(រតនគិរី)៖ ដោយបានការអនុញ្ញាត ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នៃកងរាជអាវុធហត្ថខេត្តរតនគិរី ចំនួន០៤ រូប ក្នុងនោះ ថ្នាក់វរសេនីយ៍ឯក០១រូប វរសេនីយ៍ទោ០២ រូប និងអនុសេនីយ៍ទោ០១រូប។

ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ នាយ នាយរងនិងពលអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី សរុបចំនួន១១៥នាក់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះនាយទាហាន នៃកងរាជអាវុធហត្ថខេត្តរតនគិរី ព្រមទាំងបានណែនាំឲ្យកងកម្លាំងទាំងអស់ សូមបន្តអនុវត្តភារកិច្ច និងបទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ ពង្រឹងការងារសន្តិសុខសង្គម ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងរួមគ្នាទប់ស្កាត់បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទបានកាន់តែប្រសើរ។

ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន និងក្មេងទំនើង ជាអត្ថិភាពទី១ ដែលត្រូវអនុវត្តន៍ ត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលទទួលរងដោយគ្រោះមហន្តរាយ ឬហេតុការណ៍ផ្សេងៗ ដែលកើតមានឡើង និងត្រូវ រឹតបន្តឹង ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម៕