(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវត្តមានផលិតផលរបស់ខ្មែរលើទីផ្សារនៃបណ្តាប្រទេសនានា គឺជាជាការបង្ង្ហាញពីមោទនភាព និងបង្ហាញពីសមិទ្ធផលនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន ដែលផ្ទុយស្រឡះកាលពី៣០ឆ្នាំមុន ហាងលក់ផលិតផលអាស៉ីដែលសម្ដេចធ្លាប់ចូលនៅសហរដ្ឋអាមេរិក មិនមានផលិតផលណាដែលផលិតនៅប្រទេសកម្ពុជានោះឡើយ។

ការចាត់ទុកបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការប្រែក្លាយច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព» នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនិយាយជាមួយគាត់កាលពី៣០ឆ្នាំមុន ពេលដែលខ្ញុំទៅរៀននៅសហរដ្ឋអាមេរិក ដើរចូលទៅក្នុងហាងអាស៊ីអត់ដែលមានផលិតផលខ្មែរទេនៅទីនោះ ពេលនេះយើងអាចនិយាយដោយមោទនភាពថា យើងមានផលិតផលកសិកម្មជាច្រើនប្រភេទ បាននាំចេញទៅក្រៅប្រទេស មិនមែនតែសហរដ្ឋអាមេរិក ក៏មាននៅបណ្ដាប្រទេសជាច្រើននៅអឺរ៉ុប ហើយក្រៅពីផលិតផលកសិកម្មយើងក៏មានផលិតជាច្រើនដែលផលិតនៅកម្ពុជា ហើយនេះជាមោទនភាពធំរបស់កម្ពុជានៅក្នុង៣០ឆ្នាំនេះ»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ក្រៅពីផលិតផលកសិកម្ម មានផលិតផលផ្សេងៗ រាប់ទាំងសម្លៀកបំពាក់ វាយនភណ្ឌ កាតាប កាបូប គ្រឿងអលង្ការ គ្រឿងបង្គុំអគ្គិសនី ដែលផលិតនៅកម្ពុជា ត្រូវបាននាំចេញទៅក្រៅប្រទេស ដែលនេះជាមោទនភាពធំរបស់កម្ពុជា នៅក្នុងរយៈពេលឆ្នាំ៣០ឆ្នាំមកនេះ។

ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ដៃគូសហការទាំងអស់ ពិសេសវិស័យឯកជននៅបណ្ដាប្រទេសនានាលើពិភពលោក ដែលបានផ្ដល់កិច្ចសហការល្អជាមួយវិស័យឯកជននៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការងារជំរុញផលិតផលកសិកម្មកម្ពុជាចេញទៅឆាកអន្ដរជាតិ។

ត្រង់ចំណុចនេះ ត្រូវបានសម្តេចប្រមុខនៃរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា នេះជាសបញ្ជាក់ឱ្យឃើញថា ការដោយសកម្មនៅក្នុងទីផ្សារអង្ករកម្ពុជា ទាំងពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជន បានទទួលជោគជ័យជាបណ្តើរៗ បើទោះបីជាប្រទេសកម្ពុជា ជាប្រទេសថ្មី ហើយត្រូវប្រកួតប្រជែងជាមួយបណ្តាប្រទេសដែលមានបទពិសោធន៍កាន់កាប់ទីផ្សារក្នុងពិភពលោកយូរឆ្នាំមកហើយក៏ដោយ។

ទាក់ទិនវិស័យស្រូវអង្ករវិញ ដែលជាទំនិញមានទីផ្សារខ្លាំងក្នុងការនាំចេញទៅក្រៅប្រទេស, សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលបានជួយជាច្រើនសម្រាប់វិស័យស្រូវអង្ករ មានដូចជាការឧបត្ថម្ភទន់សម្រាប់កសិករ ហើយអនុគ្រោះពន្ធមួយចំនួនទៀត សម្រាប់វិស័យឯកជនដែលរកស៊ីលើវិស័យស្រូវអង្ករ។

សម្ដេចគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យស្រូវអង្ករនេះ និងបានផ្ដល់ការលើកទឹកចិត្តគ្រប់ប្រភេទ ដូចជាការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគមន៍កសិកម្ម, រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ។ ទន្ទឹមនេះ ការនាំចូលបរិក្ខារកសិកម្ម និងគ្រឿងចក្រ សម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏ត្រូវបានលើកលែងដោយពន្ធ និងអាករជាបន្ទុករបស់រដ្ឋ។

សូមជម្រាងថា រយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានសម្រេចការនាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១៧ពាន់លានដុល្លារ កើនឡើង ១៦.៧% ខណៈការនាំចូលមានជិត ១៩ពាន់លានដុល្លារ កើនឡើង១៦.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ​ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។ ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត៕