Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការចាប់អារម្មណ៍ របស់គណៈប្រតិភូធុរកិច្ចអាមេរិក លើការវិនិយោគនាំចេញផលិតផលកសិកម្ម និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ

10-09-2024 14:37

(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក បានគោរពជម្រាបជូនសម្ដេចធិបតី អំពីដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជា នាពេលនេះ មានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូធុរកិច្ចនៅកម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ជាដើម។

ជាមួយគ្នានេះ គណៈប្រតិភូក៏មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំនៅកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក បានសម្រេចបង្កើតការិយាល័យតំណាងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការសម្របសម្រួល ជូននិស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សា នៅសហរដ្ឋអាមេរិកផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិក ក្នុងការស្វែងរកឱកាសវិនិយោគ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងអាទិភាពរបស់រាជរដ្ឋាភិបាល ចំពោះវិស័យកសិកម្ម ដូចជា៖ កញ្ចប់លើកទឹកចិត្តផ្នែកពន្ធ សម្រាប់វិស័យកសិកម្ម ការធ្វើទំនើបកម្ម វិស័យកសិកម្ម ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅតាមមូលដ្ឋាន ការបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងប្រព័ន្ធឡូជីស្ទីក និងហេដ្ឋារចនាសម្ព័ន្ធ សំដៅចូលរួមកាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែង នៃផលិតផលកសិកម្មរបស់កម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់គណៈប្រតិភូធុរកិច្ចអាមេរិក ឲ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យកសិកម្ម វិស័យអប់រំ និងវិស័យសក្ដានុពលផ្សេងៗទៀតនៅកម្ពុជា៕

<div cla