(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដាក់អនុសាសន៍ណែនាំ ៣ចំណុចធំៗ ដល់ក្រសួង-ស្ថាប័ន ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍និងផ្នែកឯកជនទាំងអស់ ដែលអនុសាសន៍ទាំងនេះស្របតាមសារលិខិត អបអរសាទររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៦។
ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៦នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ជំរុញភាពចូលទៅដល់ជា សកល» (Tourism for All - Promoting Universal Accessibility) ក្នុងមជ្ឈមណ្ឌលប្រតិបត្តិកម្ពុជា-កូរ៉េ (CKCC) ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មន្រ្តីទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍នានា និងសិស្សនិស្សិត ជាច្រើននាក់ទៀត។
អនុសាសន៍សំខាន់ៗរបស់លោករដ្ឋមន្រ្តី ថោង ខុន ទាំង៣ចំណុចនោះ រួមមាន៖
ទី១.បន្តរួមគ្នាជំរុញការអភិវឌ្ឍទេសចរណ៍ ដែលមានការគិតគូរ ពីការជំរុញភាពទៅដល់ជាសកល សម្រាប់ទាំងអស់គ្នាដោយលោករដ្ឋមន្រ្តី បានស្នើឱ្យ ស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធទាំអស់ ចូលរួមអនុវត្តការងារទេសចរណ៍ឱ្យបានទូលំទូលាយ និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ ខ្ពស់ ស្របតាមទស្សនទាន «ទេសចរណ៍ដើម្បីទាំអស់គ្នា ទាំងអស់ដើម្បីទេសចរណ៍»។
ទី២.បន្តរួមគ្នាចូលរួមជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដើម្បីធានាឱ្យបានថា «កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងផ្ដល់ភាពកក់ក្ដៅ», ពង្រឹងគុណភាពសេវាកម្មទេសចរណ៍តាមរយៈចលនា «ប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។
ក្នុងគោលដៅនេះ ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវ ប្រកាសដាក់ឱ្យអនុវត្តន៍ក្រមសីលធម៌វិជ្ជាជីវៈសាកលសម្រាប់វិស័យទេសចរណ៍ របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ជាផ្លូវការ, ស្តង់ដារចំណាត់ថ្នាក់ភោជនីយដ្ឋាន និងអាហារដ្ឋាន, ស្តង់ដារចំណាត់ថ្នាក់មណ្ឌលកំសាន្តទេសចរណ៍មនុស្សពេញវ័យ ស្តង់ដារ MICE កម្ពុជា និងប្រកាសផ្សព្វផ្សាយអនុក្រឹត្យលេខ១៩៩អនក្រ.បក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពី ឯកសណ្ឋានសញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីអធិការកិច្ចទេសចរណ៍។
ទី៣.បន្តរួមគ្នាចូលរួមចូលអភិវឌ្ឍន៍ទេសចរណ៍កម្ពុជាជាគោលដៅទេសចរណ៍ ដែលផ្សាភ្ជាប់ទៅនឹងកិច្ចការសង្គម ដោយលោករដ្ឋមន្រ្តី បានស្នើឱ្យ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមជាមួយក្រសួងទេសចរណ៍ សិក្សាបង្កើតកម្មវិធីទាក់ទាញ «ទេសចរណ៍ វ័យចំណាស់ ហៅថាកម្ពុជាជាផ្ទះទី២» ត្រូវរៀបចំប្រព័ន្ធសុវត្ថិភាពទេសចរណ៍ បង្កើតមូលប្បទានប័ត្រដំណើរកម្សាន្តដើម្បីអនុញ្ញាត ឱ្យទេសចរក្នុងស្រុក អាចធ្វើដំណើរកម្សាន្តបាន ក្នុងកម្រិតថវិការមធ្យម។
គួរបញ្ជាក់ថា ទិវាទេសចរណ៍ពិភពលោក ធ្វើឡើងក្នុងគោលបំណងបំផុស និងបញ្ជ្រាបការយល់ដឹងជាសាធារណៈ ពីតួនាទីដ៏មាន សារៈសំខាន់ នៃវិស័យទេសចរណ៍ ក្នុងការចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ និងចូលរួមដល់កិច្ចការ ការពារបេតិកភណ្ឌវប្បធម៌ជាតិ និងបរិស្ថាន ដូចជាបំផុសឱ្យគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍នានា ចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ ឱ្យមាននិរន្តរភាព និងការទទួលខុសត្រូវ។
សូមជម្រាបថា ក្នុងឆ្នាំ២០១៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៤,៧៧៥, ២៣១នាក់ កើនឡើង ៦.១ភាគរយ ព្រមទាំងបាននាំ មកជាមួយចំណូល ៣,០១២,០០០,០០០ដុល្លារ ដែលបានបង្កើតការងារដល់ប្រជាពលរដ្ឋ ផ្ទាល់និងប្រយោល រាប់សែននាក់។ ដោយឡែក រយៈពេល៦ខែដើមឆ្នាំ២០១៦នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ២,៣៦០,៩៣២នាក់ ហើយនៅឆ្នាំ២០២០ កម្ពុជារំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ លើសពី៧លាននាក់ ជាមួយនឹងចំណូលលើសពី៥ពាន់លានដុល្លារ។
លើសពីនេះ លោករដ្ឋមន្រ្តី ថោង ខុន បានបន្ថែមថា «ថ្មីៗនេះ ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប បានចាត់ទុកកម្ពុជាជាគំរូសម្រាប់ ពិភពលោកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលមានការបែងចែកចំណូលប្រកបដោយសមធម៌ និងជាគោលដៅទេសចរណ៍ ប្រកបដោយ ការទទួលខុសត្រូវ ផងដែរ»៕