(ថៃ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដឹកនាំនិស្សិត បុគ្គលិក និងសាស្រ្តាចារ្យ ចំនួន ៩នាក់ ចូលរួមកម្មវិធីបោះជំរុំ នៅសាកលវិទ្យាល័យ ប្រាណាខន ស៊ី អាយុធ្យា រ៉ាយ៉ាបាត (ARU) នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការសម្របសម្រួល ពីលោកស្រីបណ្ឌិត Sumana Poonphon និងមាននិស្សិត ARU បានចូលរួមប្រមាណជា ៣៥នាក់។
ការបង្កើតឲ្យមានកម្មវិធីនេះឡើង ក្នុងគោលបំណងសំខាន់ផ្តោតលើ សកម្មភាពផ្លាស់ប្តូរវប្បធម៌គ្នារ វាងវប្បធម៌ប្រពៃណីខ្មែរ និងវប្បធម៌ប្រពៃណីថៃ ការចូលរួមលេងកំសាន្ត ល្បែងប្រជាប្រិយ ការចម្អិនម្ហូប និងការធ្វើកំសាន្តទៅកាន់រមណីយដ្ឋាន ប្រវត្តិសាស្រ្តនៃខេត្តអាយុធ្យា។ សកម្មភាពនៃការបោះជំរុំ ថ្ងៃទី១ និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបបានលើកយក នូវចង្វាក់រាំប្រជាប្រិយខ្មែរមួយចំនួនដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ដើម្បីបង្ហាញ ទៅដល់និស្សិត ARU និង រាំកំសាន្តចង្វាក់ប្រពៃណី នៃប្រទេសទាំងពីររួមគ្នាផងដែរ។
នៅថ្ងៃបន្ទាប់ និស្សិតនៃប្រទេសទាំងពីរ បានចូលរួមបង្ហាញមុខម្ហូបប្រចាំប្រទេស ដែលនិស្សិត AEU បានធ្វើសម្លនំបញ្ចុកខ្មែរ សម្លម្ជូរព្រៃ និងញ៉ាំម្កាក់ត្រីឆ្អើរ។ ចំណែកឯនិស្សិត ARU បានធ្វើមុខម្ហូបដែលមានឈ្មោះ ផាត់ថៃ។ យើងសង្កេតឃើញថា អ្នកចូលរួមទាំងអស់មានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីមុខម្ហូបរបស់ខ្មែរយើង។ បន្ទាប់មកទៀត និស្សិតទាំងអស់បានចូលរួមរៀន ពីរបៀបធ្វើបង្អែម និងចូលរួមលេងល្បែងកំសាន្តផ្សេងៗផងដែរ។
ជាមួយគ្នា សាកលវិទ្យាល័យ នៃប្រទេសទាំងពីរ ក៏បានរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន ចំណេះដឹងនៃការបង្រៀនរបស់សាស្រ្តាចារ្យ ហើយក្នុងកម្មវិធីនេះ បានផ្តោតសំខាន់លើមូលដ្ឋានគ្រឹះ នៃការកសាង Web App ដល់និស្សិត ARU ដោយបានបង្ហាញពីរបៀប ប្រើប្រាស់ HTML CSS និង JavaScript/JQuery និងអត្ថប្រយោជន៍របស់ផងដែរ។ ក្នុងនេះសាស្រ្តាចារ្យ របស់ AEU ក៏បានលើកយក Bootstrap ដែលជា Framework ថ្មីមួយសម្រាប់កសាង Web Application បានយ៉ាងរហ័ស ព្រោះវាបានបញ្ចូល HTML CSS និង JavaScript/JQuery ដែលជាលក្ខណៈមួយ បង្កឲ្យមានងាយស្រួលដល់អ្នកប្រើប្រាស់ framework នេះ។
ក្នុងកម្មវិធីនេះ លោកសាស្រ្តាចារ្យ ក៏បានដាក់ជាគម្រោង (Projects) តូចៗសម្រាប់និស្សិត ARU រៀនបង្កើតដោយរៀបចំនៅលើក្រដាស បន្ទាប់មកកសាងទៅជា Web App ទៅតាមគ្រោងរបស់ពួកគេ ក្រោយពីសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានធ្វើបទបង្ហាញចប់។ ជាលទ្ធផលពិនិត្យឃើញថា និស្សិតបានបង្កើត Web App ទទួលបានជោគជ័យ ក្នុងនោះក៏មាននិស្សិតចំនួនបីរូប ដែលបានកសាងគេហទំព័របានល្អជាងគេ ហើយក៏បានទទួលរង្វាន់ លើកទឹកចិត្តផងដែរ។ បន្ទាប់មក បណ្ឌិត Sanit Sawatdikar ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានចូលរួមចែកវិញ្ញាបត្រ បញ្ជាក់ពីការចូលរួមរបស់និស្សិត ក្នុងការសិក្សានេះផងដែរ។
ស្ថិតក្នុងឱកាសកម្មវិធីបោះជំរុំ និងទស្សកិច្ចសិក្សារយៈពេល ៦ថ្ងៃនេះ និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីចូលរួមទស្សនកិច្ចសិក្សា នៅសាកលវិទ្យាល័យ កាសេមបណ្ឌិត។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ Dr. Suwat Suwadee, Vice President of Kasem Bandit University បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានមកទស្សកិច្ចសិក្សា និងបានដឹកនាំទស្សនា អំពីសាកលវិទ្យាល័យផងដែរ៕