(ភ្នំពេញ)៖ ២៥ឆ្នាំក្រោយការបញ្ចប់សង្គ្រាមស៊ីវិល និងការឯកភាពទឹកដីទាំងស្រុងនៅក្នុងប្រទេសកម្ពុជា គឺ ជារៀងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ រាជរដ្ឋាភិបាល តែងធ្វើកិច្ចការរបស់ខ្លួនយ៉ាងសកម្មដោយ អំពាវនាវដល់វិនិយោគិន ដើម្បីការបណ្តាក់ទុន និងធ្វើពាណិជ្ជកម្ម ហើយមានតែពួកមួយក្តាប់តូចតែប៉ុណ្ណោះ ដែលតែងបង្ករឿងមិនចេះឈប់ឈរ ដើម្បីចង់ទាញសង្គមដែលសុខសាន្ត ឱ្យ ធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មីឡើងវិញ។

ក្រុមជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានបង្កើតព័ត៌មានមិនពិតអស់ពីរឿងមួយ ដល់រឿងមួយក្នុងអ្វីដែលចង់បំផ្លាញត្រកូល «ហ៊ុន» នៃត្រកូលដែលពលរដ្ឋខ្មែរបានចាត់ទុកថា ជាត្រកូលនាំមកនូវនយោបាយបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាព និងការបង្រួបបង្រួមទឹកដី ជាតិក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំកន្លងមកនេះ។

ដើម្បីតែមហិច្ឆតាចង់បំផ្លាញនូវត្រកូល «ហ៊ុន», មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី បានប្រឌិតនូវរឿងដែលចោទថាមានការបាត់បង់ទឹកដីខ្មែរឱ្យទៅវៀតណាម និងចោទថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា វៀតណាម ឡាវ CLV-DTA គឺជាការកាត់ទឹកដី ខេត្តចំនួន បួនភាគឦសានប្រទេស គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឱ្យទៅវៀតណាម។ ទណ្ឌិត សម រង្ស៊ី ថែមទាំងបានប្រើសម្តីយ៉ាងព្រហើននាពេលនេះទៀតថា «បើមិនដកកម្ពុជា ចេញពី CLV ប្រជាពលរដ្ឋខ្មែរ នឹងដកត្រកូល «ហ៊ុន» ចេញ។

តើត្រកូល «ហ៊ុន» បានធ្វើអ្វីខ្លះចំពោះជាតិ?
២៥ឆ្នាំ បន្ទាប់ពីទឹកដីកម្ពុជាមានសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់ត្រកូល «ហ៊ុន» គឺ សម្តេចតេជោ ហ៊ុន សែន នោះហើយ បានធ្វើឱ្យប្រទេសមានឱកាសកសាងប្រទេសជាតិ កម្ពុជាមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាតិដ៏ត្រឹមត្រូវ ផ្លូវថ្នល់ដែលខូចខ្ទេចខ្ទាំ ដោយសារសង្គ្រាម ត្រូវបានជួសជុល និងកសាងឡើងវិញ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ខ្វាត់ខ្វែង ផ្លូវ ទឹក ភ្លើង អគារខ្ពស់ស្កឹមស្កៃ ដែលខ្លះមានកម្ពស់ស្ទើរចង់កប់ពពកដែលមិន ធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ជាតិ ជាមួយនឹងការជួយរុញច្រានដំណើរជាតិនិងប្រទេស ដែលធ្លាប់តែក្រីក្រលំបាក ឱ្យស្ថិតក្នុងរបត់មួយដើរទាន់ក្នុងសម័យបច្ចេកវិទ្យាថែមទៀត។

