(ភ្នំពេញ)៖ លោក សោម ចិន អតីតយុទ្ធជនតស៊ូសម័យសង្គ្រាមជាមួយសម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នជាអ្នកតំណាងរាស្ដ្រមណ្ឌលកំពត បានបញ្ជាក់យ៉ាងច្បាស់ៗថា សម្តេចតេជោ ហ៊ុន សែន គឺជាកុលបុត្រស្នេហាជាតិយ៉ាងពិតប្រាកដ និងជាមេដឹកនាំម្នាក់បានគិតគូរពីជាតិ និងប្រជាជនគ្រប់ពេលវេលា។
រម្លឹកការងារកិច្ចការពារទឹកដីពីអតីតកាល ដែលក្មេងជំនាន់ក្រោយមិនដែលបានដឹងនោះ ត្រូវបានលោក សោម ចិន ដែលជាអតីតអភិបាលខេត្តកំពត បានទម្លាយថា គ្រាន់តែរំដោះប្រទេសពីរបបខ្មែរក្រហមបានត្រឹមតែ១ខែ ១១ថ្ងៃ ពោលនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩ សមមិត្ត ហ៊ុន សែន បានកំណត់ការងារព្រំដែនជាមួយប្រទេសវៀតណាម ដោយបានចុះហេត្ថលេខាក្នុងនាមជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ត្រឹមអាយុ២៧ឆ្នាំ ហើយសមភាគីវៀតណាម មានអាយុរហូតដល់៦៨ឆ្នាំ ដែលលើលោកនេះគ្មាននោះឡើយ។
លោកបានបញ្ជាក់ថា «គ្រានោះសម្តេចតេជោ ហ៊ុន សែន ទើបមានអាយុ២៧ឆ្នាំប៉ុណ្ណោះ តែលោកមានភាពក្លាហាន វៃឆ្លាតណាស់ ខណៈដែលប្រទេសកម្ពុជានាសម័យនោះមិនទាន់មានបញ្ញវន្ត ចេះដឹងច្រើននោះទេ។ តាមរយៈការចរចាជាមួយ ប្រទេសជិតខាង ដើម្បីការពារបូរណភាពទឹកដីរបស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ជាក់ឱ្យឃើញថា សម្តេចតេជោមានភាពអង់អាចក្លាហាន ហ៊ានប្រឈមមុខគ្រប់បែបយ៉ាងទាំងអស់ដើម្បីជាតិមាតុភូមិ»។
អតីតមេទ័ពបានចូលរួមវៃរំដោះទឹកដីខេត្តកំពត ខេត្តព្រះសីហនុ និងមួយផ្នែកនៅខេត្តកោះកុង, លោក សោម ចិន បានគូសបញ្ជាក់ថា ចំពោះកិច្ចការងារព្រំដែន មិនមែនថាដូចបុគ្គលមួយចំនួននិយាយលេងៗនោះទេ គឺត្រូវផ្អែកលើគោលការណ៍ចំនួន ៣សំខាន់រួមមាន៖
*ទី១៖ច្បាប់
*ទី២៖ បច្ចេកទេស
*ទី៣៖ នយោបាយ។
តាមរយៈវីដេអូសម្ភាសមួយដែលបណ្តាញសង្គមភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក សោម ចិន ដែលមានវ័យជាង៧០ឆ្នាំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចការងារព្រំដែន ធ្វើតាំងពី១៩៧៩មកម្ល៉េះ គ្រាន់តែរំដោះប្រទេសបាន១ខែ ១១ថ្ងៃ មានន័យថា គ្រាន់តែរំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, សមមិត្ត ហ៊ុន សែន បានចាប់ផ្តើមធ្វើការងារព្រំដែនជាមួយវៀតណាម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩»។
លោក សោម ចិន បានរំលឹកថា គ្រានោះថ្នាក់ដឹកនាំ ក្រៅពីខំប្រឹងធ្វើយ៉ាងណាឱ្យប្រជាជនខ្មែរដែលរួចពីការកាប់សម្លាប់ និងភាពអត់ឃ្លាន បានហូបឆ្អែត គណបក្សប្រជាជនកម្ពុជា ជាពិសេស សមមិត្ត ហ៊ុន សែន យល់ឃើញថា អ្វីដែលសំខាន់ ជាងទៀត គឺទឹកដី ដូច្នេះរឿងកិច្ចការងារព្រំដែន ត្រូវតែយកចិត្តទុកដាក់ខ្ពស់ជានិច្ច។
អ្នកតំណាងរាស្ត្រ សោម ចិន បានបញ្ជាក់ថា នៅក្នុងដំណាក់កាលដ៏សែនលំបាកនេះ សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងធ្វើសន្ធិសញ្ញា កំណត់ព្រំដែនកម្ពុជា និងវៀតណាម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩។ «ត្រង់ចំណុចនេះសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាកុលបុត្រ ដែលស្នេហាជាតិ តាមរយៈការប្រយុទ្ធយកសាច់ស្រស់ ឈាមស្រស់ រំដោះប្រទេសពីខ្មែរក្រហម ស្រោចស្រងអាយុជីវិតប្រជាពលរដ្ឋរួចហើយ រិះគិតរឿងបូរណភាពទឹកដីភ្លាមៗតែម្តង»។ នេះជាការបញ្ជាក់មួយៗ និងច្បាស់ៗរបស់លោក សោម ចិន។
តំណាងរាស្រ្តដែលបានចូលរួមចំណែករំដោះជាតិពីភ្លើងសង្គ្រាមរូបនេះ បានបង្ហាញការឈឺចាប់ និងហូរទឹកភ្នែក ពេលដែលគេចោទប្រកាន់ និងប្រមាថសម្តេចតេជោ ហ៊ុន សែន ជាអ្នកលក់ទឹកដីទៅវិញ ខណៈសម្តេចតេជោ គឺជាអ្នកស្នេហាជាតិ និងការពារទឹកដីរបស់យើងយ៉ាងពិតប្រាកដ។
«និយាយដល់រឿងនេះ ខ្ញុំស្រក់ទឹកភ្នែក យើងស្នេហាជាតិពិតប្រាកដ ខំធ្វើការគ្រប់បែបយ៉ាងដើម្បីការពារទឹកដី តែគេថាយើងលក់ទឹកដី វាឈឺចាប់ត្រង់ហ្នឹង»។ នេះការលើកឡើងដ៏ឈឺចាប់របស់លោក សោម ចិន៕
សូមស្ដាប់ការលើកឡើងរបស់លោក សោម ចិន៖