(ស្វាយរៀង)៖ លោក លីជុន សាវ (Lijun shao) ជំនួយការអ្នកគ្រប់គ្រងទូទៅនៃតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង បានឱ្យដឹងថា ក្រុមហ៊ុនចូលរួមអនុវត្តច្បាប់របស់កម្ពុជា ហើយក្រុមហ៊ុនត្រូវបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រសហគ្រាស។ ដោយទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ក្រុមហ៊ុនបានរៀបចំបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យមុនគេ ដែលធានាថាសំណល់រាវបញ្ចេញពីរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មិនមានជាតិពុល មុននឹងការបង្ហូរចេញទៅតាមប្រឡាយសាធារណៈ។

នៅក្នុងឱកាសដែលក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានចុះទៅពិនិត្យការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤, លោកបានគូសបញ្ជាក់ថា៖ «មុនទឹកបង្ហូរទៅប្រឡាយ ត្រូវបានឆ្លងការត្រួតពិនិត្យគុណភាព និងសុវត្ថិភាព ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ។ ពួកខ្ញុំអភិវឌ្ឍន៍មែន តែពួកខ្ញុំអត់ចោលចំពោះការគិតគូរដល់សុខភាពប្រជាជន បរិស្ថាន ធម្មជាតិ និងភាពបៃតងនោះទេ»។

លោកបានឱ្យដឹងថា ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់នេះ មិនមានការបង្ខិតបង្ខំពីសំណាក់ក្រសួងនោះទេ តែជាការចូលរួមអនុវត្តច្បាប់ជាធរមាន ដោយខ្លួនឯង ដើម្បីធ្វើយ៉ាងណាទប់ស្កាត់​ការបញ្ចេញសំណល់រាវដែលមានជាតិពុលទៅខាងក្រៅ ដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋរស់នៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសនេះ។ យើងចង់បានតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រ សហគ្រាស ផ្សេងទៀត ចូលរួមបំពាក់ឧបករណ៍នេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន លើវិស័យបរិស្ថាន និងអាចក្លាយជាចំណែកមួយសម្រាប់ទាក់ទាញអ្នកវិនិយោគិនឱ្យមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា។

បើតាមលោកស្រី ម៉េច សិរីរ័ត្ន រស់នៅជាប់នឹងតំបន់សេដ្ឋកិច្ចពិសេសនេះ បានសម្តែងក្តីអស់បារម្ភ ដោយបានថ្លែងថា នេះជាការគិតគូរដល់បរិស្ថាន និងសុខភាពរបស់ប្រជាជន ដែលពឹងអាស្រ័យទឹក មច្ឆា និងជីវៈចម្រុះនៅតាមប្រឡាយ ព្រែក ស្ទឹងបឹងបួរ នៅពេលនៅតាមរោងចក្រសហគ្រាសបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់។

«បើបញ្ចេញជាតិពុលមកតាមប្រឡាយព្រែក ដែលខ្ញុំប្រើប្រាស់ទឹក និងប្រកបរបរនេសាទ គឺពួកខ្ញុំអត់គាំទ្រនោះទេ! ដូច្នេះបើមានការដាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានជាតិពុល គឺជាការល្អណាស់!»។ នេះជាការលើកឡើងរបស់លោកស្រី ម៉េច សិរីរ័ត្ន។

នៅក្បែរតំបន់សេដ្ឋកិច្ចក្រុងបាវិតនេះ មានប្រជាពលរដ្ឋ រស់នៅ និងប្រើប្រាស់ទឹកពីព្រែកមួយ ដែលមានឈ្មោះថា «ព្រែកល្ពៅ» ដែលងាយមានហានិភ័យនៃការបំពុលប្រសិនបើមិនមានការគ្រប់គ្រងសំណល់របស់រោងចក្រឱ្យបានត្រឹមត្រូវ។សម្រាប់លោកស្រី ចាន់ លីដា ដែលមានផ្ទះសម្រាប់ជួលបន្ទប់ឱ្យកម្មករនិយោជិត និងអ្នកលក់ដូរនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត បានសម្តែងមតិសារទរចំពោះការអនុវត្តច្បាប់របស់រោងចក្រសហគ្រាសនានា។ លោកស្រីសំដែងការត្រេកអរនៅពេលមានការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យជាតិពុល ដែលអាចជួយកុំឱ្យមានផលប៉ះពាល់ដល់សុខភាព និងអាយុជីវិត របស់មនុស្សសត្វនៅក្នុងតំបន់ក្បែរឧស្សហកម្ម។ ចំណែកការរកត្រីនៅតំបន់នោះទៀតសោត ក៏មិនមានបញ្ហាអ្វីកើតឡើងដែរ។