ប៉ុន្តែទណ្ឌិត សម រង្ស៊ី នៃវង្សត្រកូលក្បត់ជាតិ និងព្រះរាជបល្ល័ង្គ ដើម្បីតែមហិច្ឆតានយោបាយរបស់ខ្លួន បានបង្កើតនូវឧបាយកលផ្សេងៗ ដើម្បីចង់នាំប្រទេសកម្ពុជាឱ្យធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មី។ ជាមួយនឹងឧបាយកលជាច្រើននានា ដែលមិនអាចសម្រេចតាមល្បិចនយោបាយរបស់ខ្លួននោះ សម រង្ស៊ី បានប្រើប្រាស់ល្បិចកលមួយដែលធ្លាប់នាំប្រទេសឱ្យធ្លាក់ចូលក្នុងសង្គ្រាមពីអតីតកាល។ ល្បិចមួយនោះ គឺការចោទថា «មេដឹកនាំខ្មែរកាត់ទឹកដីឱ្យវៀតណាម» ដែលអតីតអ្នកនយោបាយជំនាន់មុនធ្លាប់បានធ្វើឱ្យប្រទេសធ្លាក់ក្នុងសង្គ្រាម។ តើប្រជាជនខ្មែរ ត្រូវជ្រើសរើសយកកម្ពុជាដែលកំពុងមានសន្តិភាព ឬ ត្រូវជ្រើសរើសប្រទេសរបស់ខ្លួន ឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមតាមនយោបាយ សម រង្ស៊ី ?

នយោបាយមានស៊ី អត់សែន
ទណ្ឌិត សម រង្ស៊ី ក្នុងនយោបាយដ៏ស្មោកគ្រោករបស់ខ្លួន តាមពិតបានដាក់ចេញនូវ « នយោបាយមានស៊ី អត់សែន» នេះតាំងពីឆ្នាំ២០០៣នោះមក។ ដូចប្រសាសន៍បញ្ជាក់មួយ របស់សម្តេចតេជោ ហ៊ុនសែន ដែលបានលើកឡើងកាលពីឆ្នាំ២០១៩៖

«អារឿងលាបពណ៌នេះ គឺជាវប្បធម៌របស់ក្រុមប្រឆាំងផ្កាប់មុខ។ និយាយឲ្យច្បាស់តែម្តងអញ្ចឹងទៅ។ ហើយក្រុមនេះ គឺជាក្រុមដែលចង្រៃបំផុត ដែលនាំឲ្យប្រទេសលិចលង់… ឱ្យតែចង់ប្រឆាំងនឹងអ្នកណា ដូចជាទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចោទសម្តេច សីហនុ ថាចូលដៃជាមួយយៀកណាម យៀកកុង និងវៀតណាមខាងជើង គឺរឿងតែប៉ុណ្ណឹង។ (គេ) ចង់ប្រឆាំង រដ្ឋាភិបាល ហ៊ុន សែន គឺថា រដ្ឋាភិបាល ហ៊ុន សែន លក់ទឹកដីឲ្យវៀតណាម កាត់ដីឱ្យវៀតណាម គឺរួមមានតែប៉ុណ្ណឹង… អត់មានអីទៅណាឆ្ងាយទេ ហើយបើអញ្ចឹងៗ ឱ្យនៅជាមួយគ្នាយ៉ាងម៉េច? វាមានតែមានឯង អត់អញ មានអញ អត់ឯង! វាមានតែប៉ុណ្ណឹង។

នយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី, មិនមែនជាគោលនយោបាយរបស់ខ្ញុំទេណា! មានឯងអត់អញ មានអញអត់ឯង គឺមានតាំងពី២០០៣។ អ្នកណាដែលដាក់ នយោបាយហ្នឹង? មានស៊ី អត់សែន មានសែនអត់ស៊ី។ ឥលូវជាក់ស្តែងមានតែ សែន ទេ វាអត់មានស៊ី! អាហ្នឹង លើការជាក់ស្តែង គឺវាអញ្ចឹង។

ខ្ញុំអត់ចង់និយាយទេ ក៏ប៉ុន្តែខ្ញុំចង់គូសបញ្ជាក់ថា មិនមែនជាបន្ទាត់នយោបាយរបស់ ហ៊ុន សែន ទេ,តែបន្ទាត់នយោបាយរបស់អ្នកដទៃ។ អញ្ចឹងវាតម្រូវមិនឱ្យអ្នកឯងមកសម្លាប់ខ្ញុំបានទេ…ខ្ញុំក៏មិនអាចឱ្យអ្នកឯង មកធ្វើអ្វីខ្ញុំបានដែរ តាំងពី២០០៣ ប្រកាសចេញមកគឺយ៉ាងអញ្ចឹង! ដូច្នេះបានសេចក្តីថា “មានឯងអត់អញ មានអញអត់ឯង” មិនមែនជានយោបាយរបស់ ហ៊ុន សែន ទេ ជានយោបាយរបស់អ្នកដទៃ»។

