(ភ្នំពេញ)៖ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើពង្រាងបទដ្ឋានបច្ចេកទេសសម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរៀបចំដោយក្រុមការងារបច្ចេកទេស P4I & Austroads ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលអូស្រ្ដាលី។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីពិនិត្យតាមដានវឌ្ឍនភាព ក៏ដូចជាពន្លឿនការងារទាក់ទងនឹងបទដ្ឋានបច្ចេកទេសតាមផ្នែកនីមួយៗឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណារៀបចំបទដ្ឋានបច្ចេកទេសឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងសមស្របតាមតម្រូវការស្ថានភាពបច្ចុប្បន្ន។

ជាមួយគ្នានោះផងដែរលោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្រ្តីបច្ចេកទេសទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្ដាលី សំដៅសម្រេចបាននូវការរៀបចំបទដ្ឋានបច្ចេកទេសសម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានជោគជ័យ និងប្រកបដោយគុណភាព៕