(កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើទៅថ្នាក់ដឹកនាំ សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP ឱ្យថ្លឹងថ្លែង​លើសេចក្តីថ្លែងការណ៍របស់ខ្លួនឱ្យត្រូវទៅនឹងស្ថានការណ៍តំបន់ និងពិភពលោកនាពេល​បច្ចុប្បន្ន​ក្នុងពេលធ្វើមហាសន្និបាតលើកទី១២ នៅក្នុងប្រទេសកម្ពុជានាខែវិច្ឆិកា ឆ្នាំ២០២៤​ខាងមុខនេះ។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កំលុងពេលនៃដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង។

នៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ ICAPP នឹងរៀបចំមហាសន្និបាតលើកទី១២ នៅរាជធានី​ភ្នំពេញ​។ នេះជាលើកទី២ហើយ ដែល ICAPP បានរៀបចំមហាសន្និបាតរបស់ខ្លួននៅកម្ពុជា។ ពាក់​ព័ន្ធ​ភាពជាម្ចាស់ផ្ទះនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​ប្រ​គល់​​ភារកិច្ចជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ធ្វើជាប្រធាននៃមហាសន្និបាត ហើយសម្តេចតេជោផ្ទាល់ធ្វើជាប្រធាន​កិត្តិ​យស។

ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, លោក ជុង អ៉ីយ៉ុង បានជម្រាបសម្តេចតេជោនូវ​ព័ត៌​មានមួយចំនួនពាក់ព័ន្ធការត្រៀមលក្ខណៈសម្បត្តិ និងការរៀបចំនានាឆ្ពោះទៅកាន់ការធ្វើ​មហា​សន្តិបាត​របស់ ICAPP នាខែវិច្ឆិកា។

បើតាមលោក ជុង អ៉ីយ៉ុង បានឱ្យដឹងថា ដំណើររៀបចំកំពុងប្រព្រឹត្តទៅបានយ៉ាងល្អ ដោយ​មាន​កិច្ចសហការ និងយកចិត្តទុកដាក់ខ្ពស់ពីភាគីកម្ពុជា។ លោក ជុង អ៉ីយ៉ុង បានជម្រាប​សម្តេច​តេជោ ហ៊ុន សែន ថា មហាសន្និបាតរបស់ ICAPP ដែលធ្វើឡើងនៅកម្ពុជាចុងឆ្នាំ​នេះ មានវិសាលភាពធំជាងពេលមុន ដោយមានបក្សនយោបាយមកពីបណ្តា​ប្រទេសនានា​ជាច្រើនចូលរួម។ មហាសន្និបាតនេះ មានគោលដៅស្វះស្វែងរកសុខសន្តិភាព ការផ្សះផ្សារ ដោះស្រាយបញ្ហាប្រឈមនានាទាំងក្នុងតំបន់ និងលើពិភពលោក ក៏ដូចជាផ្តល់ចំណេះដឹង​ទៅ​កាន់ពិភពលោកផងដែរ។

លោក ជុង អ៉ីយ៉ុង បានបង្ហាញក្តីសង្ឃឹមថា កិច្ចមហាសន្និបាតរបស់ ICAPP នឹងទទួលបាន​ជោគជ័យ ព្រោះមាន​ការគាំទ្រពីសម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ICAPP ដែលបានជ្រើសយកកម្ពុជា ធ្វើជា​ម្ចាស់​​ផ្ទះរៀបចំមហាសន្និបាតលើកទី១២។ សម្តេចតេជោ បានបង្ហាញក្តីរីករាយចំពោះព័ត៌​មានពាក់ព័ន្ធដំណើរការរៀបចំដែលប្រព្រឹត្តទៅដោយល្អប្រសើរ និងគ្មានឧបសគ្គអ្វីមករារាំង​។

សម្តេចតេជោ ក៏បានណែនាំឱ្យលោក ជុង អ៉ីយ៉ុង និងក្រុមការងារយកចិត្តទុកដាក់រៀប​ចំបែប​ប​ទនានា ជាពិសេសសេចក្តីថ្លែងការណ៍ថ្លឹងថ្លែងឱ្យសមស្របតាមស្ថានការណ៍ដោយ​បញ្ចៀស​ឱ្យបាននូវជ​ម្លោះនានាពីសំណាក់អ្នកចូលរួមមហាសន្និបាត។

លោក ជុង អ៉ីយ៉ុង បានថ្លែងអំណរគុណសម្តេចតេជោ សម្រាប់ការផ្តល់អនុសាសន៍ល្អៗ។ លោកបានលើកឡើងថា ស្ថានការណ៍ពិភពលោកបច្ចុប្បន្នមានភាពស្មុគស្មាញ មិនងាយ​ស្រួលនោះទេ ដូច្នេះលោកនឹងយកចិត្តទុកដាក់ឱ្យមហាសន្និបាតនេះទទួលបានជោគជ័យ ដោយមិនមានប្រកាន់បក្ខពួក ឬមនោគមវិជ្ជាអ្វីនោះឡើយ។

ក្នុងជំនួបនេះ លោក ជុង អ៉ីយ៉ុង បានបង្ហាញការគោរពចំពោះភាពជាអ្នកដឹកនាំរបស់សម្តេច​តេជោ។ លោកបានចាត់ទុកប្រជាជនកម្ពុជា ពិតជាមានសំណាង ព្រោះមានសម្តេចតេជោ ជាមេដឹកនាំដ៏ខ្លាំងពូកែ នាំប្រទេសពីភ្លើងសង្គ្រាម ទៅរកសន្តិភាព និងការរីកចម្រើន។ កាន់តែពិសេសថែមទៀតនោះ គឺបន្តរកបានមេដឹកនាំបន្តពោរពេញដោយសមត្ថភាព គឺ សម្តេចធិបតី ហ៊ុន ម៉ាណែត៕