(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះពិនិត្យទីតាំងផ្ទះពីរល្វែង ស្ថិតនៅភូមិ៨ សង្កាត់បឹងត្របែក ក្រោយទទួលបានសេចក្ដីរាយការណ៍ថា ទីតាំងនេះសង្ស័យលួចបើកល្បែងស៉ីសងខុសច្បាប់។
ក្រុមការងារបានពិនិត្យតាមជាន់ និងគ្រប់បន្ទប់នីមួយៗពុំរកឃើញសម្ភារៈ ឬសកម្មភាពពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងខុសច្បាប់ ដូចការចោទប្រកាន់នោះឡើយ។ តាមការអះអាងរបស់ឈ្មោះ យិន ចន្ធី តំណាងអ្នកជួលបានប្រាប់ក្រុមការងារថា ទីតាំងខាងលើនេះធ្លាប់ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ចុះបង្ក្រាបទីតាំងខាងលើនេះ ដែលធ្លាប់លួចបើកល្បែងស៊ីសងខុសច្បាប់ កាលពីកំឡុងឆ្នាំ២០២២ ម្ដងរួចមកហើយ។
ទន្ទឹមនេះក្រុមការងារបានណែនាំឈ្មោះ យិន ចន្ធី តំណាងអ្នកជួលរបស់ឈ្មោះ តុន ប៉ុណ្ណាវុធ ដូចខាងក្រោម៖
* មិនអនុញ្ញាតឲ្យប្រកបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងទីតាំងដាច់ដាច់ខាត
* មិនអនុញ្ញាតឲ្យជួញដូរ ប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងដាច់ដាច់ខាត
* មិនអនុញ្ញាតឲ្យជួញដូរផ្លូវភេទនៅក្នុងទីតាំងដាច់ដាច់ខាត។
លោកស្រី យិន ចន្ធី តំណាងអ្នកជួល បានឯកភាពតាមការណែនាំរបស់ក្រុមការងារ ករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារទេ នោះអាជ្ញាធរនឹងចុះអនុវត្តតាមវិធានរដ្ឋបាលច្បាប់៕