(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទវេទិកាស្រូវអង្ករកម្ពុជា​លើកទី៧ ឆ្នាំ២០២៤នេះ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការពេញចិត្តចំពោះការអភិវឌ្ឍសហគមន៍កសិកម្មទំនើប របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងមានបំណងចង់ចុះទៅពិនិត្យដោយផ្ទាល់ផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សម្រាប់ការអភិវឌ្ឍសហគមន៍កសិកម្មបែបទំនើប ខ្ញុំបានឃើញនូវវិធីសាស្ត្រក្នុងក្នុងការចងក្រង ហើយឃើញក្រសួងកសិកម្មចុះសាកល្បងផ្សព្វផ្សាយច្រើន ហើយថ្ងៃណាមួយខ្ញុំចង់ទៅមើលដែរ របៀបធ្វើផ្ទះសំណាញ់ និងរបៀបធ្វើយ៉ាងមិចដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលជូនប្រជាពលរដ្ឋ ដែលយើងបានធ្វើ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្មវិធីគោលនយោបាយនេះបាននឹងកំពុងអនុវត្តន៍យ៉ាងសកម្ម ហើយរដ្ឋាភិបាលក៏មានកម្មវិធីហិរញ្ញប្បទានចំនួន ១០០លានដុល្លារសម្រាប់រក្សាលំនឹងកសិកម្ម តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយចាប់ពីខែមីនា ឆ្នាំ២០២៤កន្លងនេះ បានចាប់ផ្តើមអនុវត្តន៍គម្រោងនេះលើទំហំទឹកប្រាក់ ៤០លានដុល្លារ និងបានសម្រេចគោលដៅបាន ២៨លានដុល្លារ និងគម្រោងបន្ថែមហិរញ្ញប្បទានសម្រាប់រដូវប្រមូលផល សម្រាប់ស្រូវវស្សានាពេលខាងមុខនេះផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គិតមកដល់ពេលនេះការអភិវឌ្ឍសហគមន៍កសិកម្មបែប​ទំនើប បានអនុវត្តគ្រប់ដណ្តប់លើផ្ទៃដីជិត ២ពាន់ហិចតា នៅក្នុងដំណាក់កាលតំបូងនេះ និងសូមបន្ត​ធ្វើយ៉ាងណាដើម្បីឱ្យរីកកាន់តែច្រើនបន្ថែមទៀត ទោះបីការវិនិយោគថ្លៃ តែដើម្បីឱ្យការទទួលផលក្នុងរយៈពេលវែងបានកាន់តែល្អប្រសើរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានជំរុញការអភិវឌ្ឍលើប្រព័ន្ធធារាសាស្ត្រ តាមរយៈការរៀបចំទំនប់ប្រឡាយ និងទំនប់ទឹកជាច្រើនទៀត។ សម្តេចបញ្ជាក់ថា ក្នុងវិច្ឆិកាខាងមុខនេះ សម្តេចនឹងអញ្ជើញទៅសម្ពោធទំនប់ទឹកមួយកន្លែងនៅខេត្តមណ្ឌលគិរី ដែលមានសមត្ថភាពអាចស្តុបទឹកទុកបានប្រមាណ ១.២លានម៉ែត្រគីប សម្រាប់ទុកទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ និងមានការរៀបចំប្រព័ន្ធធារាសាស្ត្រជាច្រើនទៀត ដើម្បីស្តុបទឹកទុកជួយដល់កសិករផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាចក្ខុវិស័យ​នៃការ​អនុវត្តផលិតកម្មកសិកម្មរួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម និងមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។ កម្មវិធីគោលនយោបាយនេះ ត្រូវបានរំពឹងទុកថានឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ក៏ដូចជានឹងបង្កើនប្រសិទ្ធភាពផលិតកម្មប្រកបដោយភាតរបរិស្ថាន និងចីរភាព៕