(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងទេសចរណ៍បានប្រកាសអំពីម្ចាស់ជ័យលាភី ៣នាក់ ក្នុងការប្រកួតប្រជែងថតរូប Selfie ក្នុងព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រសាទអង្គរវត្ត កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។
យុវជន យុវតី ទាំង៣នាក់ ដែលជាម្ចាស់ជ័យលាភីនោះ រួមមាន លេខ១: រូបភាពរបស់ លោក ហូិ សុខរ័ត្ននា (ទទួលបាន Like ចំនួន 14 380), លេខ២: រូបភាពរបស់ កញ្ញា ផា ច័ន្ទវិច្ឆិកា (ទទួលបាន Like ចំនួន 14 148) និងលេខ៣: រូបភាពរបស់ កញ្ញា លុច ពេជ្រលីតា (ទទួលបាន Like ចំនួន 9715)។
ពិធីបានប្រគល់វិញ្ញាបនបត្រ និងប្រាក់រង្វាន់លើកទឹកចិត្ត ដល់យុវជនទាំង៣នេះ ត្រូវបានធ្វើឡើងនៅឱកាសពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៦ នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដោយក្នុងនោះ លេខ០១ ប្រាក់រង្វាន់លើកទឹកចិត្ត ២០០ដុល្លារអាមេរិក លេខ០២ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត១៥០ដុល្លារអាមេរិក ជ័យលាភី លេខ០៣ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០០ដុល្លារអាមេរិក។
សូមបញ្ជាក់ថា ដើម្បីចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏មហស្ចារ្យ នៃបាតុភូតព្រះអាទិត្យរះ ចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) ដែលបានលកើតឡើង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនៅខេត្តសៀមរាប ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីប្រកួតប្រជែងថតរូបស៊ែលហ្វីអច្ឆរិយ:អង្គរ (Selfie Photo Contest) ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្ញើរូប Selfie របស់ខ្លួនមកចូលរួមប្រកួតប្រជែង។
បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (EQUINOX) នៅកម្ពុជាឆ្នាំនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ១,៥ម៉ឺននាក់ ទៅទស្សនា និងឈរថតរូប នៅមុខប្រាសាទអង្គរវត្ត៕