(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមចុះបោះបង្គោលព្រំ តាមព្រំប្រទល់ និងធ្វើរបងហ៊ុំព័ទ្ធជុំវិញ នៃតំបន់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដើម្បីធានាភាពត្រឹមត្រូវ និងសុក្រឹតភាព ក្នុងការថែរក្សាការពារ និងគ្រប់គ្រងតំបន់មាត់អាងវារីអគ្គិសនី ព្រមទាំងព្រៃឈើ ប្រកបដោយចីរភាព និងនិរន្តរភាព។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅសាលប្រជុំទីស្នាក់ការក្រុមហ៊ុនវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ដោយបានការចូលរួមពីលោក ហេង សុភាណា អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងក្រុមហ៊ុន SPHP (Cambodia) Co., Ltd. ថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ខូយ រីដា បានថ្លែងថា ការត្រៀមចុះបោះបង្គោលព្រំនេះ គឺធ្វើឡើងទៅតាមអនុសាសន៍ណែនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការរៀបចំធ្វើបច្ចុប្បន្នភាពផែនទី ការកំណត់ព្រំប្រទល់ បោះបង្គោល និងធ្វើរបងហ៊ុំព័ទ្ធជុំវិញ នៃតំបន់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដើម្បីធានាភាពត្រឹមត្រូវ និងមានសុក្រឹតភាព ឡើងវិញ ក្នុងការគិតគូរយកចិត្តទុកដាក់ ដល់ការថែរក្សាការពារ និងគ្រប់គ្រងតំបន់មាត់អាងវារីអគ្គិសនី ព្រមទាំងព្រៃឈើ ប្រកបដោយចីរភាព និងមាននិរន្តរភាព សម្រាប់បន្តដល់កូនចៅជំនាន់ក្រោយទៀត។

លោកក៏សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នា និងប្រើប្រាស់ភាពឆ្លាតវ័យ ក្នុងការសម្របសម្រួលដោះស្រាយ ដំណើរការបោះបង្គោលព្រំប្រទល់ និងធ្វើរបងហ៊ុំព័ទ្ធជុំវិញ នៃតំបន់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានោះ តំណាងក្រុមហ៊ុន ត្រូវផ្តល់កិច្ចសហការល្អ ដើម្បីឱ្យគម្រោងនេះ គ្មានការរាំងស្ទះ និងមានបញ្ហាប្រឈម ទៅថ្ងៃអនាគត។

គួរជម្រាបជូនថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាព ប្រមាណ៨០មេហ្កាវ៉ាត់ ដែលមានទីតាំងនៅតាមបណ្តោយដងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។

តែដោយសារការរីករាលដាលជំងឺកូវីដ១៩ ធ្វើឱ្យកកស្ទះ ដល់ដំណើរការហិរញ្ញប្បទានផង និងរាំងស្ទះដល់ការសាងសង់ផងនោះ គម្រោងនេះគឺបានចាប់ផ្តើមដំណើរការសាងសង់ នៅខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ស្ថាបនាបានចន្លោះ ពី៣៥ ទៅ៤០%ហើយ ពោលគឺគ្រោងចេញដំណើរការឱ្យបាន នៅក្នុងឆ្នាំ២០២៦ខាងមុខ៕