(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដោយមានការណែនាំពី លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូល នៅទូទាំងប្រទេស និងលោកប្រធាន សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ រួមជាមួយសាខាកាំកុងត្រូល រាជធានីភ្នំពេញ បានឲ្យមន្រ្តីកាំកុងត្រូល ដឹកនាំដោយលោក លោក គង់ វុទ្ធី អនុប្រធានសាខា កាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការណ៍ជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបន្ដចុះត្រួតពិនិត្យទំនិញ នៅផ្សារអូរឬស្សី ខណ្ឌ៧មករា និងហាងលក់ទំនិញ មួយចំនួននៅម្តុំស្តុបពេទ្យចិន ខណ្ឌចំការមន ដើម្បីគុណភាព សុវត្ថិភាព ម្ហូបអាហារ។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា គោលបំណង នៃការចុះត្រួតពិនិត្យ និងទប់ស្កាត់ទំនិញ ខូចគុណភាព ក្លែងបន្លំលើកស្លាកសញ្ញា ដែលជនខិលខូច មួយចំនួន បានលួចបញ្ចេញ ទំនិញមកលក់លើទីផ្សារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ និងពង្រឹងការយល់ដឹង អំពីបញ្ហា សុវត្ថិភាព ម្ហូបអាហារ ដល់បងប្អូនអាជីវករ និង អ្នកប្រើប្រាស់។ លោកបញ្ជាក់ថា មន្រ្តីកាំកុងត្រូលបានធ្វើតេស្តបឋមរកសារធាតុគីមី បូរ៉ាក់ ទៅលើសាច់ក្រក ត្រីងៀប មីស្រស់ ប្របហិតសាច់គោ ប្រហិតសាច់ជ្រូក លតឆា គ្រឿងសមុទ្រដូចជា មឹកស្រស់ បង្គាស្រស់ និងយកគំរូ បន្លែ ផ្លែឈើស្រស់មួយចំនួនទៀត បញ្ចូនទៅមន្ទីរពិសោធ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ។
ជាមួយគ្នានោះ លោក គង់ វុទ្ធី បានណែនាំដល់ អាជីវករទាំងអស់ មុននឹងទិញទំនិញផ្សេងៗ មកដាក់លក់ នឹងចែកចាយជូនប្រជាពលរដ្ឋប្រើប្រាស់នោះ ត្រូវពិនិត្យមើលគុណភាព នឹងស្លាកសញ្ញាឲ្យ បានត្រឹមត្រូវ ជាពិសេសត្រូវសួរពី អាស័យដ្ឋាន ដែលនាំទំនិញមកលក់បន្ត ដើម្បីជៀសវាងពីបញ្ហាផ្សេងៗ កើតចេញពីទំនិញទាំងនោះ៕