(សៀមរាប)៖ សមាគមចុងភៅកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិធីដើម្បីអបអរ ដែលសមាជិករបស់សមាគម បានប្រឡងជាប់ជ័យលាភីលេខ១ នៅមុខម្ហូប (អាម៉ុក) ក្នុងកម្មវិធីការប្រកួតចម្អិនម្ហូបដ៏ធំ សម្រាប់ចុងភៅវ័យក្មេងក្រោមអាយុ២៤ឆ្នាំ ក្នុងកម្មវិធី (Thailand World Junior Chef Battle 2024) កាលពីថ្ងៃទី២៨ -៣១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ នៅប្រទេសថៃ។
ការប្រកួតលំដាប់អន្តរជាតិនេះ រៀបចំឡើងដោយសមាគមចុងភៅថៃ និងសមាគមចុងភៅពិភពលោក (WAC) ដែលមានបេក្ខភាពចំនួន ១៦ក្រុម (មកពី ១៣ប្រទេស) រួមមាន៖ ប្រទេសកម្ពុជា អូស្ត្រាលី ចិន ក្រិច ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ាឌីវ ម៉ុងហ្គោលី សិង្ហបុរី កូរ៉េខាងត្បូង សហរដ្ឋអាមេរិក វៀតណាម និងថៃ (៤ តំបន់)។
ចំពោះសមាសភាពដែលចូលរួម មានដូចជា៖ លោកស្រី ប៉ុល គឹមសាន (ប្រធានសមាគមចុងភៅកម្ពុជា) ជាគណៈកម្មការតំណាងកម្ពុជា, លោក ឈន ប៊ុនឈូ (ប្រធានសមាគមចុងភៅវ័យក្មេងកម្ពុជា) ជាអ្នកដឹកនាំក្រុម, កញ្ញា អាត វ៉ាន់ លីដា (សមាជិកសមាគមចុងភៅវ័យក្មេងកម្ពុជា) ជាបេក្ខភាពប្រកួត និងលោក មាន សុជាតិ (សមាជិកសមាគមចុងភៅវ័យក្មេងកម្ពុជា) ជាបេក្ខភាពប្រកួត។
ក្នុងឱកាសនោះ លោកស្រី ប៉ុល គឹមសាន បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលសមាជិករបស់សមាគមចុងភៅកម្ពុជា បានចូលរួមការប្រកួតចម្អិនម្ហូបដ៏ធំ និងទទួលបានជ័យលាភីលេខ១ ដោយយកមុខម្ហូប ( អាម៉ុក) ដែលជាមុខម្ហូបតំណាងប្រទេសមកធ្វើការប្រកួត ក្នុងនោះដេរ បេក្ខភាពទាំង ១៦ក្រុម គឺត្រូវធ្វើមុខម្ហូប ( អាម៉ុក ) ដូចៗគ្នាទាំងអស់។
លោកស្រីបន្តថា ក្នុងនាមជាគណៈកម្មការ គឺមានភាពសុក្រឹតណាស់ ដោយគេចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ គេពិនិត្យនៅខាងក្នុង គឺនៅផ្នែកចង្ក្រានបាយ ដោយគេពិនិត្យទៅលើផ្នែកអនាម័យ និងទិចនិចក្នុងការធ្វើម្ហូប។
លោកស្រី ប៉ុល គឹមសាន បានបន្តថា សម្រាប់អ្នកស្រីគណៈកម្មការគ្រាន់តែជាអ្នកភ្លក់ប៉ណ្ណោះទេ ដោយមិនដឹងមុខម្ហូបមួយចានៗនឹង ក្រុមណាជាអ្នកធ្វើនោះទេ គឺ(ភ្លក់ដោយសម្ងាត់) តែចំពោះមុខម្ហូប(អាម៉ុក) គឺប្រទេសផ្សេងៗគេធ្វើដែរ ហើយប្រទេសថៃក៏គេមានឈ្មោះមុខម្ហូប(អាម៉ុក)នឹងដែរ ក៏ប៉ុន្កែតែការធ្វើរបស់គេ គឺវាខុសគ្នាពីយើង ដោយគេយកសាច់ត្រីទៅកិនឲ្យហ្មត់តេម្តង។
