដ្ឋាភិបាល។ លើសពីនេះ អាជ្ញាធរទន្លេសាបក៏មានភារកិច្ចក្នុងការតាមដាន ត្រួតពិនិត្យ ធ្វើអធិការកិច្ចដែនព្រៃលិចទឹកនិងព្រៃលិចទឹក ដែលបានកំណត់ដោយអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១១ កំណត់ដែនព្រៃលិចទឹកចំនួន ៦៤៧.៤០៦ ស្ថិតនៅក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប (ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។ បន្ថែមពីនេះ អាជ្ញាធរទន្លេសាប បានសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធក្នុងការបោះបង្គោលកំណត់ព្រំតំបន់៣នៃព្រៃលិចទឹក និងដែនព្រៃលិចទឹកនៅក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប គិតមកដល់ពេលនេះការងារសម្រេចបានប្រមាណជាង៧០ភាគរយ ដោយស្របតាមគោលការណ៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកំណត់តំបន់ព្រៃលិចទឹកបឹងទន្លេសាប នៃប្រទេសកម្ពុជាយើង៕