(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងរើសមន្ត្រីកសិកម្មចុះតាមមូលដ្ឋានឱ្យបាន ១,០០០នាក់ ដើម្បីជួយដល់កសិករនៅមូលដ្ឋានឃុំទូទាំងប្រទេស សំខាន់គឺជួយទាំងបច្ចេកទេសដាំដុះឱ្យបានផលច្រើនជាងមុន កាត់បន្ថយថ្លៃដើម និងបង្កើនប្រាក់ចំណូល។

ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូកេត្រា។

សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលតែងតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យកសិកម្ម ជាក់ស្ដែង រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏បានកំណត់និងដាក់ចេញផែនការយុទ្ធសាស្ត្រអាទិភាពចំនួន៣៖

* ផែនការយុទ្ធសាស្ត្រទី១៖ ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងលំនឹងថ្លៃផលិតផល និងតាមរយៈកម្មវិធីហិរញ្ញប្បទានជូនដល់ប្រជាកសិករ។

* ផែនការយុទ្ធសាស្ត្រទី២៖ ផែនការយុទ្ធសាស្ត្រសំខាន់មួយទៀត គឺការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ ដែលបានរៀបចំប្រឡងជ្រើសរើស២៥០នាក់ ហើយក៏គ្រោងរៀបចំការប្រឡងជ្រើសរើសបន្ថែម ១,០០០នាក់ ដើម្បីពន្លឿនមន្ត្រីកសិកម្មចុះទៅជួយកសិករនៅតាមឃុំ ព្រោះកសិករត្រូវការជំនួយបច្ចេកទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ការបញ្ជូនមន្ត្រីកសិកម្មទៅកាន់មូលដ្ឋានឃុំនេះ គឺដើម្បីកាត់បន្ថយថ្លៃដើមនៃការផលិត ផលិតទិន្នផលឱ្យច្រើនជាងមុន ព្រោះដីអត់រីកទេ តែដែលសំខាន់គឺធ្វើឱ្យចំណូលប្រជាពលរដ្ឋ កាត់បន្ថតម្លៃដើម ហើយជួយរក្សានូវចំណូលរបស់ប្រជាកសិករឱ្យបានច្រើន»

* ផែនការយុទ្ធសាស្ត្រទី៣៖ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលសម្ដេចបានឃើញវិធីសាស្ត្រថ្មីក្នុងការចងក្រង ហើយឃើញចុះផ្សព្វផ្សាយច្រើននៅតាមមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបង្ហើបថា នៅថ្ងៃខាងមុខ សម្ដេចនឹងចុះទៅពិនិត្យមើលនូវការរៀបចំសហគមន៍កសិកម្មទំនើបនោះ៕