(ត្បូងឃ្មុំ)៖ ក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ជូនដល់ចាស់គ្មានទីពឹង កុមារកំព្រា និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ចំនួន១២០០គ្រួសារ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលតែងតែឧបត្ថម្ភគាំទ្រ ដល់កាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត ក្នុងការនាំយកស្បៀងសម្ភារៈ និងថវិកា មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ។
ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ចំនួនប្រាំមួយដូចខាងក្រោម៖
១-សូមពុកម៉ែបងប្អូន យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ចរាចរណ៍ គ្រប់ពេលវេលា ព្រោះគ្រោះថ្នាក់ចរាចរណ៍នៅតែជាកត្តា ព្រួយបារម្ភជាងគេបំផុត នៅកម្ពុជា ដែលភាគច្រើនកើតឡើង ដោយកត្តាមនុស្ស បើកបរមិនគោរពគ្នា មិនចេះអធ្យាស្រ័យមិនគោរពច្បាប់ ចរាចរណ៍ ជែងគ្នា និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ។
២-សូមពុកម៉ែបងប្អូន ពិសេសក្មួយៗយុវជនកាកបាទក្រហម នៅតាមសាលារៀន ជួយអូសទាញមិត្តភក្តិ សិស្ស ឬយុវជនដែលដើរខុសផ្លូវ ឱ្យមកដើរផ្លូវត្រូវវិញ។ ត្រូវជៀសវាងដាច់ខាតនូវ ល្បែងស៊ីសង គ្រឿងញៀន អំពើពាលាអាវាសែ ដែលជាមូលហេតុ នៃការកើតឡើងអំពើ ហិង្សាក្នុងគ្រួសារ ចារកម្ម ចោរកម្ម ឬសម្លាប់មនុស្សជាដើម។
៣-អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ សូមអញ្ជើញទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ និងលេបថ្នាំពន្យារជីវិត ឱ្យបានទៀងទាត់ទៅតាម កាលកំណត់របស់គ្រូពេទ្យ ហើយបើយើងជាអ្នកផ្ទុក សូមកុំចម្លងទៅអ្នកដទៃទៀត។ ចំពោះអ្នកមានផ្ទៃពោះ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ និងសម្រាលកូននៅមណ្ឌលសុខភាព ដើម្បីកុំឱ្យឆ្លងមេរោគពីម្តាយទៅទារក។ ចំណែកឯស្ត្រីមានផ្ទៃពោះទូទៅ ត្រូវទៅពិនិត្យសុខភាព ឱ្យបានទៀងទាត់ ហើយត្រូវសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត។
៤-សូមលោកយាយលោកតា បងប្អូនក្នុងគ្រួសារនីមួយៗ ពិសាទឹកឆ្អឹន និងមានអនាម័យល្អក្នុងការរស់នៅ ដើម្បីកាត់បន្ថយអត្រាឈឺក្នុងផ្ទះ ព្រោះថា បើមានជំងឺហើយ គឺសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះហើយ។
៥-សូមប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុគ្រប់បោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញភារកិច្ចជាប្រជាពលរដ្ឋ ឱ្យបានគ្រប់ៗគ្នា។
៦-សូមប្រជាពលរដ្ឋចងចាំ ពីទុក្ខវេទនាដែលកម្ពុជាធ្លាប់ឆ្លងកាត់ នូវរបបប៉ុលពត ជារបបប្រល័យពូជសាសន៍ដ៏សាហាវព្រៃផ្សៃបំផុត ដែលយើងទាំងអស់គ្នា ត្រូវទប់ស្កាត់របបនេះ មិនឱ្យវិលវិញម្តងទៀត។
គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ ៤ដប នំបុ័ង១ដើម និងថវិកា ២មុឺនរៀល។ ជនពិការម្នាក់ ទទួលបាន រទេះជនពិការ ១។ ដោយឡែក ក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