(សៀមរាប)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ គឺជាកាតព្វកិច្ច របស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូបជាម្ចាស់ផ្ទះ ដែលជាធាតុផ្សំដ៏សំខាន់ នៃភាពទាក់ទាញរបស់កម្ពុជា និងជាការបង្កើតអនុស្សាវីយ៍គួរជាទីចងចាំសម្រាប់ភ្ញៀវទេសចរ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហោ សារុន តំណាងលោក សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា ស្ដីពី «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព» នៅខេត្ដសៀមរាប នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
លោក ហោ សារុន បានបញ្ជាក់យ៉ាងដូច្នេះថា «ជាការពិតណាស់ ការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ គឺជាកាតព្វកិច្ច របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបជាម្ចាស់ផ្ទះ ដែលមិនត្រឹមតែផ្តល់ ភាពកក់ក្តៅជូនភ្ញៀវ ទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ល្អផូរផង់ និងប្រពៃណី របស់ខ្មែរយើងផងដែរ»។
បន្ថែមពីនោះទៀត លោក ហោ សារុន បានគូសបញ្ជាក់ថា សកម្មភាពទាំងនេះ គឺជាធាតុផ្សំដ៏សំខាន់ នៃភាពទាក់ទាញរបស់កម្ពុជា និងជាការបង្កើតអនុស្សាវីយ៍គួរជាទីចងចាំសម្រាប់ភ្ញៀវទេសចរ។
បើតាមលោក ហោ សារុន, ក្រសួងទេសចរណ៍ មានការគិតគូរយកចិត្តទុកដាក់លើកកម្ពស់ ការផ្តល់សេវា បដិសណ្ឋារកិច្ចល្អ ផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ នៅគ្រប់កន្លែងទាំងអស់ ដែលភ្ញៀវទេសចរបានទៅដល់ និងបានទទួលសារជាកម្មរទេសចរណ៍ ដើម្បីពង្រឹង ភាពទាក់ទាញគោលដៅទេសចរណ៍ និងបង្កើនភាពពេញចិត្តរបស់ភ្ញៀវទេសចរ។
លោក ហោ សារុន បានលើកឡើងថា «ជាការពិតណាស់ ការអភិវឌ្ឍន៍វិស័យទេសចរណ៍ គឺជាការងារធំមួយ ដែលទាមទារឲ្យមានការគិតគូរ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
លោក ហោ សារុន បានឲ្យដឹងថា ក្រសួងទេសចរណ៍ ក៏ដូចជាគណៈកម្មការរដ្ឋក្រសួង គ.អ.ច.ទ តែងតែចាត់ទុកថា ការធ្វើបដិសណ្ឋារកិច្ចល្អ និងការសម្រួលការធ្វើដំណើរ នៅតាមច្រកទ្វារ គឺជាការចូលរួមចំណែកមួយមិនអាចខ្វះបាន ក្នុងការផ្តល់បទពិសោធន៍ល្អ ដល់ភ្ញៀវទេសចរ ក៏ដូចជារក្សាបានមុខមាត់ប្រទេសជាតិ និងបង្កើនភាពទាក់ទាញថែម មួយកម្រិតទៀត។
បើតាមការបញ្ជាក់របស់លោក ហោ សារុន, ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២៤នេះ កម្ពុជាទទួលភ្ញៀវទេសចរ បានចំនួន ៣.៣៤លាននាក់ កើន២៣.២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ និងសម្រេចបានរហូត ដល់៩៧.៨% ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ មុនពេលមានវិបត្តិកូវីដ-១៩។
ជាមួយគ្នានេះ លោក ហោ សារុន ក៏បានឲ្យដឹងផងដែរថា សិក្ខាសាលាខាលើនេះ មានគោលបំណងចូលរួមចំណែក ពង្រឹងភាពទាក់ទាញរបស់កម្ពុជា និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ និងអ្នកដំណើរ ដែលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ តាមរយៈការធ្វើបដិសណ្ឋារកិច្ចល្អ និងការយកចិត្តទុកដាក់ សម្រួលការធ្វើដំណើរប្រកបដោយវិជ្ជាជីវៈ៕