(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា អាជ្ញាធរខេត្តតាកែវគ្រោងរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនិងភ្លើងបំភ្លឺផ្លូវ នៅតាមទីប្រជុំជន សួនច្បារ និងទីសាធារណៈនានាក្នុងក្រុង និងទីប្រជុំជន ដើម្បីកាត់បន្ថយបាននូវអំពើអសន្ដិសុខផ្សេងៗដែលបង្កផលប៉ះពាល់ដល់សុខសណ្ដាប់ធ្នាប់សង្គម។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០៤ អភិបាលខេត្តតាកែវ បានថ្លែងថា កន្លងមកនេះយើងសង្កេតឃើញថា នៅតាមបណ្ដាទីតាំងមួយចំនួនក្នុងក្រុងរបស់យើង មានផ្លូវខ្លះមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងផ្លូវខ្លះទៀតមិនទាន់មានភ្លើងបំភ្លឺផ្លូវទេ ដែលបង្កការលំបាក និងហានិភ័យដល់ពលរដ្ឋធ្វើដំណើរនៅពេលយប់។
ទន្ទឹមនឹងនេះ អាជ្ញាធរនឹងរៀបចំបំពាក់ភ្លើងបំភ្លឺផ្លូវបន្ថែមទៀត ដោយភ្ជាប់ជាមួយកាមេរ៉ាសុវត្ថិភាព ដើម្បីលើកកម្ពស់សោភ័ណភាព និងធានាបាននូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេសងាយស្រួលដល់កម្លាំងសមត្ថកិច្ច តាមដានសកម្មភាព ទីតាំង និងចុះបង្ក្រាប ក្រុមក្មេងទំនើង ចោរលួចឆក់ប្លន់ និងករណីគ្រឿងញៀនជាដើម បានទាន់ពេលវេលា។
លោក វ៉ី សំណាង បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយថាមពល និងប៉ិនប្រសប់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារសង្គម ពិសេសការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ស្របពេលប្រទេសជាតិមានសុខសន្ដិភាពពេលលេញ។
អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងយន្តការភូមិឃុំសង្កាត់មានសុវត្ថិភាព ដោយធ្វើការបង្ក្រាប ទប់ស្កាត់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង ចោរលួចឆក់ប្លន់ កុំឲ្យកើតមានតទៅទៀត ដើម្បីធានាបាននូវសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