(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងក្រុមល្បាតចល័តការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត ចុះផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៣/៤៤ ភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន។

ឱកាសនោះ មន្ត្រីនគរបាលបានផ្សព្វផ្សាយដល់អ្នកបើកបរយានយន្តធន់ធ្ងន់ចំនួន ១៣នាក់ មានរថយន្ត ១៣គ្រឿងឱ្យយល់ដឹងពីការប្រើប្រាស់កន្លងផ្លូវ, ការប្រើប្រាស់ល្បឿន, ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់, ការបើកបរក្នុងភាពងងុយគេង, ការគោរពសិទ្ធិអាទិភាព, ការយោគយល់អធ្យាស្រ័យ, ស្ថានភាពចុះចំណោទពេលមានភ្លៀងធ្លាក់ និងបកកញ្ចក់ខ្មៅ ដោះស៊ីផ្លេ វាំងនន តុក្កតា ចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន៕