(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានថ្លែងថា ​ព្រែកជីកហ្វូណនតេជោ ដែលកំពុងដំណើរការសាងសង់ នឹងដើរតួយ៉ាងសំខា​ន់សម្រាប់​ការធ្វើពាណិជ្ជកម្ម ទាំងក្នុង និងក្រៅប្រទេស ជាពិសេសកាត់បន្ថយថ្លៃលើការដឹកជញ្ជូន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការប្រែក្លាយច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព» នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤​នេះ។

ព្រែកជីកហ្វូណនតេជោ​ គឺគម្រោង​ធារាសាស្រ្ត និងប្រព័ន្ធភស្តុភារកម្មដ៏សំខាន់ សម្រាប់ការនាំចេញផលិតផលទៅក្រៅប្រទេស​ និងនៅក្នុងស្រុក​ ជាពិសេសផលិតផលកសិកម្ម។ ​ព្រែកជីកហ្វូណនតេជោ នឹងរួមចំណែកក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន ដែលនឹងធ្វើឱ្យថ្លៃដើមនៃផលិតកាន់តែទាប ដែលនាំឱ្យផលិតផលដាក់លក់នៅលើទីផ្សារ មានតម្លៃទាប ព្រោះប្រសិនបើដឹកជញ្ជូនថ្លៃ ​ការដាក់លក់នៅលើទីផ្សារក៏ថ្លៃដែរ។

សម្តេចមានប្រសាសន៍បន្ថែមថា «យើងបង្កើនសមត្ថភាពរបស់យើងក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន​​ និងធានានូវការដឹកជញ្ជូនផលិតផល រួមទាំងផលិតផលកសិកម្មយើងទៅក្រៅ បានន័យថាបើតម្លៃដឹកជញ្ជូថោក អ៊ីចឹងយើងអាច បង្កើនតម្លៃទិញទៅលើប្រជាពលរដ្ឋរបស់យើង ហើយនៅតែធានានូវភាពប្រកួតប្រជែងផលិតផលរបស់យើងនៅក្រៅប្រទេស»

ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលបានគាំទ្រទៅដល់គម្រោង ​ព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍ជាតិ​ ដោយក្នុងនោះវិស័យកសិកម្ម និងភស្តុភារកម្ម នឹងបានផលច្រើនជាងគេនៅក្នុង​គម្រោងនេះ»។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចរួមមានដូចជា៖
១) ពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក
២) កាត់បន្ថយថ្លៃដើម ចម្ងាយ និងពេលវេលានៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត
៣) កាត់បន្ថយការបំភាយឧស្ម័នពុលក្នុងបរិស្ថាន
៤) ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី
៥) បង្កើតជម្រកថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេសអាចទទួលបានទិន្នផលត្រីជាមធ្យមប្រមាណ ១,០០០តោន ក្នុងមួយឆ្នាំ ដែលអាចឱ្យប្រជាពលរដ្ឋប្រមាណជាង ១,៦លាននាក់ សម្រាប់ចូលរួមដំណើរការសាងសង់ព្រែកជីកនេះ និ​ងចំណេញសេដ្ឋកិច្ចខ្ពស់ (EIRR) ពី២០% ទៅ ៣១% ខ្ពស់ជាងអត្រាមធ្យម ១២% ដែលត្រូវបានកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ៕