នយោបាយ «មានស៊ី អត់សែន»នេះ មិនដែលបានទទួលជោគជ័យឡើយចាប់តាំងពីពេលនោះមក។ ហើយដោយសារការដាក់ចេញនូវនយោបាយ «មានស៊ី អត់សែន» នេះហើយ មនុស្សដែលមានជំនឿលើ សម រង្ស៊ី កាន់តែរំលោះបាត់បង់បន្តិចម្តងៗ ពីព្រោះនយោបាយនោះ គឺការនាំប្រទេសដែលមានសន្តិភាពឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមវិញតែប៉ុណ្ណោះ។ តាមពិត សម រង្ស៊ី មិនធ្លាប់ដែលរស់នៅក្នុងអ្វីនៃជីវិតក្នុងភ្នក់ភ្លើងសង្គ្រាមដែលពលរដ្ឋខ្មែរ ធ្លាប់ឆ្លងកាត់ដោយផ្ទាល់រវាងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដល់ចុងឆ្នាំ១៩៩៨ ឡើយ។

ក្នុងរយៈពេលសង្គ្រាមអូសបន្លាយចំនួន ១០,៥១៣ថ្ងៃ ឬ ចំនួន ៣៤៥ខែ និងមួយសប្តាហ៍ ដោយសារតែរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា កាលពី៥៤ឆ្នាំមុន ក្រោមលេសចោទថាសម្តេចព្រះ នរោត្តម សីហនុ កាត់ទឹកដីខ្មែរឱ្យយួនយៀកកុង យៀកណាមខាងជើងនោះហើយ បានធ្វើឱ្យខ្មែររងទុក្ខ សនៃហាយនភាពសង្គ្រាម និងរងអំពើកាប់សម្លាប់ជាខ្លាំងក្លា។

សង្គ្រាមបាននាំប្រទេសជាតិ ឱ្យធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហមរវាងពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ និងបន្ទាប់ពីថ្ងៃរំដោះ៧ ខែមករា ឆ្នាំ១៩៧៩ រួចមក ភាពគរថ្លង់របស់សហគមន៍អន្តរជាតិ បានធ្វើឱ្យកម្ពុជារងបន្តសង្គ្រាមស៊ីវិលរយៈពេលប្រមាណ ១១ឆ្នាំ ទម្រាំមានការរៀបចំការបោះឆ្នោតដំបូងរបស់ អង្គការសហប្រជាជាតិ នាខែឧសភា ឆ្នាំ១៩៩៣។

ក្នុងជំនាន់នោះ បើទោះបីជាបេសកកម្មអង្គការ សហប្រជាជាតិ UNTAC បានចំណាយថវិកាជាង ២ពាន់លានដុល្លារ និងមានបុគ្គលិកដាក់ពង្រាយជាង មួយម៉ឺននាក់ ដើម្បីជួយនាវាកម្ពុជាស្វែងរកការបញ្ចប់ជម្លោះក៏ដោយ ប៉ុន្តែសង្គ្រាមនៅតែបន្ត ដោយសារតែចលនាផ្តាច់ខ្លួនចេញនៃភាគីកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម មិនចូលរួមក្នុងការបោះឆ្នោតសកល។

បេសកម្ម UNTAC ត្រូវបានដកចេញពីកម្ពុជា ក្រោយការរៀបចំបោះឆ្នោតសកលលើកដំបូង ដែលមានការបង្កើតរដ្ឋាភិបាលមួយចេញជារូបរាងរួចមក ប៉ុន្តែសង្គ្រាមស៊ីវិលនៅតែបន្តអូសបន្លាយជាដដែល។ បើគ្មានយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាដើមឆ្នាំ១៩៩៦ និងតាមរយៈនយោបាយនោះ បានធ្វើឱ្យកម្ពុជាអស់សង្គ្រាមទាំងស្រុងនៅថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ១៩៩៨នោះទេ ម្ល៉េះទំហំនៃហាយនភាពសង្គ្រាម មិនដឹងជាធ្វើឱ្យកម្ពុជាខ្ទេចខ្ទាំ ប៉ុណ្ណាឡើយ និងម្ល៉េះគេមិនដឹងថា តើទឹកដីរបស់កម្ពុជារងការហែកហួរបាត់បង់អស់ប៉ុណ្ណាទៀតឡើយ។

