(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យវិស័យឯកជន និង តួអង្គពាក់ព័ន្ធ ក្នុងវិស័យស្រូវអង្កររបស់កម្ពុជា បន្តរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណភាព ស្តង់ដារ និង ស្ថិរភាព ផ្គត់ផ្គង់, និង ខិតខំជួយការពារកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃនៃស្រូវអង្កររបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងឱកាស អញ្ជើញជាអធិបតី បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការប្រែក្លាយច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព» នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមប្រសាសន៍សម្តេចធិបតី នៅពេលវិស័យឯកជន មានលទ្ធភាពធានាគុណភាពត្រឹមត្រូវ ហើយអាចជ្រៀតចូលទីផ្សារបស្ចឹមប្រទេស សម្តេចជឿជាក់ថា ពុំមានទីផ្សារណា ដែលយើងចូលពុំចុះនោះទេ ដរាបណាយើងទទួលបានតម្លៃសមរម្យ និងផ្តល់ផលិតផលកម្រិតខ្ពស់។ ដូច្នេះទន្ទឹមនឹងការអំពាវនាវឲ្យវិនិយោគិន បន្តខិតខំវិនិយោគលើការកែច្នៃ សម្តេចបានអំពាវនាវឲ្យមានការខិតខំជ្រៀតចូលទីផ្សារដទៃទៀត ជាពិសេសទីផ្សារដែលអាចផ្តល់តម្លៃបន្ថែមខ្ពស់ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េខាងត្បូង កិច្ចព្រមព្រៀងជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អារ៉ាប់រួម អេមីរ៉ាត់ និងការជ្រៀតចូលទីផ្សារ ហាឡាល (Halal) ជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំក៏សូមអំពាវនាវឱ្យវិស័យឯកជន និង តួអង្គពាក់ព័ន្ធ ក្នុងវិស័យស្រូវអង្កររបស់កម្ពុជា បន្តរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណភាព ស្តង់ដារ និង ស្ថិរភាព ផ្គត់ផ្គង់, និង ខិតខំជួយការពារកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃនៃស្រូវអង្កររបស់កម្ពុជា ពីព្រោះនេះជាផលប្រយោជន៍រួមរបស់យើង។ យើងទាំងអស់គ្នាពិតជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ ហើយប្រើពេលយូរណាស់ ក្នុងការកសាងកេរ្តិ៍ឈ្មោះ ទម្រាំទទួលបានការទទួលស្គាល់ និងទំនុកចិត្ត ដូចបច្ចុប្បន្ន។ ដូច្នេះ ត្រូវរួមគ្នារក្សាកេរ្តិ៍ឈ្មោះនេះ កុំឲ្យបាត់បង់ ដើម្បីផលប្រយោជន៍វែងរបស់វិស័យកសិកម្មរបស់យើង»។
សូមជម្រាបថា អង្ករកម្ពុជាទទួលបានការទទួលស្គាល់ពេញពិភពលោក តាមរយៈការទទួលបានពានរង្វាន់អង្ករល្អផ្តាច់គេរបស់អង្ករពូជស្រូវផ្ការំដួលចំនួន ៥ដង គឺឆ្នាំ២០១២ ២០១៣ ២០១៤ ២០១៨ និង២០២២ និងពានរង្វាន់មាសអង្ករពូជស្រូវសែនក្រអូបពីប្រទេសចិននាឆ្នាំ២០២៣៕