(ហ្សាការតា)៖ នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្ថាប័នវិភាគសិក្សាស្រាវជ្រាវអាស៊ានលើកទី១ ដែលរៀបចំដោយបណ្តាញវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិអាស៊ាន (ASEAN-ISIS Network) ដោយមានជំនួយពីលេខាធិការដ្ឋានអាស៊ាន និង GIZ នៃការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់។ កិច្ចប្រជុំនេះ ត្រូវបានបើកជាមួយនឹងសន្ទរកថាគន្លឹះ ដោយលោកអគ្គលេខាធិការអាស៊ាន។
កិច្ចប្រជុំដែលមានរយៈពេល ២នេះ មានការចូលរួមពីបញ្ញវន្ត អ្នកជំនាញខាងស្រាវជ្រាវ និងសិក្សាធិការជាង ៥០នាក់ មកពីទូទាំងតំបន់ ធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈ លើការប្រឈមផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចបន្ទាន់ៗនានា ដែលអាស៊ានកំពុងប្រឈម។ កិច្ចប្រជុំនេះ រំពឹងថានឹងចេញអនុសាសន៍យុទ្ធសាស្ត្រជាក់លាក់ ហើយនឹងដាក់ស្នើសុំការណែនាំនាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅខែតុលា ខាងមុខនេះ។
នៅព្រឹកថ្ងៃដដែល លោក Raman Ramanouski ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋបេឡារុសប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ានបានស្វាគមន៍ និងអបអរសាទរ លោក Raman Ramanouski សម្រាប់ការចាប់ផ្តើមភារកិច្ច ហើយបានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ព្រមទាំងស្ថានទូតបេឡារុសនៅទីក្រុងហ្សាការតា។
ជាការឆ្លើយតបលោក Raman Ramanouski បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បេឡារុស ក្នុងការបង្កើតទំនាក់ទំនងជាមួយអាស៊ាន និងប្រទេសសមាជិកអាស៊ាន តាមរយៈវត្តមានផ្នែកការទូតរបស់បេឡារុស នៅក្នុងតំបន់។
អគ្គលេខាធិការអាស៊ាន ក៏បានលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ចូលរួមធ្វើការជាមួយសហគមន៍ការទូត ក្នុងទីក្រុងហ្សាការតា ជាពិសេស ជាមួយស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសសមាជិកអាស៊ានប្រចាំអាស៊ាន។ ភាគីទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់នៃការរិះរកកិច្ចសហប្រតិបត្តិការបន្ថែម ដូចជា ការបង្កើនការចូលរួមរបស់វិស័យឯកជន ព្រមទាំងការពង្រឹងទំហំពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍សម្រាប់ផលប្រយោជន៍ទៅវិញទៅមក ជាដើម។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានមានប្រសាសន៍ថា អាស៊ានទន្ទឹងធ្វើការជាមួយបេឡារុស ក្នុងវិស័យដែលមានចំណាប់អារម្មណ៍ទៅវិញទៅមក ដែលបេឡារុស មានជំនាញ និងភាពខ្លាំង។
ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា៖ ថ្ងៃនេះ ខ្ញុំមានកិត្តិយសដែលបានជូនសារតាំងដល់អគ្គលេខាធិការអាស៊ាន។ សាធារណរដ្ឋបេឡារុស មានចំណាប់អារម្មណ៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន និងប្រទេសសមាជិក ក្នុងវិស័យផ្សេងៗ ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ឧស្សាហកម្ម សន្តិសុខស្បៀង និងទេសចរណ៍ ជាដើម។ ខ្ញុំទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានអាស៊ាន និងប្រទេសសមាជិកអាស៊ាន ដើម្បីបង្កើនកិច្ចសន្ទនា និងការចូលរួម រវាងបេឡារុស និងអាស៊ាន សម្រាប់ប្រយោជន៍របស់ប្រជាជនយើង»។
សូមជម្រាបជូនថា លោក Raman Ramanouski គឺជាឯកអគ្គរដ្ឋទូតទី ៣ របស់សាធារណរដ្ឋបេឡារុសប្រចាំអាស៊ាន៕