(កំពង់ចាម)៖ ក្នុងឱកាសអញ្ជើញប្រកាសលោក ប៊ិន ឡាដា ចូលកាន់តំណែងជាអភិបាលស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំ ឲ្យរដ្ឋបាលស្រុកទើប ចូលកាន់តំណែង បន្តខិតខំធ្វើការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

បន្ទាប់ពីការឡើងប្ដេជ្ញាចិត្តរបស់លោក ប៊ិន ឡាដា, លោក អ៊ុន ចាន់ដា បានណែនាំសូមឱ្យរដ្ឋបាលស្រុកស្រីសន្ធរ ពង្រឹងគោលការណ៍៤ចំណុច ដើម្បីអនុវត្តបន្តដូចខាងក្រោម៖ 

*ទី១៖ ខិតខំបន្ថថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពោលគឺការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៧ចំណុច ត្រូវធានាឲ្យបានល្អនៅក្នុងភូមិសាស្ត្ររបស់ខ្លួន បន្ថែមពីលើសនេះ ត្រូវមើលផងដែរពាក់ព័ន្ធ បញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាបទល្មើសគ្រឿងញៀន ត្រូវទប់ស្កាត់ឲ្យបានកុំឱ្យមានបញ្ហានៅក្នុងមូលដ្ឋានរបស់ខ្លួន។

*ទី២៖ ត្រូវជំរុញនូវការផ្ដល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយទាំងថ្នាក់ឃុំ និងថ្នាក់ស្រុក ត្រូវឱ្យមានមន្ត្រីនៅប្រចាំការ ប្រសិនបើមានការខ្វះចន្លោះ សូមលោកអភិបាលស្រុកទើបតែឡើងកាន់តំណែងថ្មី ត្រូវបំពេញបន្ថែមមន្ត្រី ដើម្បីរងចាំផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

*ទី៣៖ សូមឱ្យមើលទៅលើឥរិយាបទរបស់មន្ត្រី ដែលកំពុងបម្រើការងារផ្ដល់សេវា ព្រមទាំងមន្ត្រីកំពុងអនុវត្តការងារសន្តិសុខ សេវាអប់រំ សេវាសុខាភិបាល និងសេវាកសិកម្មជាដើម។

*ទី៤៖ សូមឱ្យបង្កើននូវការយកចិត្តទុកដាក់ អភិវឌ្ឍន៍មូលដ្ឋាន និងការដោះស្រាយបញ្ហានានា ដែលកើតមាននៅទីនេះ ទាំងបញ្ហាដែលនៅសេសសល់ពីអភិបាលស្រុកមុន និងបញ្ហាដែលកើតឡើងថ្មី។

ចំពោះការអភិវឌ្ឍន៍ត្រូវយកបទពិសោធន៍ដែលធ្លាប់មាន មកបន្តអភិវឌ្ឍន៍នៅក្នុងស្រុកស្រីសន្ធរនេះ ឱ្យស្រកតាមស្ថានភាពមូលដ្ឋាន ដោយទំនាក់ទំនងចាប់ដៃគូជាមួយ អ្នកវិនិយោគផ្សេងៗ ធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៍ដល់ថ្នាក់ឃុំផងដែរ៕