(ក្រចេះ)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីទិវា មនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ១តុលា លើកទី១៨ នៅសាលមហោស្របខេត្ត។ ពិធីនេះត្រូវបានធ្វើឡើងដោយមានការ ចូលរួម ពីលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តក្រចេះ លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច លោកអនុប្រធាន មន្ទីរជុំវិញខេត្ត និងមនុស្សចាស់៣៥០នាក់ ផងដែរ។
លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់ អន្តរជាតិ១តុលាឆ្នាំ២០១៦ ក្រោមប្រធានបទ «សមាគមមនុស្សចាស់ ជាយន្តការដ៏សំខាន់ជួយអភិវឌ្ឍន៍ សុខមាលភាពមនុស្ស ក្នុងសហគមន៍» ហើយទិវា១តុលា គឺជាទិវាដែលបណ្ដាប្រទេសទាំងអស់ លើពិភពលោក ដែលជាសមាជិកអង្គការសហប្រជាជាតិ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរដែលសុទ្ធតែត្រូវបានយកចិត្តទុកដាក់ យ៉ាងខ្លាំងបំផុតក្នុងការប្រារព្ធទិវាមនុស្សចាស់កម្ពុជា ដោយកំណត់យកថ្ងៃ១តុលា ជារៀងរាលឆ្នាំ ស្របតាមសេចក្ដីសម្រេច របស់អង្គការសហប្រជាជាតិ។
លោកប្រធានមន្ទីរ បន្ដថា ទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ១តុលា នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរម្លឹកនូវគុណូបការះ ដែលមិនអាចកាត់ថ្លៃបាន ព្រោះមនុស្សចាស់ គឺជាធនធានដមានសារៈសំខាន់បំផុត ដែលកន្លងមកមនុស្សចាស់ បានផ្ដល់ចំណេះដឹងបទពិសោធន៍ ជាច្រើនលើស លុប សម្រាប់មនុស្សជំនាន់ក្រោយជាបន្តបន្ទាប់ ហើយមនុស្សចាស់បានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីថែរក្សានូវសមិទិ្ធផលជាតិ ស្នាដៃប្រវត្តិសាស្រ្តទាំងឡាយ សម្រាបមនុស្សជាតិទូទៅ។
សូមបញ្ជាក់ថា ក្នុងពិធីប្រារពទិវាមនុស្សចាស់នេះ លោក ចាន់ សុគុណ ប្រធានមន្ទីរ បាននាំយកអំណោយចែកជូនមនុស្សចាស់ និងចាស់ជរាចំនួន៣៥០នាក់ ក្នុង១នាក់ទទួលបាន ភួយ១ ក្រម៉ា១ និងថវិកាចំនួន១០,០០០រៀល ផងដែរ៕