សូមបញ្ជាក់ថា ឧបករណ៍​ស្វ័យត្រួត​ពិនិត្យ​តាម​ដាន​ការ​បញ្ចេញ​សំណល់​រាវ និងការ​បង្ហូរ​ទឹក​កខ្វក់​ចេញ​ពី​រោងចក្រ​កំពុង​តែ​ត្រូវ​បាន​បំពាក់​ទៅ​តាម​ការ​ស្នើសុំ​របស់​រោងចក្រ​សហគ្រាស​ចំនួន១១១ ដែល​នេះ​ជា​ការ​ធ្វើ​ទំនើបកម្ម នៃ​ការ​តាម​ដាន​ត្រួត​ពិនិត្យ ការ​បំពុល​បរិស្ថាន​ពី​ចម្ងាយ។

ការ​បំពាក់​ឧបករណ៍​នេះ​គឺ ដើម្បី​បញ្ចៀស​ការ​លេច​ជ្រាប​ ឬ​ការ​លួច​បង្ហូរ​សំណល់​រាវ ដែល​មាន​សារធាតុ​ពុល​ចេញ​ពី​រោងចក្រ​សហគ្រាស ចូល​ទៅ​ក្នុង​ប្រភព​ទឹក​ធម្មជាតិ។ ក្រសួង​បរិស្ថាន​តម្រូវ​ឱ្យ​គ្រប់​រោងចក្រ​សហគ្រាស (ប្រភេទប្រភពបំពុលសក្តានុពល) ត្រូវអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិត្រង់មាត្រា២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតការបំពុលបរិស្ថាននៅប្រភពបំពុលសក្តានុពល ព្រមទាំង​លិខិត​បទដ្ឋាន​ច្បាប់​ពាក់ព័ន្ធ​នានា ដែល​បាន​ដាក់​ចេញ​កន្លង​មក។

ការ​ធ្វើ​ទំនើបកម្ម​នៃ​ការ​តាមដាន​ និង​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន​ពី​ចម្ងាយ​ទៅ​លើ​ទីតាំង​ក្រុមហ៊ុន រោងចក្រ​សហគ្រាស ដែល​ជា​ប្រភព​នៃ​ការ​បញ្ចេញ​សំណល់ (រាវ) ដែល​បង្ក​ហានិភ័យ​ខ្ពស់​ដល់​បរិស្ថាន​នេះគឺ​សំដៅ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។ លើស​ពី​នោះ វា​ក៏​ជួយ​កាត់​បន្ថយ​ការ​ចុះ​ត្រួត​ពិនិត្យ​របស់​មន្រ្តី​ជំនាញ ដែល​អាច​បង្កការ​រំខាន​ដល់​វិនិយោគគិន។ ការ​តម្រូវ​ឱ្យ​បំពាក់​ឧបករណ៍​ស្វ័យ​ត្រួត​ពិនិត្យ​នៅ​ត្រង់​ចំណុច​បញ្ចេញ​សំណល់ នៅ​តាម​ប្រភព​បំពុល​ទាំង​អស់ គឺ​ដើម្បី​ធ្វើ​ការ​វាស់​ស្ទង់​បរិមាណ និងកម្រិត​សារធាតុ​បំពុល​បញ្ចេញ និងបញ្ជូន​ទិន្នន័យ​មក​ក្រសួង​បរិស្ថាន​តាម​ប្រព័ន្ធ​អនឡាញ (Online) ដោយ​ស្វ័យប្រវត្តិ។

សូមបញ្ជាក់ថា ឧបករណ៍ស្វ័យត្រួតពិនិត្យ គឺជាមធ្យោបាយដ៏មានសារៈសំខាន់ ក្នុងការជួយបង្កលក្ខណៈងាយស្រួលដល់ក្រសួងបរិស្ថាន នូវក្នុងការតាមដាននិងការត្រួតពិនិត្យទប់ស្កាត់ និងចាត់វិធានការបានទាន់ពេលវេលា នូវពេលមានករណីលេចជ្រាប ឬការលួចបង្ហូរទឹកកខ្វក់ ឬក៏សារធាតុរាវពុល ចេញពីរោងចក្រណាមួយៗ ដែលបានបំពាក់នូវឧបករណ៍នេះរួច ដោយមិនចាំបាច់មានមន្រ្តីជំនាញចុះមកត្រួតពិនិត្យដោយផ្ទាល់នោះទេគឺ៖ រាល់ទិន្នន័យទាំងអស់ នឹងត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រសួង។ហើយទិន្នន័យទាំងនោះទោះ ក្នុងករណីអសកម្មពីបច្ចេកទេសណាមួយ ក៏ឧបករណ៍នេះបញ្ជូននិងផ្តល់សញ្ញាទៅក្រសួងបរិស្ថានភ្លាមៗ។

នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ សរសរស្ដម្ភទីមួយ ភាពស្អាត គឺសំដៅធ្វើយ៉ាងណាឱ្យកម្ពុជាស្អាតនៅលើដី ភាពស្អាតលើដែនទឹក និងស្អាតនៅលើអាកាស ដែលធ្វើឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខភាពប្រជាពលរដ្ឋផង ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជាផងដែរ៕