(ស៊ីដនី)៖ ម៉ាស៊ីនរ៉ុក្កែតមួយគ្រឿង ដែលផលិតដោយក្រុមហ៊ុនអូស្ត្រាលីនោះ គឺកំពុងត្រូវបាន គេបញ្ជូនទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ISS ហើយ ដើម្បីធ្វើតេស្តសាកល្បងរយៈពេលពេញ មួយឆ្នាំ និងស្វែងយល់ពីសមត្ថភាពរបស់វា ដែលនឹងត្រូវប្រើប្រាស់នៅក្នុបេសកកម្មទៅកាន់ ភពព្រះអង្គារ នៅអំឡុងទសវត្សរ៍ឆ្នាំ២០៣០ ខាងមុខ។ នេះបើតាមស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៦។
ក្រុមហ៊ុនផ្សព្វផ្សាយរបស់អូស្ត្រាលី AB Corp. បានឲ្យដឹងនៅថ្ងៃនេះទៀតថា បច្ចេកវិទ្យារបស់ខ្លួននេះ នឹងត្រូវធ្វើការបំពាក់នៅលើយាន ដើម្បីរុញច្រានទៅកាន់ភពអង្គារ និង ត្រឡប់មកវិញ ដោយមិនចាំបាច់ ធ្វើការចាក់ឥន្ធនៈបន្ថែមនោះឡើយ។ អតីតនិស្សិតនៃសកលវិទ្យាល័យស៊ីដនី លោកបណ្ឌិត Paddy Neumann បាននិយាយថា ការអភិវឌ្ឍម៉ាស៊ីនរ៉ុក្កែត ដែលមានទំហំតូច ទុកបំពាក់នៅលើយានអវកាស នោះ គឺនឹងត្រូវជំនួសលើបច្ចេកវិទ្យារុញច្រាន ដោយរ៉ុក្កែតដែលប្រើប្រាស់រូបធាតុគីមី ដែលតម្រូវឲ្យមាន ការដាក់បញ្ចូលឥន្ធនៈច្រើន នៅជាមួយយានអវកាសនោះ។
គួរបញ្ជាក់ថាម៉ាស៊ីនរ៉ុក្កែត ខាងលើនេះត្រូវបានក្រុមអ្នកជំនាញអូស្ត្រាលី ធ្វើការអភិវឌ្ឍចាប់តាំងពី ដើមទសវត្សរ៍ឆ្នាំ២០០០ មកម្ល៉េះ ហើយវាគឺជាគ្រាប់រ៉ុក្កែតដែលតូច ប៉ុន្តែវាជាពិតជាមានប្រសិទ្ធភាព និង អាចជម្រុញល្បឿនបានលឿនខ្លាំងមែនទែន។ យ៉ាងណាក៏ដោយប្រសិទ្ធភាពជាក់ស្តែងរបស់វានឹងត្រូវ បង្ហាញចេញ បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការសាកល្បងនៅស្ថានីយ៍អវកាសអន្តរជាតិ៕