(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ឯកអគ្គរាជទូតថៃ ដែលរួមចំណែកជំរុញ និងដំឡើងទំនាក់ទំនងប្រទេសទាំងពីរ។
ការលើកឡើងនេះ ក្នុងឱកាសដែល រដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ញាតឲ្យ លោក ឆឺតកៀត អាត់ថាកន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចប់អាណ្ណត្តិចូលជួបសម្ដែងការគួរសម និងជម្រាបលា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់ឯកអគ្គរាជទូតថៃ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ដែលត្រូវបានដំឡើងទៅកាន់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ ស្របពេលដែលកម្ពុជា និងថៃ នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៥ ភាគីទាំងពីរ បានឯកភាពក្នុងការរៀបចំរួមគ្នានូវព្រឹត្តិការណ៍នានាដើម្បីអបអរសាទរឆ្នាំដ៏ពិសេសនេះ។
ក្នុងឱកាសនោះ ឯកអគ្គរាជទូតថៃ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងសម្រាប់បេសកកម្មការទូតរបស់លោក នៅកម្ពុជា។
កាលខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ ក្នុងក្របខ័ណ្ឌនៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត ប្រមុខរាជរដ្ឋាភិបាលថៃនិងកម្ពុជា បានឯកភាពលើការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី «ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