(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងសុខាភិបាល រៀបចំវេទិកា «ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស» ដើម្បី

ជូនថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងសុខាភិបាល បង្ហាញអំពីសកម្មភាពការងារសំខាន់ៗ សមិទ្ធផល និងវឌ្ឍនភាពការងារសម្រេចបានក្នុងរយៈពេល១ឆ្នាំ រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាពនៃវិស័យជាអាទិភាពនេះ សំខាន់ការពង្រឹងសេវាសាធារណៈតាមមន្ទីរពេទ្យ សំដៅបង្កើនប្រសិទ្ធភាពការងារ និងជំនឿរបស់ប្រជាជន។

វេទិកានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩៖០០នាទី ដល់ម៉ោង ១១៖៣០នាទី នៅមន្ទីរពេទ្យកាល់ម៉ែត។

ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ខណៈដែលក្រសួងសុខាភិបាលជាស្ថាប័នជំនាញ និងអនុវត្តដោយផ្ទាល់នូវយុទ្ធសាស្ត្រដ៏មានសារសំខាន់នោះ។

សម្រាប់វេទិកានេះ ក៏មានអញ្ជើញចូលរួមដោយផ្ទាល់ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធ, លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា អ្នកសារព័ត៌មានតាមបណ្តាអង្គភាព និងស្ថាប័នមួយចំនួនចូលរួមក្នុងនោះក៏មានបណ្តាញព័ត៌មាន Fresh News ផងដែរ៕