(ភ្នំពេញ)៖ ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិង កំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួម ចំណែក លើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ មន្ត្រីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ តាមផ្ទះ ម៉ាត នៅផ្សារច្បារអំពៅក្នុងខណ្ឌច្បារអំពៅ ។
លោក ប៊ុន សុខូម៉ា បានឲ្យដឹងថា តាមការណែនាំរបស់លោកប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យលោកចុះត្រួតពិនិត្យទៅលើផលិតផលវេចខ្ចប់ ស្លាដក គ្រឿងឧបភោគ បរិភោគ ដែលបាននឹងកំពុងដាក់តាំងលក់នៅតាមបណ្តាផ្ទះ ក្នងមីនីម៉ាត ស្ថិតក្នុងសង្កាត់ច្បារអំពៅ ដោយបានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួន រួមមាន បង្គារ មឹក គុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង ស្ពៃជ្រក់ ជាដើមតែ លទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ដូចជា Bora x, Salicylic Acid និងម្សៅស Sodium Hydrosulfite ឡើយ ។
លោកប្រធានសាខាក៏បានអំពាវដល់អតិថិជនទាំងអស់ មុននិងទិញរបស់អ្វីមួយ សូមពិនិត្យមើល ឲ្យត្រឹមត្រូវ ចៀសវាងការទិញទំនិញខូចគុណភាព ហើយបើយើងហូបទៅធ្វើឲ្យមានជំងឺ ខាតទាំង ថវិកា ខាតទាំងពេលវេលា ក៏ដូចជាជួបវិបត្តិសេដ្ឋកិច្ចនៅក្នុងគ្រួសារផងដែរ ។
មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។
ជាមួយគ្នានោះ លោកអគ្គនាយកកាំកុងត្រូល ក៏បានណែនាំ និងផ្តល់អនុសាសន៍ដល់បណ្តាសាខាកាំកុងត្រូលដែលបាននឹងកំពុងឈរជើងនៅទូទាំងប្រទេស បន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់នៅតាមទីផ្សារ អោយបានជាប្រចាំ ដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកលើកកម្ពស់ការពារសុវត្ថិភាព សុខមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