ប៉ុន្តែហេតុអ្វី បានជា សម រង្ស៊ី ដែលមិនធ្លាប់មានមុខក្នុងការជួយខ្មែរក្នុងពេល មានសង្គ្រាមពេលនេះបែរជាញុះញង់ឱ្យខ្មែរឈ្លោះប្រកែកគ្នា ក្នុងល្បិចកលចោទថា មេដឹកនាំខ្មែរកាត់ទឹកដីឱ្យវៀតណាម?

អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់រួចមកហើយថ្មីៗនេះជុំវិញនយោបាយដ៏ស្អាតស្អំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ទុយពីការចោទប្រកាន់នោះទាំងស្រុង៖
«ខ្ញុំគ្រាន់តែសុំរៀបរាប់អំពី កិច្ចព្រមព្រៀង។ តើមានកិច្ចព្រមព្រៀងមួយណាដែលទាក់ទងជាមួយការដោះដូរអធិបតេយ្យភាព? ហើយបើសិនជាមានការដោះដូរអធីបតេយ្យភាព តើចាំបាច់ ប្រទេសទាំងបីនេះ បោះព្រំដែនជាមួយគ្នាធ្វើអ្វី? ការចោទប្រកាន់នេះ ជាការប្រមាថដែលមិនអាចលើកលែងទោសឱ្យបានទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ហើយក៏លើកឡើងវិញរំលឹកឡើងវិញថា កិច្ចព្រមព្រៀងចំនួន ៥សម្រាប់កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ មិនមានកិច្ចព្រមព្រៀងណា ដែលនិយាយអំពីបញ្ហាព្រំដែន ឬ និយាយអំពីការកាត់ដីឱ្យប្រទេសណាមួយដោះដូរដីនោះទេ គឺអត់មានទេ។ ខ្ញុំសុំសូមបញ្ជាក់ជាថ្មីម្តងទៀត សម្តេចតេជោ បានបញ្ជាក់ហើយ ហើយបើមិនច្បាស់មើលឯកសារនោះទៅ ក្រសួងពាណិជ្ជកម្ម បានបញ្ចេញហើយសូមបងប្អូនអ្នកស្រាវជ្រាវមើលឱ្យបានច្បាស់ទៅ គឺគ្មានកិច្ចព្រមព្រៀងណាដែលចចារអំពីការកាត់ដីបួនខេត្ត ឬ ដោះដូរដីឱ្យប្រទេសណាមួយនោះទេនេះ គឺជាការពិត សូមមានភាពជឿជាក់ចុះ»។

ក្នុងរយៈពេល២៥ឆ្នាំមកនេះ ខេត្តទាំងបួន ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានប្រែ ប្រួលមុខមាត់ជាខ្លាំង និងខុសពីអ្វីដែលក្រុមធ្វើនយោបាយប្រឆាំងបានចោទប្រកាន់ថាជាគម្រោងកាត់ទឹកដីខ្មែរឱ្យបរទេស។ ខណៈពលរដ្ឋជាច្រើន បានអបអរសាទរចំពោះ កិច្ចការរបស់រាជរដ្ឋាភិបាលក្នុងការជួយអភិវឌ្ឍន៍ខេត្តទាំងបួនភាគឥសាននោះ សម្តេចធិបតី បានមានប្រសាសន៍ប្តេជ្ញាថា រាជរដ្ឋាភិបាល នឹងបន្តកិច្ចសហប្រតិបត្តិការការអភិវឌ្ឍន៍តំបន់ត្រីកោណនេះ ជាដដែលដោយមិនប្រែប្រួលឡើយ៖

