(កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តដល់រាជរដ្ឋា​ភិបាល​កម្ពុជា និងរដ្ឋាភិបាលកូរ៉េ យកចិត្តទុកដាក់លើការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាង​ប្រជាពលរដ្ឋកម្ពុជា និងកូរ៉េខាងត្បូង ជាពិសេសរវាងគ្រួសារកូនកាត់ខ្មែរ-កូរ៉េខាងត្បូង ដើម្បី​ឱ្យពួកគេបានស្គាល់ពីវប្បធម៌ប្រទេសទាំងពីរ ក៏ដូចជាចូលរួមជំរុញដល់សកម្មភាព​ទេសចរណ៍។

សម្តេចតេជោប្រធានព្រឹទ្ធសភា មានប្រសាសន៍ជំរុញបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ (KCA-Korean Culture Association) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានសមាគមវប្បធម៌កូរ៉េ បានសម្តែងការស្វាគមន៍​ប្រកបដោយភាពកក់ក្តៅ និងរីករាយសម្រាប់ជំនួបនេះ។

ក្នុងជំនួបនេះ លោកប្រធានសមាគមវប្បធម៌កូរ៉េ បានលើកបង្ហាញពីការសិក្សាស្រាវជ្រាវរបស់​លោកពាក់ព័ន្ធនឹងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ជាមួយគ្នានោះ លោកបានបង្ហាញការស្ញប់ស្ញែង​ចំពោះកិច្ចប្រឹងប្រែងរបស់សម្តេចតេជោក្នុងការដឹកនាំប្រទេស ជាពិសេសការបិទបញ្ចប់ភ្លើង​សង្គ្រាម​​នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់កម្ពុជារហូតដល់ពេលបច្ចុប្បន្ន។

លោកប្រធានសមាគម ក៏បានជម្រាបសម្តេចតេជោ ពាក់ព័ន្ធការងារមួយចំនួនពាក់ព័ន្ធការងារ​របស់សមាគមក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាង​កម្ពុជា និងកូរ៉េខាងត្បូង។

លោកប្រធានសមាគមបានជម្រាបសម្តេចតេជោផងដែរថា ក្នុងពេលខាងមុខនេះ លោកនឹង ធ្វើ​ការជាមួយលោកស្រីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង រៀបចំកម្មវិធីផ្លាស់ប្តូរ​ផ្នែកវប្បធម៌។ លោកប្រធាន សំណូមពរសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រគម្រោង​កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេសទាំងពីរ។

លោកប្រធានបានជម្រាបសម្តេចតេជោថា កាលពីខែឧសភា មានរូបថតចំនួន២ពាន់សន្លឹក ស្តីពីវប្បធម៌ និងប្រាសាទបុរាណរបស់កម្ពុជាជាច្រើន ត្រូវបានដាក់តាំងពិព័រណ៍នៅទីក្រុង​សេអ៊ូល ហើយនៅថ្ងៃទី២៦ ខែកញ្ញា សមាគមរៀបចំរាត្រីសមោសរ ដើម្បីរៃអង្គាសប្រាស់ជួយ​ដល់​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ TYDA។

បើតាមលោកប្រធានសមាគមនៅខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ សមាគមក៏នឹងរៀបចំកម្មវិធី តាំងពិព័រណ៍រូបគំនូរ នៅសៀមរាប ក្នុងគោលដៅផ្សព្វផ្សាយវប្បធម៌រវាងកម្ពុជា និងកូរ៉េ ហើយក៏នឹង​នាំសិល្បៈករល្បីៗរបស់កូរ៉េមកសម្តែងផងដែរ។

ក្នុងជំនួបនេះ លោកប្រធានសមាគមក៏បានជម្រាបពីបំណងរៀបចំការផ្លាស់ប្តូរប្រជាជន​ និង​ប្រជាជន ជាពិសេសគ្រួសារកូនកាត់រវាងខ្មែរ និងកូរ៉េ ដើម្បីឱ្យគ្រួសាររបស់ពួកគេទាំង​អ្នក​រស់​នៅកូរ៉េ និងនៅកម្ពុជា បានស្គាល់ពីវប្បធម៌រវាងប្រទេសទាំងពីរ តាមរយៈទស្សនកិច្ចសិក្សា​នានា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរទំនាក់ទំនងវប្បធម៌ និងទំនាក់​ទំនង​រវាងប្រជាជន និងប្រជាជន មិនត្រឹមជាការជំរុញទំនាក់ទំនងល្អរវាងប្រជាជន និងប្រជា​ជន​ប៉ុណ្ណោះទេ តែក៏ជួយជំរុញទំនាក់ទំនងល្អរវាងរដ្ឋ និងរដ្ឋផងដែរ។ ជាពិសេសជួយជំរុញ​ដល់​សកម្មភាព​ទេសចរណ៍រវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានមើលឃើញពីសារៈសំខាន់នៃការផ្លាស់ប្តូរទំនាក់ទំនង​រវាង​គ្រួសារកូនកាត់ខ្មែរ-កូរ៉េផងដែរ។ បើតាមសម្តេចតេជោ បច្ចុប្បន្ននេះ មានស្ត្រីខ្មែរប្រមា ៨ពាន់​នាក់ បានរៀបការជាមួយបុរសកូរ៉េ ហើយមានកូនរហូតដល់ទៅប្រមាណ ១ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យសមាគមវប្បធម៌កូរ៉េ ក៏ដូចជារាជ​រដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាលកូរ៉េ ត្រូវបង្កើតឱ្យមានការទំនាក់ទំនងរវាងគ្រួសាររបស់ពួកគេទាំង​នៅ​ខ្មែរ និងនៅកូរ៉េ ដើម្បីពួកគេបានស្គាល់ជីដូនជីតា វប្បធម៌រវាងប្រទេសទាំងពីរ ហើយក៏ជា​ចំណែក​ជួយជំរុញដល់សកម្មភាព​ទេស​ចរណ៍​ផងដែរ៕