(សៀងហៃ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទស្សនកិច្ចក្រុមហ៊ុន Hisense នាព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ក្រុមហ៊ុន Hisense Group គឺជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក ដែលបានបង្កើតឡើង នៅឆ្នាំ១៩៩៤ មានទីស្នាក់ការកណ្តាលនៅទីក្រុងជីងតៅ ខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន។ ការផលិតទូរទស្សន៍ គឺជាផលិតផលចម្បងរបស់ Hisense ដែលជាក្រុមហ៊ុនផលិតទូរទស្សន៍ ដ៏ធំបំផុតនៅក្នុងប្រទេសចិន ចាប់តាំងពីឆ្នាំ២០០៤។

ក្រៅពីទូរទស្សន៍ ក្រុមហ៊ុននេះ មានផលិតផលមួយចំនួនទៀតដូចជា ទូរស័ព្ទដៃ, ម៉ាស៊ីនត្រជាក់, ទូរទឹកកក, ម៉ាស៊ីនបោកខោអាវ, ម៉ាស៊ីនចំអិនអាហារ និងផលិតផលអេឡិចត្រូនិចជាច្រើនទៀត។

ព្រមជាមួយនេះ ក្រុមហ៊ុនក៏បានសហការក្នុងការរៀបចំទីក្រុងវៃឆ្លាត តាមការគ្រប់គ្រងប្រព័ន្ធបញ្ជាចរាចរណ៍ជាដើម។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Hisense មានសាខា និងក្រុមហ៊ុនចំនួន៥៤ នៅលើពិភពលោក និងមានបុគ្គលិកប្រមាណ៨ម៉ឺននាក់ ក្នុង១ឆ្នាំក្រុមហ៊ុននេះរកប្រាក់ចំណូលបានប្រមាណ១៨.៣ពាន់លានដុល្លារ។

គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការសៀង ហៃ ស្តីពីស្ត្រីតបតាមការអញ្ជើញរបស់ប្រធានសហព័ន្ធនារីចិន៕