«អញ្ចឹងរាជរដ្ឋាភិបាលត្រូវវះកាត់ ដោយត្រូវដាក់គោលការណ៍រួម។ យកចំណុចដែលប្រជាជនចង់បានទូទាំងប្រទេស ទាំងអ្នកគាំទ្រ…អ្នកមិនគាំទ្រ CLV-DTA នេះ។ កុំចង់ចាញ់ឈ្នះរឿងហ្នឹង តែអ្វីដែលសំខាន់ត្រូវធានាថានេះ គឺចាញ់ឈ្នះ១០ឆ្នាំ ១៥ឆ្នាំ ២០ឆ្នាំទៀត។ ប្រជាពលរដ្ឋ នៅមានទំនុកចិត្តជាមួយរាជរដ្ឋាភិបាល ឫ ទេ? បើសិនជាយើងមិនអភិវឌ្ឍន៍ កន្លែងហ្នឹងហើយបាត់ដីកន្លែងហ្នឹង… បើយើងការពារមិនឲ្យបាត់បង់អធិបតេយ្យភាពក៏ដោយ ប៉ុន្តែកន្លែងហ្នឹង នៅតែក្រលំបាក មិនអភិវឌ្ឍន៍ មនុស្សកាន់តែខ្សត់ វាក៏មិនកើត។ តែបើយើងមានមនុស្សច្រើនប៉ុន្តែយើងមិនអាចគ្រប់គ្រង…ច្បាប់របស់យើងរួមទាំងច្បាប់អន្តោប្រវេសន៍ផ្សេងៗ បូកជាមួយនឹងការវិនិយោគ ការជម្រុញប្រជាពលរដ្ឋខ្មែរឱ្យច្រើននៅទីនោះ (បើមិនជួយ) ឱ្យកាន់តែកើនទេនៅក្នុងខេត្តទាំងបួន យើងក៏ទទួលបញ្ហា»។

សម្តីដ៏ព្រហើនរបស់ទណ្ឌិត សម រង្ស៊ី ដែលនិយាយថា «បើមិនដកកម្ពុជា ចេញពី CLV ប្រជាពលរដ្ឋខ្មែរ នឹងដកត្រកូល «ហ៊ុន» ចេញនោះ គឺជាមុខមាត់ពិតប្រាកដរបស់ទណ្ឌិតក្បត់ជាតិរូបនេះ ដែលតែងតែរាំងស្ទះដំណើរការអភិវឌ្ឍន៍ជាតិខ្មែរជាប់ជាប្រចាំ ពីព្រោះរយៈពេល ២៥ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា ដែលកាច់ចង្កួតប្រទេសជាតិ បានប្រឹងប្រែងជាខ្លាំងណាស់ ក្នុងការអំពាវនាវ និងអូសទាញបរទេស ដើម្បីធ្វើវិនិយោគ បណ្តាក់ទុន និងការធ្វើពាណិជ្ជកម្ម…ហើយមានតែទណ្ឌិតរូបនោះ និងបក្ខពួកមួយក្តាប់តូចដឹកតែប៉ុណ្ណោះ ដែលបានព្យាយាមរាំងស្ទះដំណើរអភិវឌ្ឍន៍ជាតិខ្មែរ និងបង្កបញ្ហាច្រើនរាប់មិន អស់…នោះចប់ ពីរឿងមួយចួលរឿងមួយដែលគ្មានចេតនា ចង់ធ្វើឱ្យប្រទេសជាតិ និងប្រជាជនខ្មែរអាចរស់ នៅក្នុងភាពសុខក្សេមក្សាន្តឡើយ។

ប្រទេសកម្ពុជាកំពុងរស់នៅក្រោមម្លប់សន្តិភាព ដែលរកបានដោយលំបាកតាមរយៈការធ្វើពលិកម្ម របស់អតីតយុទ្ធជន និងយុទ្ធនារី ក្នុងសម័យតស៊ូរំដោះជាតិក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ជាពិសេសការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់ត្រកូលហ៊ុន ដែលធ្វើឱ្យអស់សង្គ្រាម។ ដំបូលនៃសន្តិភាពរបស់កម្ពុជា នឹងមិនអាចគ្មានត្រកូល «ហ៊ុន» ដែលស្នេហាជាតិពិតប្រាកដបានឡើយ ប៉ុន្តែ នឹងអាចគ្មាន ត្រកូលក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី បាន៕