លោកស្រី បន្តថា សម្រាប់អាម៉ុកខ្មែររបស់យើង គឺសាច់ត្រីហាន់ជាបន្ទះៗ មានស្លឹងញរ គ្រឿងបុករបស់យើងម៉ត់ល្អ និងមានខ្ទីសដូង នៅពេលដែលភ្លក់មានរស់ជាតិអាម៉ុករបស់ខ្មែរយើង គឺខុសពីគេ ដោយមានអារ៉ូម៉ា ក្លិនឆ្ងុយខ្ជាយ ក្លិនឆ្ងុយប្រហុក ជាពិសេស គ្រឿងផ្សំសំខាន់ជាងគេរបស់អាម៉ុកខ្មែរយើង គឺ(ស្លឹកញរ)។ ហើងប្រទេសផ្សេងៗគេឲ្យគ្រឿងផ្សំដូចៗគ្នាទាំងអស់ ក៏ប៉ុន្តែគាត់មិនបានដាក់ស្លឹកញរចូលក្នុងមុខម្ហូបអាម៉ុកនេះទេ ហើយជួនកាលទៀត គាត់ដាក់ប្រហុកចូលច្រើនពេក។
លោកស្រី បន្តទៀតថា ចំពោះការតុបតែងចានវិញក៏ខុសគ្នាផងដែរ ដោយសារ គេឲ្យស្លឹកចេក ដើម្បីឲ្យយើងកាច់ធ្វើជាខ្ទង ដោយអ្នកខ្លះគាត់កាច់ជាបួនជ្រុង និងអ្នកខ្លះទៀតគាត់កាច់ជាម៉ូដផ្សេងៗទៅ ក៏ប៉ុន្តែសម្រាប់ខ្មែរយើងវិញគាត់កាច់ជាបួនជ្រុង ចំពោះរស់ជាតិវិញ គឹខុសពីគេតែម្តង។
លោកស្រី ប៉ុល គឹមសាន បញ្ជាក់ថា ពិធីនេះនឹងជួយផ្សព្វផ្សាយពីមុខម្ហូបរបស់ខ្មែរ គឺ(អាម៉ុក) ឲ្យបានកាន់តែទូលំទូលាយថែមទៀត និងក៏ជាការទាក់ទាញភ្ញៀវទេសចរឲ្យមកភ្លក់មុខម្ហូបរបស់ខ្មែរយើង ចំពោះមុខម្ហូបរបស់ខ្មែរមានច្រើនទៀត ដែលមានរស់ជាតិឆ្ងាញ់ មិនម៉ែនមានតែ(អាម៉ុក)មួយមុខនោះទេ។
លោក ឈន ប៊ុនឈូ បានលើកឡើងថា នេះជាព្រឹត្តិការណ៍ដំបូងដែលទើបតែបង្កើតឡើងនៅក្នុងប្រទេសថៃ ហើយក៏ជាប្រកួតលំដាប់ពិភពលោក មិនម៉ែនមានតែទ្វីបអាស៊ីនោះទេដែលចូលរួម គឺមានមកពីទ្វីបអ៊ឺរ៉ុប និងទ្វីបអាមេរិច ដែលបានមកចូលរួមក្នុងកម្មវិធីផងដែរ។
លោកបន្តថា គោលបំណងក្នុងកម្មវិធី គឺគេផ្តោតសំខាន់ទៅលើមុខម្ហូបប្រចាំប្រទេស ចឹងមាន១៦ក្រុម គឺមាន១៦មុខម្ហូប ដោយក្នុងមួយក្រុមមានមួយមុខតំណាង ដោយប្រទេសកម្ពុជារបស់យើង គឹ(មុខម្ហូបអាម៉ុក)ហើយប្រទេសថៃមាន៤ក្រុម គឺមាន៤មុខដែលយកមកធ្វើការប្រកួត ក្នុងនោះមាន៖ តុងយាំ លាប កែងលាង និងខៅលាង និងមានមុខម្ហូបតំណាងប្រទេសផ្សេងៗទៀតផងដែរ។
លោកបានបន្តថា បេក្ខភាពប្រកួតទាំង១៦ក្រុម គឺត្រូវធ្វើ១៦មុខ ដោយក្នុង១៦មុខនឹងគេបែងចែកជា០៤ថ្ងៃ ដោយក្នុង០១ថ្ងៃយើងប្រកួត០៤មុខ ហើយក្នុង០១មុខយើងធ្វើ១០ចាន ក្នុង២ម៉ោងដំបូងយើងចេញ០៥ចាន និងបន្ទាប់មកយើងចេញ០៥ចានទៀត ហើយក្នុង០១ថ្ងៃយើងចេញ៤០ចាន រយៈពេល៤ម៉ោង។
ជាមួយនេះ លោកបញ្ជាក់ថា បេក្ខភាពដែលចូលរួមក្នុងការប្រកួតទាំងអស់ ដើម្បីការពារមុខម្ហូបតំណាងប្រទេសរបស់ខ្លួន ដូច្នេះហើយ ត្រូវខិតខំព្យាយាមធ្វើនូវមុខម្ហូបដដែលៗ ដើម្បីឲ្យទទួលបាននូវមុខម្ហូបដែលមានរស់ជាតិឆ្ងាញ់ និងមានសោភ័ណភាពល្អ ជាពិសេស មានភាពទាក់ទាញផងដែរ៕